Yearendyearend1140x150

អាជីវកម្មទេសចរណ៍ដែលមិនសហការការទប់ស្កាត់កូវីដ១៩នឹងត្រូវដកហូតអាជ្ញាបណ្ណទេសចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ KHMER TOMORROW

ភ្នំពេញ៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិដកហូតអាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្មចំពោះមូលដ្ឋានអាជីវកម្មទាំងឡាយដែលមិនសហការក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែមចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំ។

វិធានការបានចែងថា ចំពោះភ្ញៀវទេសចរជាជនបរទេស ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ស្របតាមខ្លឹមសារមាត្រា៥០ និងមាត្រា៦៨ នៃច្បាប់ស្តីពីទេសចរណ៍ បានចែងថា "ទេសចរ ឬអ្នកដំណើរកម្សាន្តដែលប្រព្រឹត្តល្មើសនឹងមាត្រា៥០ នៃច្បាប់នេះ អាចត្រូវលុបចោលទិដ្ឋាការទេសចរណ៍ ហើយបណ្ដេញចេញ ឬហាមឃាត់វត្តមានក្នុងតំបន់គោលដៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកំណត់ណាមួយដែលមិនលើសពី ០៥ (ប្រាំ) ឆ្នាំ ឬជាអចិន្ត្រៃយ៍"។

សេចក្តីប្រកាសបន្តថា ចំពោះភ្ញៀវទេសចរជាជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ចំណែកឯទីតាំងអាជីវកម្មទេសចរណ៍ ត្រូវដកហូតអាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្មក្នុងទីតាំងស្របតាមខ្លឹមសារមាត្រា៤៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីទេសចរណ៍។ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិដាក់ចេញនូវវិធានការអនុវត្តខាងលើនេះចំពោះមូលដ្ឋានអាជីវកម្មទាំងឡាយដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង