Yearendyearend1140x150

រដ្ឋាភិបាលពន្លឿនការដឹកជញ្ជូន«វត្ថុធាតុដើម»ពីកំពង់ផែមករោងចក្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រោមកិច្ចអន្តរាគមន៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរ បានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង ១១ និង២៥នាទី យប់ នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរម្ពុជា ហៅកាត់ថា (GMAC)។

សមាគមរោងចក្រកាត់ដេរម្ពុជា ហៅកាត់ថា (GMAC) បានឲ្យដឹងថា រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ អាចនឹងមានកប៉ាល់ចំនួន១២គ្រឿងបន្ថែមទៀត នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាមួយនិងវត្ថុធាតុដើម។ទូរកុងតែន័រទាំងអស់ត្រូវបានស្ទូចយកចេញពីនាវាមកដាក់នៅលើទីលានកុងតែន័រ។

ទន្ទឹមនឹងនេះវិធានការបន្ថែមសម្រាប់ប្រព្រឹតិ្តកម្មច្រកបៃតង(Green Lane) ដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជួយសម្រួលដល់នីតិវិធី និងបែបបទបញ្ចេញទំនិញភ្លាមៗពីកំពង់ផែ ទៅកាន់រោងចក្រនៅតាមតំបន់ផ្សេងៗរួមទាំងរាជធានីភ្នំពេញ។

បើតាមសមាគមរោងចក្រកាត់ដេរម្ពុជា ហៅកាត់ថា (GMAC) បច្ចុប្បន្នលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតជាពិសេសឱ្យរថយន្តកុងទីន័រទាំងនោះ អាចធ្វើចរាចរក្នុងរាជធានីភ្នំពេញ បានទាំងពេលយប់ និងពេលថ្ងៃ ដោយចាត់វិធានការឲ្យមានការសម្រួលចរាចរណ៍ ក្នុងករណីចាំបាច់នានា ដើម្បីធ្វើការដឹកជញ្ជូនសម្ភារៈវត្ថុធាតុដើមទាំងនោះទៅកាន់រោងចក្រដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញឲ្យបានឆាប់រហ័ស។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន កាលពីម្សិលមិង ក៏បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។ហើយសម្ដេច ក៏បានអរគុណប្រទេសចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង