Cct850x100 1
1800px x h300px kh

កូរ៉េខាងត្បូងស៊ើបអង្កេត ក្រោយមនុស្ស០២នាក់ស្លាប់បន្ទាប់ចាក់វ៉ាក់សាំងAstraZeneca

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
(រូបតំណាង)បុគ្គលិកពេទ្យម្នាក់ត្រៀមចាក់វ៉ាក់សាំង AstraZeneca នៅកាន់អ្នកជំងឺតាមផ្ទះមួយកន្លែងក្នុងទីក្រុងសេអ៊ូលនៅថ្ងៃទី ២ ខែមីនាឆ្នាំ ២០២១ ។ (យ៉ុនហាប)

កូរ៉េខាងត្បូង៖ អ្នកជំងឺចំនួន០២រូប ដែលបានស្នាក់នៅក្នុងមណ្ឌលថែទាំចាស់ជរានៅក្នុងខេត្តឃ្យ៉ុង បានទទួលមរណភាពកាលពីថ្ងៃពុធ បន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZenecaដែលជាវ៉ាក់សាំងរបស់អង់គ្លេស ផលិតនៅប្រទេសឥណ្ឌា សម្រាប់ប្រឆាំងជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយចុងក្រោយរបស់សារព័ត៌មាន Yonhap News។

បើតាមមន្ត្រីសុខាភិបាល បានឱ្យដឹងថាអ្នកជំងឺជាស្រ្តីអាយុ៥០ឆ្នាំម្នាក់ គឺមានជំងឺប្រចាំកាយជាច្រើនមុខបានស្លាប់នៅមន្ទីរពេទ្យមួយនៅតំបន់ Goyang ដែលស្ថិតនៅខាងក្រៅព្រំដែនភាគពាយព្យនៃទីក្រុងសេអ៊ូល បន្ទាប់ពីទទួលបានវ៉ាក់សាំងនេះកាលពីព្រឹកថ្ងៃអង្គារ។

តាមប្រភពដដែលឱ្យដឹងថា អ្នកជំងឺបានចាប់ផ្តើមបង្ហាញរោគសញ្ញានៃជំងឺខ្សោយបេះដូង និងពិបាកដកដង្ហើមនៅពេលរសៀល ប៉ុន្តែបានធូរស្បើយឡើងវិញបន្ទាប់ពីត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់។តែរោគសញ្ញាដដែលបានកើតឡើងនៅព្រឹកថ្ងៃពុធ មុនពេលអ្នកជំងឺស្លាប់។

យ៉ាងណាមិញ មន្ត្រីសុខាភិបាលបាននិយាយថាពួកគេមិនទាន់កំណត់ ថាតើអ្នកជំងឺទទួលរងផលប៉ះពាល់ពីវ៉ាក់សាំងនេះឬយ៉ាងណានោះទេ។ព្រោះសភាពអ្នកជំងឺគឺមានបញ្ហាបេះដូង ទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។

ទាក់ទងនិងករណីអ្នកស្លាប់ទី២ គឺជាបុរសវ័យ៦៣ ឆ្នាំ ដែលបានសម្រាកនៅមន្ទីរពេទ្យថែទាំរយៈពេលយូរមកហើយនៅ តំបន់ Pyeongtaek ចម្ងាយ ៧០ គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូល បានទទួលមរណភាពនៅព្រឹកថ្ងៃពុធ គឺ៤ ថ្ងៃបន្ទាប់ពីបានចាក់ថ្នាំវ៉ាក់សាំង AstraZenecaរួច ។ ចំពោះរោគសញ្ញាវិញ បុរសរូបនេះ មានស្ថានភាពទាក់ទងនិងជំងឺសសៃឈាមក្នុងខួរក្បាល បង្ហាញរោគសញ្ញាធ្ងន់ធ្ងរដូចជាគ្រុនក្តៅខ្លាំង និងគ្រុនផ្តាសាយចាប់តាំងពីថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងកាលពីថ្ងៃសៅរ៍កន្លងទៅ។

យោងតាមមន្រ្តីសុខាភិបាល បានឱ្យដឹងថានៅពេលដែលស្ថានភាពអ្នកជម្ងឺកាន់តែអាក្រក់ទៅ ៗ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកំរិតធ្ងន់កាលពីថ្ងៃអង្គារ ប៉ុន្តែគាត់បានទទួលមរណភាពនៅពេលបង្ហាញរោគសញ្ញានៃការពុលឈាមនិងជំងឺរលាកសួត។

ជុំវិញនិងការស្លាប់ទាំងពីរករណីនេះ ក្រុមមន្រ្តីសុខាភិបាល នឹងធ្វើការស្រាវជ្រាវស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ដើម្បីបញ្ជាក់ថា ការស្លាប់របស់ស្រ្តី និងបុរសចំណាស់នេះ មានជាប់ទាក់ទងនិងការចាក់វ៉ាក់សាំង AstraZenecaដែរឬយ៉ាងណា៕

ពាក្យទាក់ទង: កូរ៉េខាងត្បូង
Khcct banner

អត្ថបទទាក់ទង