Yearendyearend1140x150

កម្ពុជាកំពុងពន្លឿនរៀបចំ«មន្ទីរពេទ្យបម្រុង»សម្រាប់ព្យាបាលជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កំពុងតែដំណើរការយ៉ាងយកចិត្តទុកដាក់ តាមបទបញ្ជារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។នេះបើយោងតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតំរូវការចាំបាច់។បើតាមឯកឧត្តម ក្រុមការងារបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះអាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន​។ ​

យ៉ាងណាក៏ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ពីចំនួនមន្ទីពេទ្យដែលគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩កំពុងតែរៀបចំនោះទេ។តែកាលពីពេលថ្មីៗនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានចេញបញ្ជាឱ្យក្រុមអ្នកជំនាញជ្រើសរើសយកមន្ទីរពេទ្យសណ្ឋាគារចំនួន២ទៀត ដើម្បីប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជារបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់ នៅទីតាំងអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ដោយបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។បេសកកម្ម៣៣ម៉ោងប្រែក្លាយសណ្ឋាគារ THE GREAT DUKE ទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចទទួលអ្នកជំងឺរហូតជាង៥០០នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៥៦នាក់ ហើយអ្នកស្លាប់ចំនួយម្នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង