Cct850x100 1

សម្តេច ហ៊ុន សែន ទាត់ចោលការផ្សាយព័ត៌មានក្លែងក្លាយថា សម្តេចឆ្លង Covid-19

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ក្នុងកិច្ចប្រជុំរដ្ឋសភានៅថ្ងៃទី១៣ មីនា ឆ្នាំ២០២០។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកទាត់ចោលនូវការផ្សាយព័ត៌មានក្លែងក្លាយ ផ្សាយដោយទូរទស្សន៍បរទេសមួយ ដែលថាសម្តេចបានឆ្លង ឬប្រហែលឆ្លងជំងឺ Covid-19 ។

បើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃនេះ បានបញ្ជាក់ថា សុខភាពរបស់សម្តេចនៅល្អមាំមួន និងមិនមានការឆ្លងជំងឺ Covid-19 ដូចការចុះផ្សាយបំភ្លៃរបស់ទូរទស្សន៍បរទេសនោះទេ ពោលគឺ នៅព្រឹកថ្ងៃនេះសម្តេចបានបង្ហាញវត្តមាន ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយថ្ងៃស្អែកសម្តេចនឹងអញ្ជើញទៅចូលរួមបុណ្យទន្លេ នាខេត្តបាត់ដំបងផងដែរ។

សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និង ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃ អាទិត្យទី១៥មីនា២០២០។កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះ ទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ”។

ជាថ្មីម្តងទៀតសម្តេច ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ ចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថា នៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀត លើចំនួនដែលបានឆ្លងរួចមកហើយ ចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់ និង ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ៕

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង