Cct850x100 1
1800px x h300px kh

ខេត្តកំពង់ចាម ផ្អាកមង្គលការ ជប់លៀង ការជួបជុំសាសនា២សប្ដាហ៍សិន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញលិខិតផ្អាកមិនឱ្យមានការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានានាជាបណ្ដោះអាសន្នរយៈពេល ២សប្តាហ៍ ដើម្បីជាការងាយស្រួលក្នុងការទប់ស្កាត់កុំឱ្យមានការរាលដាលនៃជំងឺកូវីដ១៩។

ដោយសារតែស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងតែរីករាលដាលនៅតាមបណ្ដារាជធានីខេត្ត ដូច្នេះដើម្បីជាវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសផ្អាកការប្រារព្ធមង្គលការ ការជប់លៀង ការជួបជុំបែបសាសនានានាក្នុងរយៈពេល២សប្ដាហ៍។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ការផ្អាកបណ្ដោះអាសន្ននេះ ក៏ដោយសារតែនៅមានប្រជាជនខ្លះ នៅតែបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនា ដែលមានការប្រមូលផ្ដុំមនុស្សច្រើន គួបផ្សំមានប្រជាជននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តត្រឹមត្រូវតាមវិធានការ«៣កុំ ៣ការពារ»។

សូមជម្រាបជូនថា រដ្ឋបាលខេត្តកំពង់ចាម ទើបតែចុះផ្អាកអាជីវកម្មសិប្បកម្មឡឥដ្ឋមួយកន្លែង នៅភូមិអូរកណ្តា ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីរកឃើញបុរសម្នាក់មានវិជ្ជមានកូវីដ-១៩ ចូលទៅស្នាក់នៅជាមួយក្រុមគ្រួសារក្នុងសិប្បកម្មនោះ ខណៈថ្ងៃនេះកម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៩នាក់ថែមទៀត ធ្វើឱ្យចំនួនសរុបកើនដល់ ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៦៥នាក់៕ 


ពាក្យទាក់ទង: មង្គលការ
Khcct banner

អត្ថបទទាក់ទង