Cct850x100 1
1800px x h300px kh

ការលក់របស់អាជីវករក្នុងផ្សារមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារCovid-19

សង្គម
/
អ្នកយកព័ត៌មាន:
ឌី​​ ចិន្តា
/

ភ្នំពេញ៖ នាពេលកំពុងតែមានជំងឺ Covid-19 បានកំពុងវាយលុកទូទាំងពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ ដែលធ្វើឱ្យទីផ្សារសេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងគំហុក។ ដូចនេះបើចង់ដឹងច្បាស់ពីការដំណើរការ អាជីវកម្មក្នុងផ្សារមួយចំនួន នៅរាជធានីភ្នំពេញ ដែលស៊ីស៊ីថាមស៍បានធ្វើបទសម្ភាសន៍ជាមួយអ្នកទាំងអស់នោះអំពីការធ្លាក់ចុះនៃចំនួនអ្នកដើរផ្សារព្រោះភ័យខ្លាចនូវជំងឺ Covid-19 នេះ។

លោក អ៊ឹង ឡាយឈៀ អាយុ ៤៨ឆ្នាំ ជាមេចុងភៅនៅហាងគុយទាវអូរឬស្សី បាននិយាយថា ហាងលក់គុយទាវនេះ ពីមុនមកធ្លាប់លក់ដាច់ជាគុយទាវបាន៥០គីឡូ ក្នុងមួយថ្ងៃ។ តែឥឡូវត្រឺមតែ៣០ទៅ៣៥គីឡូ ក្នុងមួយថ្ងៃ នៅលក់មិនទាន់អស់ទៀត។ វាធ្លាក់ពី៣៥%ទៅ៤០% តាំងពីមានការវាយលុកនៃមេរោគCovid-19។ ពីមុន នៅពេលដែលលក់គឺមានភ្ញៀវពេញៗ ស្ទើរតែគ្រប់ពេល តែប៉ុន្មានខែតាំងពីចូលឆ្នាំចិន ផ្ទុះ Covid-19 មក មិនសូវមានភ្ញៀវមកឡើយ។ នេះបណ្ដាលមកពី ការផ្អើលនៅជំងឺនេះ ហើយពួកគាត់ភ័យខ្លាចមិនចេញមកហូបអីនៅក្រៅ។

លោក ឡាយឈៀវ បន្ដថា ការផ្អើលពីជំងឺ Covid-19 នេះ តាមប្រព័ន្ធបណ្ដេញសង្គមមានលក្ខណៈលឿនខ្លាំង ដែលមានទាំងព័ត៌មានពិត និងក្លែងក្លាយផងដែរ ធ្វើឱ្យពលរដ្ឋមួយចំនួនភ័យខ្លាចហួសហេតុពេក ដោយមិនហ៊ានចេញដើរចេញក្រៅដូចសព្វដងឡើយ។ បើមានភ្ញៀវ ភាគច្រើនជាភ្ញៀវធ្លាប់ចូលមកបរិភោគពីមុន មិនសូវមានអ្នកក្រៅឡើយ ព្រោះពួកគាត់មិនចេញញ៉ាំផ្ដេសផ្ដាសឡើយ។

លោក ឈុល ប៊ិច អាយុ៣៨ឆ្នាំ មកពីខេត្តព្រៃវែង ជាអ្នកលក់នំប៉័ងប៉ាត់ចល័តតាមគ្រប់កន្លែងក្នុងផ្លូវអូរឬស្សី បាននិយាយថា ផ្លូវដែលគាត់លក់រាល់ថ្ងៃ សុទ្ធតែមនុស្ស ហើយមានម៉ូតូ ឡាន ជិះឆ្វាត់ឆ្វែង តែពេលផ្ទុះជំងឺ Covid-19 ហ្នឹងមក ផ្លូវនេះបែរជាទូលាយ មិនសូវមានការចេញដើរខាងក្រៅច្រើនទេ។ ចឹងហើយ ការលក់របស់ពួកគាត់ ក៏ដូចជាខ្ញុំផងនោះ មិនសូវកាក់កបឡើយ។

លោក ឈុល ប៊ិច បន្ដថា ពីមុនមិនទាន់មានជំងឺឆ្លងនេះ ខ្ញុំធ្លាប់លក់នំប៉័ងក្នុងមួយថ្ងៃអស់៣០ដើម តែវាធ្លាក់នៅត្រឹម១៥ដើមវិញ។ ទោះយ៉ាងនេះក្ដីក៏គាត់នៅតែបន្ដការលក់ ព្រោះបើមិនលក់គ្មានប្រាក់ចំណូលឯណាផ្គត់ផ្គង់ដល់គ្រួសារ ណាមួយកូនរៀន ណាមួយថ្ងៃស៊ីចាយវាយប្រចាំថ្ងៃ។ បើមានករណីធ្ងន់ធ្ងរជាងនេះទៀត ក៏គាត់នៅតែបន្ដលក់ ដោយគ្រាន់តែកាត់បន្ថយបរិមាណនំប៉័ងទៅបានហើយការពារខ្លួនពីជំងឺនេះដូចគេដូចឯង។

អ្នកនាង ស៊ីណាត ជាអាជីវករលក់ភេសជ្ជៈនៅតាមផ្ទះ ផ្លូវផ្សារអូរឬស្សី បានផ្ដល់បទសម្ភាសន៍មកស៊ីស៊ីថាមស៍ថា គាត់លក់មិនសូវដាច់ទេ អ្នកដែលមកទិញ ភាគច្រើនជាម៉ូយហើយធ្លាប់មកទិញរហូត។ ហើយក៏មិនសូវមានអ្នកចេញក្រៅច្រើនដែរ គេអាចជាទិញភេសជ្ជៈទុកស្ដុកក្នុងផ្ទះ ដែលជាហេតុធ្វើឱ្យការលក់របស់គាត់មានការធ្លាក់ចុះយ៉ាងខ្លាំង។ ជាធម្មតា ពីមុនមានជំងឺ Covid-19 កាហ្វេលក់បានកន្លះគីឡូក្នុងមួយថ្ងៃ តែឥឡូវលក់បានត្រឹមតែ២ខាំកន្លះ នៅមិនទាន់អស់ទៀត អាចលក់ដល់មួយថ្ងៃក្រោយទៀត។

អ្នកនាង បន្ដថា មុនមានជំងឺនេះ គាត់មានគម្រោងថាចង់បន្ថែមមុខរបរការលក់ដូររបស់គាត់ឱ្យធំជាងនេះ តែដល់មានបញ្ហានេះកើតឡើងមក ការរកស៊ីរាំងស្ទះហើយ ទើបគាត់បានផ្អាកគម្រោងនេះ រង់ចាំឱ្យស្ថានភាពនេះស្ងប់ទៅវិញ។ ណាមួយ ពេលមានជំងឺនេះទៀត អ្នកធ្វើការមួយចំនួន ត្រូវបានបាត់បង់ការងារធ្វើ ហេតុនេះពួកគាត់គ្មានថវិកាច្រើនដូចមុន ដើម្បីស៊ីចាយតាមចិត្តដូចមុនឡើយ។

អ្នកនាង ស៊ីណាត បន្ថែមទៀតថា រាល់ថ្ងៃ ពេលមានជំងឺនេះលុកលុយមក ខ្ញុំ និងគ្រួសារខ្ញុំដែលមានទទួលការជុសជួលគ្រឿងអេឡិចត្រូនិច ក៏បាត់ម៉ូយផងដែរ។ ជំងឺនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថរបស់ប្រជាពលរដ្ឋផងដែរ។ ខ្ញុំរាល់ថ្ងៃ មានតែបន្ដការលក់ដូរដូចរាល់ដង ហើយព្យាយាមការពារខ្លួនដោយលាងដៃឱ្យបានទៀងទាត់ និងពាក់ម៉ាសផងដែរ។ ហើយគាត់បន់តែឱ្យជំងឺបានកំចាត់ចេញឱ្យអស់ពីប្រទេសជាតិទាំងមូល។

កញ្ញា ច័ន្ទ សុផា អាយុ ២៥ឆ្នាំ ជាឱសថការី និងអាជីវករលក់បោះដុំនៃសម្ភារៈបរិក្ខារពេទ្យ និយាយថា គាត់លក់ដាច់ខ្លាំង គឺអាល់កុល ទឹកលាងដៃ និងម៉ាស ហើយផលិតផលផ្សេងៗទៀត លក់ធម្មតាៗ។ គាត់សង្កេតឃើញថា ការលក់របស់គាត់មានការធ្លាក់ចុះ បើធៀបទៅនឹងមុនចូលឆ្នាំចិនមក។

កញ្ញា សុផា អះអាងថា ក្នុងមួយថ្ងៃ ដែលធ្លាប់លក់បាន១០ ឥឡូវនៅសល់តែ ៥ ប៉ុណ្ណោះ។ នេះបង្ហាញថា ជំងឺនេះធ្វើឱ្យសេដ្ឋកិច្ចមានបញ្ហាខ្លាំង ជាពិសេសអាជីវករតែម្ដង។ រាល់ថ្ងៃ ពួកខ្ញុំយកចិត្តទុកដាក់នឹងការការពារជំងឺនេះ ដោយរក្សាអនាម័យខ្លួនប្រាណ ហាត់ប្រាណ និងហូបអាហារឱ្យគ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំសរីរាង្គឱ្យបានរឹងមាំ និងរឹងប៉ឹង។

កញ្ញា យ៉ាង សុជាតា ជាអ្នកលក់នៅក្នុងផ្សារអូរឬស្សី ពួកគាត់នៅផ្ទះ ជំនួសការមកទិញអីវ៉ាន់នៅផ្សារ។ ការបាត់បង់ម៉ូយ អ្នកទិញច្រើននេះ បណ្ដាលមកពីភាពភ័យខ្លាច និងបារម្ភពីសុវត្ថិភាពរបស់ពួកគាត់។ នៅពេលមានបញ្ហានេះ ក្នុងនាមជាអាជីវករដែលធា្លប់ដាច់ខ្លាំង តែឥឡូវបែរតែស្ងាត់ខ្លាំង គាត់មានអារម្មណ៍ថា ពិបាកចិត្ត។

កញ្ញាដែលមានអាយុ២៦ឆ្នាំ រូបនេះ បានបន្ថែមថា មិនមែនតែតូបខ្ញុំ ដែលមិនលក់ដាច់ មានគ្រប់គ្នាដែលនៅជាប់តូបគ្នា តែងតែត្អូញពីអវត្តមានអ្នកមកទិញអីវ៉ាន់ក្នុងផ្សារធ្លាក់ចុះយ៉ាងខ្លាំងតែម្ដង។

កញ្ញា ច្រឹប និងកញ្ញា ស្រីងឹត ជាអ្នកលក់នំប៉័ងដើរចល័តក្នុងផ្សារអូរឬស្សី និយាយពីការលក់របស់គាត់គឺមិនសូវដាច់ឡើយ ធ្លាប់តែលក់បាន១០ ឥឡូវនៅតែ៥ ហើយលក់មិនទាន់អស់ទៀត។ ពួកគាត់ធ្លាប់លក់បានប្រាក់ចំណេញ ៥-៦ម៉ឺន ក្នុងមួយថ្ងៃ តែឥឡូវនេះ ពួកគាត់លក់បានត្រឹមតែ ២ម៉ឺនប៉ុណ្ណោះ។

សូមបញ្ជាក់ថា កញ្ញាទាំងពីរ និយាយថា មូលហេតុការភ័យខ្លាចជំងឺ Covid-19 ធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការឡើងផ្សារ នោះធ្វើឱ្យអ្នកលក់ក្នុងតូបលក់មិនសូវដាច់ ហើយគ្មានប្រាក់ចំណូលមិនបានជួយទិញ ទើបពួកគាត់លក់មិនដាច់ដូចគ្នា។ ហើយម្យ៉ាងទៀត ធម្មតាតូបនៅផ្សារ តូបមួយចំនួន ម៉ោងយប់នៅតែបើក ដោយសារមានអ្នកចម្ងាយចូលទិញ តែឥឡូវត្រឹមម៉ោង៥កន្លះល្ងាចអី គេចាប់ផ្ដើមបិទតូបហើយ គ្មានមនុស្សហ៊ានដើរច្រើនឡើយ។ អ្នកធូរធារ គេទិញឥវ៉ាន់ទុកនៅផ្ទះហើយ ឬទិញតាម Online ជំនួសការឡើងផ្សារវិញ។

លោក សេង ជាម្ចាស់បណ្ណាគារមួយកន្លែងនៅក្នុងផ្សារអូរឬស្សី បាននិយាយថា ពេលចូលឆ្នាំចិនហើយ បាត់អ្នកទិញ មិនសូវមានអ្នកមកផ្សារទេ ហើយអ្នកដែលដើរទិញអីវ៉ាន់ ដែលធ្លាប់ដើរ ៣-៤ដងក្នុងមួយថ្ងៃ តែឥឡូវដើរតែម្ដងវិញ ដោយកាត់បន្ថយការដើរផ្សារ ជាពិសេសក្មេងៗ ព្រោះជំងឺខូវីដ-១៩ វាយលុកពេក។

លោក សេង បន្ថែមថា ក្នុងបណ្ណាគាររបស់គាត់ កាលពីមុនលក់ដាច់សៀវភៅ គ្រឿងប្រើប្រាស់ក្នុងរោងចក្រដូចជា ម៉ាស៊ីនបាញ់ ខ្ចៅ... តែដល់ពេលមានជំងឺនេះមក គេបិទរោងចក្រផង ធ្វើឱ្យលក់មិនសូវដាច់ ធ្លាក់ចុះខ្លាំង តែទៅជាសម្រុកលក់ទឹកលាងដៃ អាល់កុល និងម៉ាស។ ហើយដល់ពេលរបស់នាំចូលពីចិន ត្រូវរាំងស្ទះ របស់របរអស់ស្តុក ពេលនោះផលិតផលត្រូវឡើងថ្លៃផងដែរ ដែលធ្វើឱ្យអ្នកទិញធ្លាក់ចុះ។

អ្នកស្រី ទេវី ជាអ្នកលក់នំគួង ក្នុងផ្សារអូរឬស្សី បាននិយាយថា លក់មិនដាច់ឡើយ គាត់ធ្លាប់តែលក់បាន ៣០០នំ តែឥឡូវលក់បានតែ១០០នំ នៅសល់ទៀត។ គាត់ពិបាកចិត្តខ្លាំង នៅពេលដែលគាត់លក់មិនដាច់ គ្មានអ្នកមកផ្សារដូចរាល់ដង។

កាលណាមានជំងឺនេះនៅតែលុកលុយក្នុងប្រទេសយើង វាធ្វើឱ្យស្ថានភាពនៅស្រុកយើងរងផលប៉ះពាល់យ៉ាងខ្លាំង មិនថា អាជីវករទាំងធំ ទាំងតូច ក៏ដោយ។

អ្នកស្រីមានវ័យចូល៥០ប្លាយ បាននិយាយទៀតថា រាល់ថ្ងៃនេះ ខ្ញុំរកបានតែចិញ្ចឹមពោះបានតែមួយគ្រាប៉ុណ្ណោះទេ។ ណាមួយ ខ្ញុំជំពាក់ប្រាក់គេទៀត ដល់ពេកលក់មិនដាច់ គ្មានប្រាក់ចំណូលឱ្យផង និងផ្គង់ផ្គត់ជីវភាពគ្រួសារទៀត។ ខ្ញុំបន់តែឱ្យមានគេឆាប់រកថ្នាំព្យាបាល និងកំចាត់ជំងឺកាចសាហាវនេះផងចុះ ដើម្បីឱ្យសេដ្ឋកិច្ចស្រុកយើង មិនស្រុកគេ បានដើរស្រួលឡើងវិញ។

លោក ច័ន្ទ ចិត្រ អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូតុកតុក នៅផ្សារអូរឬស្សី និយាយថា អតិថិជនអ្នកជិះតុកតុក មានចំនួនធ្លាក់ចុះ ព្រោះពួកគាត់មិនចង់ដើរចេញក្រៅច្រើន ទៅណាមកណាច្រើន ខា្លចឆ្លងជំងឺនេះ ជាពិសេសកន្លែងជិះសាធារណៈដូចជា ឡាន ម៉ូតូតុកតុកដូច្នេះដែរ។ នេះធ្វើឱ្យការរត់ម៉ូតូរបស់គាត់ មិនសូវកាក់កបដូចមុន ពេលដែលមានផ្ទុះជំងឺ Covid-19 នេះ។

កញ្ញា សៅ សុផាណា ជាបុគ្គលិកម្នាក់ក្នុងហាងលក់ខោអាវ នៅផ្សារធំថ្មី បាននិយាយថា រយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ មិនសូវមានអ្នកមកទិញឡើយ។ កញ្ញាធ្លាប់ជាបុគ្គលិកនៅក្នុងកាស៊ីណូមួយកន្លែងនៅក្នុងខេត្ត តែដោយសារតែមានគំរាមពីជំងឺ Covid-19 នេះ ធ្វើឱ្យនៅកាស៊ីណូដែលមានជនជាតិចិនផងដែរនោះ ក៏បានបិទកន្លែងតែម្ដង ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា ហើយខ្ញុំក៏សម្រេចចិត្តមកធ្វើការនៅទីនេះ។ ហើយវាជាបញ្ហាខ្លាំងតែម្ដង ក្នុងវិស័យអាជីវកម្មនានា សេដ្ឋកិច្ចក៏ទៅតាមនោះដែរ។

កញ្ញា វណ្ណៈ អាយុ ២៥ឆ្នាំ ជាម្ចាស់ហាងលក់បាយមួយកន្លែងនៅផ្សារធំថ្មី បាននិយាយថា ហាងលក់បាយខ្ញុំ មានលក្ខណៈថមថយខ្លាំង ចុះឡើង៥០% បន្ទាប់ពីមានព័ត៌មានជំងឺ Covid-19 នេះមក។ ខ្ញុំគិតថា មិនដឹងធ្វើដូចម្ដេចណា ដើម្បីដោះស្រាយបញ្ហានេះ គឺមានតែការពារខ្លួនឯង និងគ្រួសារ ហើយបន្ដការប្រកបរបរនេះតទៅតទៀត ទោះបីជាមិនសូវមានភ្ញៀវមកចូលហាងដូច្នេះ។

កញ្ញា សុខឃីន ជាបុគ្គលិកលក់ក្នុងហាងម៉ាតមួយកន្លែងនៅក្បែរផ្សារធំថ្មី បាននិយាយថា ការលក់ដូរនៅកន្លែងគាត់ ភាគច្រើនពីខែចុងក្រោយនេះ ភាគច្រើនដាច់លាងដៃ អាល់កុល និងរបស់ដែលប្រើសំរាប់សម្លាប់មេរោគ។ ហើយចំណែកទំនិញលក់ផ្សេងៗ ដូចជារបស់ញ៉ាំ នំចំណីនានា រាងថយចុះបន្ដិចដែរ ព្រោះមិនសូវមានអ្នកចេញក្រៅ ប្រហែលពួកគាត់ខ្លាចឆ្លងជំងឺ Covid-19 នេះក៏ថាបាន។ ហើយចំនួនអ្នកមកអង្គុយនៅក្នុងម៉ាតនេះ ថយចុះពេលល្ងាច។

កញ្ញា សុខឃីនបញ្ជាក់ថា ចំពោះទឹកលាងដៃ អាល់កុល ម៉ាស ឬទំនិញដែលគេទិញច្រើន អាហារកំប៉ុងទុកបានយូរ គឺមានតម្លៃធម្មតា ដល់ពេលមានជំងឺនេះមកដល់ អតិថិជនទិញច្រើន លក់ដល់អស់ទៅ។ នៅពេលខ្វះវត្ថុធាតុដើមខ្លាំង ទំនិញកាន់តែខ្សត់ទៅ យើងនាំចូលពីប្រទេសគេមក ខាងនោះតំឡើងតម្លៃ ហើយយើងក៏លក់តាមតម្លៃតាមនោះដែរ។

លោក សារី ជាតៃកុងរត់ឡានឈ្នួល នៅបេនឡានផ្សារធំថ្មី បានលើកយកពីបញ្ហានៃការត់តាក់ស៊ីរបស់គាត់ថា មិនសូវមានម៉ូយជិះ ព្រោះផ្នែកហិរញ្ញវត្ថុ មិនមែនដោយសារតែជំងឺ Covid-19 តែម៉្យាងនោះទេ គឺដោយសារតែមនុស្សមិនសូវមានលុយ។ សេដ្ឋកិច្ចខ្មែរធ្លាក់ចុះ ដោយសារតែមនុស្សរកស៊ីមិនបានប្រាក់ចំណូលគ្រប់គ្រាន់។ បើអ្នកខ្លះ គេខ្លាចឆ្លង ក៏គេមិនធ្វើដំណើរតាមឡានឈ្នួល ជំនួសដោយជិះតាមមធ្យោបាយផ្ទាល់ខ្លួន ឬក៏កាត់បន្ថយការដើរចេញទៅក្រៅបើអាច។ លោកនិយាយថា សំខាន់យើងការពារខ្លួនយើងឱ្យខ្ជាប់ខ្ជួន និងអនុវត្តតាមវិធានការនៃការបង្ការជំងឺឆ្លងនេះ គឺគ្រប់គ្រាន់ហើយ។

ដោយឡែកកញ្ញា ចាប ស្រីឡេង នៅផ្សារបុរីកីឡា ថា ការលក់របស់គាត់លក់ដាច់ធម្មតា ដូចភេសជ្ជៈ គ្រឿងម្ជូរ នំ និងទំនិញចាប់ហួយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ គឺលក់បានធម្មតា។ ឯម៉ាសមិនសូវលក់ដាច់ខ្លាំងទេ ព្រោះប្រជាជន ពួកគាត់មិនសូវពាក់ម៉ាសទេ។ រាល់ថ្ងៃ ខ្ញុំឃើញថា អ្នកដំណើរជិះកាត់តាមផ្សារនេះ មិនសូវជាពាក់ម៉ាសប៉ុន្មានទេ។ ប្រហែលពួកគាត់មិនទាន់ត្រៀមខ្លួនបានច្រើន ចំពោះការប្រុងប្រយ័ត្ននេះ ទន្ទឹមនឹងអ្នកមួយចំនួនធំផ្សេងទៀត នៅរាជធានីភ្នំពេញ ក៏ដូចជាអ្នកខេត្ត ដែលពួកគាត់យកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាជំងឺឆ្លងនេះ។

កញ្ញា ដែលមានអាយុ២១ឆ្នាំមកពីខេត្តសៀមរាប ហើយមានតូបលក់ផ្ទាល់ខ្លួន បានអះអាង ថា នៅបុរីកីឡានេះ មានអ្នកស្នាក់នៅផ្សារច្រើនណាស់តាមជាន់នីមួយៗ ដែលអ្នកទិញមិនអាចទៅទិញទំនិញនៅកន្លែងឆ្ងាយៗឡើយ តួយ៉ាងពួកគាត់មិនទៅផ្សារមួយចំនួនធំ ជំនួសឱ្យការឡើងផ្សារទំនើប ឬទៅផ្សារក្បែរៗផ្ទះ។ 


Khcct banner

អត្ថបទទាក់ទង