Yearendyearend1140x150

សិស្សសាលាមួយកន្លែងក្នុងខេត្តសៀមរាប៤៩នាក់ដួលសន្លប់ ដោយមិនដឹងពីមូលហេតុច្បាស់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

សៀមរាប៖ សិស្សានុសិស្សនៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ក្នុងខេត្តសៀមរាប ចំនួនសរុប៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយពួកគេទាំងអស់នោះ បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃដដែល។ នេះបើយោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប។

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បញ្ជាក់ថាតាមរបាយកាណ៍របស់គ្រុពេទ្យ តាមរយៈការរាយការណ៍របស់ លោកគ្រូនៅកន្លែងកើតហេតុថា ដំបូងឡើយមានក្មេងស្រីម្នាក់ មានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយមិត្តភក្តិគាត់បានមកអោប និងជួយគាត់ ព្រមទាំងមានភ័យខ្លាច ហើយបន្ទាប់មក មិត្តភក្តិខ្លះក៏យំ និងខ្លះទៀតក៏សន្លប់ផងដែរ។

ក្រោយការពិនិត្យសុខភាព និងសង្គ្រោះបឋមរួចមក បង្ហាញថា បរិមាណជាតិស្ករ សម្ពាធឈាម និងអុកស៊ីសែន គឺមិនមានបញ្ហានោះទេ។ ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានបឋមថា ជាការភ័យតៗគ្នា តែចំពោះសិស្សម្នាក់ ដែលមានអការៈដំបូងគេ គឺគ្រូពេទ្យកំពុងសាកសួរក្រុមគ្រួសារអំពីសុខភាពគាត់នាពេលកន្លងមក និងត្រូវបន្តតាមដានបន្ថែមទៀត។

ដោយឡែក មាតាបិតាសិស្ស និងចាស់ព្រឹទ្ធាចារ្យនៅទីនោះ យល់ឃើញថា មកពីជំនឿអរូបិយ រហូតពួកគាត់បាននាំគ្នាសែនព្រេន ដោយហេតុថា ពួកគាត់បានលឺកូនសិស្សទាំងនោះ ថាបានឃើញរូបភាពចម្លែកៗ គួរឲ្យភ័យខ្លាច និងប្រឡាក់ឈាម បានបង្ករឲ្យមានការភ័យស្លន់ស្លោ រវើរវាយ និងដួលសន្លប់ជាបន្តបន្ទាប់។

ទោះបីជាយ៉ាងនេះក្តី លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហានេះកើតឡើង៕

ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង