Yearendyearend1140x150

ក្រសួងទេសចរណ៍ត្រៀមរួចជាស្រេចក្នុងការរៀបចំ«បុណ្យទន្លេ»នៅខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយនឹងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ១៤ ១៥ ខែមីនានេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ចើញមកលេងកម្សាន្តតំបន់ខេត្តជាប់ដងទន្លេ។

អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក អាំង សុវណ្ណរ័ត្ន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ពិធីបុណ្យទន្លេលើកទី៦នេះ នឹងមានរៀបចំជាព្រឹត្តិការណ៍មុនពិធី និងសកម្មភាពជាច្រើន រួមមាន៖ -ពិធីដាំដើមឈើ -សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ -កីឡាជិះកង់កម្សាន្ត ១០គម -តាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលបរទេស -ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី -ការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ ព្រមទាំងសកម្មភាពកំសាន្តផ្សេងៗទៀត។

លោក អាំង សុវណ្ណរ័ត្ន បានបន្តថា គោលបំណងក្នុងការបង្កើតបុណ្យទន្លេនេះឡើង គឺដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិតាមដងទន្លេ។

ជាមួយគ្នានេះដែរ លោកបន្ថែមថា ឆ្លើយតបនឹងការព្រួយបារម្ភរបស់ភ្ញៀវទេសចរដែលមានបំណងចង់ចូលរួមពិធីបុណ្យទន្លេលើកទី៦នេះ ទាក់ទងនឹងជម្ងឺឆ្លងខូវីដ១៩ ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ ដោយសហការជាមួយក្របខណ្ឌអន្តរក្រសួងស្ថាប័នមានសមត្ថកិច្ចរាប់ទាំងអាជ្ញាធរខេត្ត ចុះជួយដោះស្រាយករណីជម្ងឺឆ្លងនេះឲ្យបានទាន់ពេលវេលា និងធានាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផងដែរ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០១៩ បុណ្យទន្លេលើកទី៥បានប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល ០៣ថ្ងៃបានបញ្ចប់ដោយជោគជ័យ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១លាននាក់ អញ្ចើញចូលរួមទស្សនាកម្សាន្តដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បុណ្យទន្លេ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង