Cct850x100 1
1800px x h300px kh

ជនជាតិចិនជិះ Pass App សម្រុកទៅធ្វើតេស្តរកកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ជនជាតិចិន ជិះកង់បីឥណ្ឌា ទៅតេស្តរកកូវីដ១៩ (រូបភាព លោកប្រាក់ វ៉ាន់ដា) 

ភ្នំពេញ៖ ជនជាតិចិនជាច្រើននាក់ បានសម្រុកទៅធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ អ្វីជាការព្រួយបារម្ភនោះ គឺជនជាតិចិនទាំងនោះ ធ្វើដំណើរទៅពិនិត្យសុខភាព ដោយជិះម៉ូតូកង់បី និង Pass App ហើយការសម្រុកទៅធ្វើតេស្ត ធ្វើឡើងបន្ទាប់ពីកម្ពុជាបានផ្ទុះឆ្លងកូវីដក្នុងសហគមន៍សាជាថ្មី ដោយផ្តើមចេញពីជនជាតិចិន។

នៅមណ្ឌលសុខភាពចាក់អង្រែក្រោម នាព្រឹកនេះ មានជនជាតិចិនជាច្រើនអ្នកបានសម្រុកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដោយភាពច្រើនធ្វើដំណើរដោយម៉ូតូកង់បី និងជិះកង់បីឥណ្ឌា(Pass App)។ 

ប្រជាពលរដ្ឋស្នាក់នៅក្បែមណ្ឌលសុខភាពចាក់អង្រែក្រោម បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានស៊ីស៊ីថាមស៍ថា ជនជាតិចិនសម្រុកមកធ្វើតេស្តនេះ គឺចាប់ផ្តើមមានច្រើននៅថ្ងៃ២២ កុម្ភៈនេះ ដោយមានទាំងប្រុសទាំងស្រី ហើយជិះម៉ូតូកង់បី និង Pass App មកជាបន្តបន្ទាប់។

ចំណែកលោក ប្រាក់ វ៉ាន់ដា បានឱ្យដឹងថា ភាគច្រើនជនជាតិចិនទាំងនោះមកធ្វើតេស្ត ដោយមធ្យោបាយធ្វើដំណើរតាមរយៈម៉ូតូកង់បី( Pass App)។ លោក បានសម្ដែងការព្រួយបារម្ភថា បើជនជាតិចិនដែលជិះ Pass App ទៅតេស្តរកកូវីដ១៩ ទាំងនោះ រកឃើញថាមានវិជ្ជមានកូវីដ១៩ មែន នោះកង់បី និងPass App ដែលដឹកជនជាតិចិននោះ ក៏ប្រឈមនឹងហានិភ័យផងដែរ។ 

លោកបានបន្តថា ភាគច្រើនកង់បី និង Pass App ដែលដឹកជនជាតិចិនទំាងនោះ ដឹកភ្ញៀវរួចទម្លាក់ដល់គោលដៅហើយ ក៏ទៅដឹកភ្ញៀវផ្សេងទៀត ដូច្នេះវាអាចនឹងប្រឈមបញ្ហាច្រើន ប្រសិនបើជនជាតិចិនដែលជិះនោះរកឃើញថាមានវិជ្ជមានកូវីដ១៩មែន។ 

សូមជម្រាបជូនថា កាលដែលជនជាតិចិនសម្រុកទៅតេស្តរកកូវីដបែបនេះ គឺបន្ទាប់ពីមានការអំពាវនាវពីក្រសួងសុខាភិបាល និងទូតចិន ដែលបានសំណូមពរឱ្យអ្នកដែលពាក់ព័ន្ធទាំងឡាយចេញមុខ និងសហការជាមួយក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា លោកជំទាវឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឱ្យ និងទទូចឱ្យជនជាតិចិនទាំងឡាយដែលសង្ស័យថា ខ្លួនមានវីរុសកូវីដ១៩ ឱ្យទៅពិនិត្យដើម្បីតេស្តរកមេរោគកូវីដឱ្យបានគ្រប់ៗគ្នា។

លោកជំទាវសង្កត់ធ្ងន់ថា ជនជាតិចិនដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ គប្បីចេញមុខមកតេស្តរកមេរោគ ដោយសហការជាមួយក្រសួងសុខាភិបាល និងទុកចិត្តលើចំណាត់ការរបស់ក្រសួង និងរដ្ឋាភិបាល ហើយមិនគួរសង្ងំលាក់ខ្លួនមិនចេញមកទទួលការពិនិត្យព្យាបាលនោះទេ ព្រោះការធ្វើបែបនេះកាន់តែធ្វើឱ្យស្ថានការណ៍ពិបាកគ្រប់គ្រង៕


ពាក្យទាក់ទង: ជនជាតិចិន
Khcct banner

អត្ថបទទាក់ទង