Yearendyearend1140x150

ក្រសួងវប្បធម៌៖ គម្រោងរបស់Naga Corpអាចប៉ះពាល់ដល់ឧទ្យានអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 

ភ្នំពេញ៖ ក្រសួងវប្បធម៌កម្ពុជា មិនទាន់យល់ស្របសហការយល់ព្រមចំពោះសំណើររបស់ក្រុមហ៊ុនណាហ្គាខប (NagaCorp) ក្នុងការបង្កើតរមណីយដ្ឋានកម្សាន្តមានឈ្មោះថា«Angkor Lake of Wonder» (ALOW)។ការមិនទាន់យល់ព្រមសហការនេះ គឺដោយសារគម្រោងនេះ ជាគម្រោងដ៏ធំមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ឧទ្យានអង្គរ។

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា តាមរយៈការវាយតម្លៃ និងសិក្សាពីអ្នកជំនាញរបស់ក្រសួងវប្បធម៌ និងអ្នកជំនាញផ្នែកអភិរក្ស និងអភិវឌ្ឍនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អង្គរ(ICC Angkor)បានពិនិត្យឃើញថា សំណើររបស់ក្រុមហ៊ុនណាហ្គាខប (NagaCorp) ដែលមានគម្រោងបង្កើតរមណីយដ្ឋានកម្សាន្តមានឈ្មោះថា«Angkor Lake of Wonder» មានទំហំធំ ដែលនឹងឱ្យប៉ះពាល់ដល់ឧទ្យានអង្គរ។

បើតាមលោក ស៊ុំ ម៉ាប់ បានបញ្ជាក់ថា បញ្ហាលើគម្រោងដែលអ្នកជំនាញលើកឡើង ខាងក្រសួងជំនាញ ក៏ដូចរដ្ឋាភិបាល ស្នើឲ្យខាងក្រុមហ៊ុនណាហ្គាខប (NagaCorp)ធ្វើការកែសម្រួល និង សិក្សាលើគម្រោងនេះឡើងវិញនៅត្រង់ចំណុចខ្លះ ដើម្បីកុំឱ្យមានផលប៉ះពាល់ណាមួយដល់ឧទ្យានអង្គរ។

លោក ស៊ុំ ម៉ាប់ បានបន្ថែមថា "បើអ្នកជំនាញសិក្សាគម្រោងនេះឃើញមានផលប៉ះពាល់អ្វីនោះ ខាងអជ្ញាធរជាតិអប្សរានឹងគោរពតាម ហើយការប្តេជ្ញារបស់រដ្ឋាភិបាលកម្ពុជា គឺផ្តល់អាទិភាពជាចម្បងទៅលើកិច្ចការអភិរក្សបេតិកភណ្ឌ និងវប្បធម៌។ ដូច្នេះ គ្រប់សកម្មភាពអភិវឌ្ឍ ឬសកម្មភាពទាំងឡាយដែលធ្វើឱ្យផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោជន៍ ក៏ខាងភាគីកម្ពុជាមិនយល់ព្រមដែរ។ "

រដ្ឋលេខាធិការនៃក្រសួងវប្បធម៌រូបនេះ ក៏បានបញ្ជាក់បន្តទៀតថា ចំពោះគម្រោងបង្កើតរមណីយដ្ឋានកម្សាន្តតម្លៃ៣៥០លានដុល្លារនៅក្បែរឧទ្យានអង្គរនេះ គឺគ្រាន់តែជាសំណើរ(Proposal)ក្រុមហ៊ុន NAGA ដែលដាក់ឱ្យសិក្សាប៉ុណ្ណោះ គឺមិនទាន់មានការអនុម័តណាមួយចេញពីរាជរដ្ឋាភិបាលឡើយ។

អង្គការយូណេស្កូ(UNESCO)កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹង គម្រោងបង្កើតរមណីយដ្ឋានកម្សាន្តតម្លៃជាង៣០០លានដុល្លារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ឧទ្យានអង្គរ។ ទាក់ទងនឹងបញ្ហានេះ អង្គការយូណេស្កូកំពុងធ្វើការសិក្សាជាមួយអាជ្ញាធរកម្ពុជាយ៉ាងយកចិត្តទុកដាក់ក្នុងការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព ធានាឲ្យបានថាការអភិវឌ្ឍដែលមិនធ្វើឲ្យប៉ះពាល់នៅក្នុងតំបន់អង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា សម្រេចជួលដីទំហំ៧៥ហិកតា ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងចម្ងាយ៥០០ម៉ែត្រពីឧទ្យានអង្គរនេះ ទៅឱ្យក្រុមហ៊ុនណាហ្គា ចំនួន៥០ឆ្នាំ។ ពោលគឺចាប់ ពីខែមករា ឆ្នាំ២០២០ ដល់ឆ្នាំ២០៧០។ នេះបើការលើកឡើងរបស់ក្រុមហ៊ុនណាហ្កា ដោយអះអាងថា គម្រោងអភិវឌ្ឍថ្មីមួយនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរមកខេត្តសៀមបានកាន់តែច្រើន ក្នុងគោលដៅលើកកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

កាលពីថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន NagaCorp បានចេញសេចក្តីប្រកាសព័ត៌មានមួយថា នឹងបោះទុនជាង៣០០លានដុល្លារសម្រាប់បង្កើតរមណីដ្ឋានកម្សាន្តមួយ ដោយនៅក្នុងនោះមាន សាងសង់សណ្ឋាគារមួយដែលមានរចនាប័ទ្មបែបវប្បធម៌ និងប្រពៃណីខ្មែរ នៅចំកណ្តាលគម្រោង។លើសពីនេះ នឹងមានបង្កើតឧទ្យានទឹក, បង្កើត Siem Reap China Town, បង្កើតឧទ្យានប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរបែប4D,5D,Augmented Reality (AR)និង Virtual Reality(VR) រួមទាំងបង្កើតសួនវប្បធម៌ជាដើម...។បើតាមក្រុមហ៊ុនគម្រោងវិនិយោគដ៏ធំមួយនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុង២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង