Yearendyearend1140x150

【វីដេអូ】ក្រុមហ៊ុនអចលនទ្រព្យផ្តោតលើទីផ្សារចិនពង្រីកខ្លួនចាប់យកទីផ្សារដែលនឹងប្រសើរឡើងនៅឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងល្អប្រសើរឡើងនៅឆ្នាំនេះ។

លោក Gao Shan នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Allwin Realty បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថាកម្ពុជាគឺជាទីតាំងសក្តានុពលសម្រាប់វិនិយោគិនចិនដាក់ទុនវិនិយោគដោយសារស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច និងអំណោយផលនៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកបន្តថា ភាពងាយស្រួលនៃការធ្វើដំណើរដោយមានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីកម្ពុជាទៅស្ទើរគ្រប់ទីក្រុងសំខាន់ៗនៃប្រទេសចិន ក៏ជាអំណោយផលយ៉ាងសំខាន់ ហើយកត្តានេះធ្វើឲ្យការធ្វើដំណើរតភ្ជាប់ប្រទេសទាំងពីរចំណាយត្រឹមចន្លោះពី ២ ម៉ោងទៅ ៥ ម៉ោងប៉ុណ្ណោះនៅពេលដែលស្ថានភាពជំងឺឆ្លងគ្រប់គ្រងបាន និងសុវត្ថិភាពត្រូវបានធានា។

ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងល្អប្រសើរឡើងនៅឆ្នាំនេះ។

លោក Gao Shan ថ្លែងថា៖«វិនិយោគិនចិននៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនឹងបន្តកើនឡើងនាពេលខាងមុខ។ កន្លងមកវិនិយោគិនទាំងនោះតែងមានបញ្ហាប្រឈមទាក់ទងនឹងការរកទីតាំងវិនិយោគនិងការទិញដីសម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម»។ លោកបន្តថា ពេលនេះក្រុមហ៊ុន Century 21 Allwin Realty គឺជាសមាជិកមួយរបស់ក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យមានបណ្តាញធំទូលាយនៅកម្ពុជា ហើយប្រតិបត្តិការក្រុមហ៊ុនលោកនឹងជួយសម្រួលដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនចិនធ្លាប់ជួបប្រទះកន្លងមក។

លោកបន្តថា៖«យើងជាសមាជិកក្រុមហ៊ុន Century 21 Cambodia ដែលមានក្រុមហ៊ុនរួមសម្ព័ន្ធជាប្រភេទក្រុមហ៊ុនថែរក្សាទ្រព្យសម្បតិ្តជំនួស (ក្រុមហ៊ុន Zillion Trust Plc) ហើយអាចឈរឈ្មោះជំនួសនិងអាចឲ្យវិនិយោគិនចិនទិញដីធ្វើអាជីវកម្មនៅកម្ពុជាដោយស្របច្បាប់។ កត្តានេះនឹងជួយដោះស្រាយបញ្ហាកង្វល់វិនិយោគិនចិន អ៊ីចឹងវិនិយោគិនទាំងនោះងាយស្រួលសម្រេចចិត្តទិញដីធ្វើអាជីវកម្មនៅកម្ពុជាដើម្បីធ្វើការអភិវឌ្ឍ»។

ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty នាពេលនេះក៏សមស្របតាមការលើកឡើងរបស់ ជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានអះអាងថាទីផ្សារក្នុងវិស័យនេះកំពុងមានសញ្ញាវិជ្ជមានឡើងវិញនៅដើមឆ្នាំ ២០២១ នេះបន្ទាប់ពីវត្តមានវ៉ាក់សាំងការពារជំងឺ Covid 19 ចាប់ផ្តើមមានហើយកំពុងចាក់ជូនក្រុមអទិភាពដែលជួយបង្កើនទំនុកចិត្តវិនិយោគិនជាពិសេសក្នុងចំណោមពាណិជ្ជករចិនដែលជាវិនិយោគិនសក្តានុពល។

អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia។

អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា និងលំហូរវិនិយោគិនចិននៅកម្ពុជានឹងស្ទុះឡើងប្រកបដោយភាពវិជ្ជមាននៅឆ្នាំ ២០២១នេះ ដោយសារការរួមចំណែកនៃជំនួយវ៉ាកសាំង Covid 19 រហូតទៅដល់ ១ លានដូសពីរដ្ឋាភិបាលចិនមកកម្ពុជា។

អ្នកស្រីថ្លែងថា៖«ឆ្នាំ ២០២១ លំហូរវិនិយោគិនចិននៅកម្ពុជានឹងបង្កើន ហើយការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើទីផ្សារចិននាពេលនេះ នឹងជួយឲ្យពាណិជ្ជករចិនវិនិយោគនៅកម្ពុជាសទទួលបានផលចំណេញ និងវិនិយោគដោយសុវត្ថិភាព»។

លោកស្រីបន្តថា៖«យើងមានក្រុមហ៊ុនរួមសម្ព័ន្ធជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បតិ្តជំនួស (ក្រុមហ៊ុន Zillion Trust Plc) និងមានក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យមានសាខាគ្របដណ្តប់ ២៥ រាជធានីខេត្តដែលអាចបម្រើសេវាកម្មស្របច្បាប់ និងអាចទិញដីនៅខេត្តណាក៏បាន ហើយដីនោះជាដីស្របច្បាប់ ចំណេញដោយស្របច្បាប់ ហើយអាចកាត់ប្លង់បានដោយមិនមានបញ្ហា»។

គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia កំពុងដំណើរការដោយមានការិយាល័យ ២៣ នៅភ្នំពេញ និង ៣៨ សាខានៅគ្រប់បណ្តាខេត្តនៅកម្ពុជា ហើយមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត ៧០០ នាក់៕ 

លោក Gao Shan នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Allwin Realty។
ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងល្អប្រសើរឡើងនៅឆ្នាំនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង