Yearendyearend1140x150

អង្គការភ្លែន និងក្រសួងអប់រំសហការគ្នាអនុវត្តសមភាពយេនឌ័រកុមារនៅថ្នាក់មត្តេយ្យ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
សិក្ខាសាលាស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយសៀវភៅសិក្សាគោលប្រាំមុខសម្រាប់មត្តេយ្យសិក្សា ដែលបានដាក់បញ្ចូលការឆ្លើយតបសមភាពយេនឌ័ររវាងក្មេងស្រី និងក្មេងប្រុស ដើម្បីប្រើប្រាស់នៅសាលាមត្តេយ្យសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ 
(រូបភាពដោយ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា Plan International Cambodia)

កំពង់ចាម៖ អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ រួមគ្នារៀបចំសិក្ខាសាលាស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយសៀវភៅសិក្សាគោលប្រាំមុខសម្រាប់មត្តេយ្យសិក្សា ដែលបានដាក់បញ្ចូលការឆ្លើយតបសមភាពយេនឌ័ររវាងក្មេងស្រី និងក្មេងប្រុស ដើម្បីប្រើប្រាស់នៅសាលាមត្តេយ្យសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែន នៅក្នុងពិធីសិក្ខាសាលាកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកស្រី គ្វីននេត នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍អំពីសក្ដានុភាពនៃសៀវភៅសិក្សាគោលទាំង៥មុខ អង្គការភ្លែនអន្តរជាតិសង្ឃឹមថា លោកគ្រូអ្នកគ្រូនឹងមានឧបករណ៍ និងវិធីសាស្រ្តបន្ថែមទៀតដើម្បីជួយសម្របសម្រួលដល់ការរៀនសូត្រ និងការលេងរបស់កុមារប្រកបដោយសមភាព ដើម្បីកាត់បន្ថយផ្នត់គំនិតយេនឌ័រអវិជ្ជមាន និងវិសមភាពយេនឌ័រនៅក្នុងសាលាមត្តេយ្យ។ ទាំងនោះនឹងជួយឲ្យកុមារធំលូតលាស់ដោយមានសុខភាពល្អ រីករាយ និងត្រៀមខ្លួនទៅសាលារៀន។

លោកស្រី គ្វីននេត វ៉ង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានអប់រំកុមារតូចដែលបានបើកទទួលយកគំនិតថ្មី និងសហការយ៉ាងសកម្មជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា។ តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅគ្រូដែលបានបញ្ចូលវិធីសាស្រ្តបង្រៀន ដោយឆ្លើយតបសមភាពយេនឌ័រ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តយេនឌ័រនៅក្នុងសាលាមត្តេយ្យទូទាំងប្រទេស។ ភាពជាដៃគូនេះ កំពុងគាំទ្រដល់កុមារងាយរងគ្រោះនៅតំបន់ដាច់ស្រយាល ដើម្បីឲ្យពួកគេអភិវឌ្ឍធំលូតលាស់ពោពេញដោយសក្តានុពលរបស់ពួកគេ។

អង្គការភ្លែនអន្តរជាតិកម្ពុជា គាំទ្រយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីអប់រំកុមារតូចរបស់ក្រសួងអប់រំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងផ្នែកធនធានថវិកា និងធាតុចូលផ្នែកបច្ចេកទេស ដើម្បីពង្រឹងគុណភាពសេវាអប់រំកុមារតូច នៅសហគមន៍ ជាពិសេសនៅតំបន់ដាច់ស្រយាល។

ក្នុងរយៈពេល ៤ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំប្រទេសបច្ចុប្បន្នរបស់ខ្លួន កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ កុមារ ២៥.៥៧៨នាក់ (កុមារី ១៣.២២៦ នាក់) ដែលមានអាយុ ៣-៥ ឆ្នាំ ឲ្យបានចូលរៀនសាលាមត្តេយ្យសហគមន៍។ កម្មវិធីបានជួយ កុមារ ១៦.៧៨៦នាក់ (ក្មេងស្រី ៨.៤៧២នាក់) ដែលមានអាយុពី ៣-៥ ចូលរៀនថ្នាក់ទី១ និងព្រមទាំងបានសាងសង់សាលាមត្តេយ្យសហគមន៍ចំនួន១៩២ និងបានកែលម្អសាលាមត្តេយ្យសហគមន៍ចំនួន១២៣ និងសមិទ្ធិផលជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះដែរ កម្មវិធីសិក្ខាសាលាស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយសៀវភៅសិក្សាគោលប្រាំមុខសម្រាប់មត្តេយ្យសិក្សា ដែលបានដាក់បញ្ចូលការឆ្លើយតបសមភាពយេនឌ័ររវាងក្មេងស្រី និងក្មេងប្រុស បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អមដោយ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងចូលរួមដោយអ្នកសម្របសម្រួលថ្នាក់ជាតិ ថ្នាក់ក្រសួង (គណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការរៀបចំ) មន្ទីរពាក់ព័ន្ធ មន្ត្រីថ្នាក់ស្រុក គ្រូបង្រៀន និងដៃគូអភិវឌ្ឍន៍។

សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាមានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសដែលមាន អាយុ ០ ទៅ ៥ឆ្នាំ ជាពិសេសកុមារដែលមិនទទួលបានការយកចិត្តទុកដាក់បំផុត ឲ្យលូតលាស់ប្រកបដោយសុខភាពល្អ រីករាយ និងត្រៀមខ្លួនចូលរៀនថ្នាក់បឋមសិក្សា៕

សិក្ខាសាលាស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយសៀវភៅសិក្សាគោលប្រាំមុខសម្រាប់មត្តេយ្យសិក្សា ដែលបានដាក់បញ្ចូលការឆ្លើយតបសមភាពយេនឌ័ររវាងក្មេងស្រី និងក្មេងប្រុស ដើម្បីប្រើប្រាស់នៅសាលាមត្តេយ្យសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅខេត្តកំពង់់ចាម។(រូបភាពដោយ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា Plan International Cambodia)
អង្គការភ្លែន និងក្រសួងអប់រំសហការគ្នាអនុវត្តសមភាពយេនឌ័រកុមារនៅថ្នាក់មត្តេយ្យ
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
ការចូលរួមដោយអ្នកសម្របសម្រួលថ្នាក់ជាតិ ថ្នាក់ក្រសួង (គណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការរៀបចំ) មន្ទីរពាក់ព័ន្ធ មន្ត្រីថ្នាក់ស្រុក គ្រូបង្រៀន និងដៃគូអភិវឌ្ឍន៍
សិក្ខាសាលាស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយសៀវភៅសិក្សាគោលប្រាំមុខសម្រាប់មត្តេយ្យសិក្សា ដែលបានដាក់បញ្ចូលការឆ្លើយតបសមភាពយេនឌ័ររវាងក្មេងស្រី និងក្មេងប្រុស ដើម្បីប្រើប្រាស់នៅសាលាមត្តេយ្យសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅខេត្តកំពង់់ចាម ដែលមានការចូលរួមដោយអ្នកសម្របសម្រួលថ្នាក់ជាតិ ថ្នាក់ក្រសួង (គណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការរៀបចំ) មន្ទីរពាក់ព័ន្ធ មន្ត្រីថ្នាក់ស្រុក គ្រូបង្រៀន និងដៃគូអភិវឌ្ឍន៍


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង