Yearendyearend1140x150

ទីតាំងជាង១ម៉ឺនកន្លែងដាក់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Codeទប់ស្កាត់កូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
QR Code “ទប់ស្កាត់កូវីដ-១៩ក្នុងសណ្ឋាគាមួយកន្លែងក្នុងរាជធានីភ្នំពេញ។រូប៖BTV

ភ្នំពេញ៖ នៅតាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗនៃទីក្រុងភ្នំពេញជាង១ម៉ឺនកន្លែង បានអនុវត្តការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid”។ តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋអាចស្កេននៅពេលចូលទីតាំងដែលអញ្ជើញទៅដល់ ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ។

យោងតាមរបាយការណ៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា បើគិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួនជាង ៣០០០ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។

បើតាមរបាយការណ៍របស់ក្រសួង គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះមានគ្រឹះស្ថានសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារធំៗសរុបចំនួន ១០៣៦៦ កន្លែង នៅក្នុងរាជធានីភ្នំពេញដែលបានចាប់ផ្ដើមចុះឈ្មោះបង្កើតប្រព័ន្ធបច្ចេកវិទ្យា QR Code សម្រាប់ប្រើប្រាស់ដើម្បីទទួលបានព័ត៌មាននិងផ្តល់ពីកន្លែងផ្ទុះកូវីដ១៩។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានា ចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” នេះសម្រាប់ទីតាំងរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមដោយសារការរាតត្បាតនៃជំងឺនេះ ដូចបណ្ដាប្រទេសផ្សេងទៀត។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ទូទាំងប្រទេស នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋអាចស្កេននៅពេលចូលទីតាំងដែលអញ្ជើញទៅដល់ ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង