Cct850x100 1
1800px x h300px kh

គ្រឹះស្ថានអប់រំបារម្ភពីគុណភាពសិក្សារបស់សិស្ស ខណៈក្រសួងថាគុណភាពអាស្រ័យការចូលរួម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យមានប៉ះពាល់ដល់គុណភាពសិក្សាបន្ថែមទៀត ដោយសារការតែការបិទគ្រឹស្ថានសិក្សាហើយសិស្សបន្តរៀនតាមអនឡាញ។តែអ្នកនាំពាក្យក្រសួងអប់រំ គុណភាពអប់រំ អាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជួយពង្រឹងការរៀនសូត្រដល់សិស្ស។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសហគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហាក់ដូចជាធ្ងន់ធ្ងរជាងមុន ហើយព្រឹត្តិការណ៍នេះបើគិតពីបរិមាណឆ្លងកាន់តែកើនឡើងច្រើនទៅៗ រីករាលដាលនៅតាមខេត្តមួយចំនួន ហើយបរិមាណឆ្លងប្រហែលជាង៦០នាក់ ការកើនឡើងនេះនឹងកំពុងឡើងតទៅទៀត។ បញ្ហាទាំងនេះដែលជាកត្តានៃប៉ះពាល់ដល់គុណភាពសិក្សាបន្ថែមទៀត ព្រោះទាំងគ្រូនិងសិស្សមានអារម្មណ៍ភិតភ័យ ដូច្នេះការបិទសាលាប្តូរមករៀនអនឡាញលើកនេះមានការថយចុះនូវគុណភាពសិក្សារបស់សិស្ស។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា ដោយគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល គ្រឹះស្ថានអប់រំចាប់តាំងពីថ្ងៃទី២០កុម្ភៈបានផ្អាកការបង្រៀននៅតាមសាលាប្តូរមកបង្រៀនតាមអនឡាញ។ ដោយមើលឃើញថាការឡើងលើកនេះគឺមានសភាពធ្ងន់ធ្ងរ មិនដឹងថាប្រើរយៈពេលប៉ុន្មានខែទៀត ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍នេះទេ។ ដូច្នេះតាមសាលាមួយៗ ក៏កំពុងតែរៀបចំនូវយុទ្ធសាស្រ្តនិងចំណាយរបស់ខ្លួន។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថា ជាក់ស្តែង បុគ្គលិកមួយចំនួនត្រូវរំសាយ ទុកតែបុគ្គលិក២ទៅ៣នាក់និងគ្រូមួយចំនួនដែលបង្រៀនតាមអនឡាញ។ បើសភាពការណ៍នេះកើនតែធ្ងន់ធ្ងរថែមទៀត គ្រូទាំងអស់នឹងត្រូវបង្រៀនអនឡាញតាមផ្ទះរៀងៗខ្លួន ដោយមិនអាចនៅជួបជុំគ្នាបាន។ ដោយឡែកប្រាក់ខែរបស់គ្រូនៅទាំងអស់ ពោលគឺមិនកាត់បន្ថយប្រាក់ខែទេ ទោះបីជាខាងសាលាជួបនូវផលលំបាកក្នុងការចំណាយលើឈ្នួលផ្ទះ ឬអគារសាលា និងការប្រាក់ធនាគារក៏ដោយ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គុណភាពអប់រំជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កតា្តសង្គមសំដៅដល់សង្គមសាលារៀន សង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។ ដូចនេះ គុណភាពអប់រំ អាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម រស់ សុវាចា បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយ:គ្រប់រូបភាព អមដោយកិច្ចសហការវិជ្ជមានជាមួយគ្រប់ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងគ្រប់តួអង្គពាក់ព័ន្ធ។ ដោយឡែក សង្គមគ្រួសារមានតួនាទីសំខាន់មួយក្នុងការជួយពង្រឹងការរៀនសូត្រ មុននិងក្នុងបរិការណ៍កូវីដ-១៩។

សូមបញ្ជាក់ថា តាំងពីសម័យកូវីដមានសិស្សមួយចំនួនបានបោះបង់ចោលនូវការសិក្សាប្រហែលជា២០% និងសិស្សានុសិស្សាប្រហែល៣០%បានផ្អាកនូវការបង់ប្រាក់។ ចំណែកសិស្សនិស្សិតសាកលវិទ្យាល័យ ចំនួនសិស្សធ្លាក់ចុះតាំងពីការចុះឈ្មោះថ្នាក់មូលដ្ឋានមក។នេះបើតាមការថ្លែងរបស់លោកបណ្ឌិត ហេង វ៉ាន់ដា៕

Khcct banner

អត្ថបទទាក់ទង