Cct850x100 1
1800px x h300px kh

វ៉ាក់សាំងចិននឹងមកកម្ពុជាថ្ងៃទី៧កុម្ភៈ ខណៈសម្តេចហ៊ុន សែនចាក់មុនគេនៅថ្ងៃទី១០កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីថ្លែងសារកន្លងទៅ។

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៧ កុម្ភៈនេះ ។ហើយសម្តេច ហ៊ុន សែន កំណត់យកតែម្ដង គឺថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំថ្ងៃពុធ មុនចូលឆ្នាំចិន ដើម្បីនឹងធ្វើពិធីចាក់វ៉ាក់សាំងដំបូង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងជាសារពិសេសនៅថ្ងៃនេះថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បើតាមសម្តេចហ៊ុន សែន សម្តេចនឹងទៅទទួលវ៉ាក់សាំងចិនដោយផ្ទាល់ ហើយមន្ត្រីដែលអមដំណើរសម្តេចមាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ដេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏នឹងចូលរួមផងដែរ។ហើយក្នុងពិធីនោះអាចនឹងមានសុន្ទរកថាខ្លីមួយទាក់ទងនឹងវ៉ាក់សាំងចិន។

សម្តេចបានបន្តថា បន្ទាប់ពីបានទទួលវ៉ាក់សាំងហើយ គឺគណៈកម្មការវ៉ាក់សាំង ត្រូវធ្វើនីតិវិធីឱ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ដូចជាប្រទេសនានា គេអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាមដែរ។ បន្ទាប់មកគឺកំណត់យកតែម្ដង គឺថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំថ្ងៃពុធ មុនចូលឆ្នាំចិន ដើម្បីនឹងធ្វើពិធីចាក់វ៉ាក់សាំងដំបូង ដោយមាកការផ្សាយបន្តផ្ទាល់ និងសន្និសីទការសែតរបស់នាយករដ្ឋមន្ត្រីតែម្ដង។

សម្ដេចហ៊ុន សែន លើកឡើងថា “ ខ្ញុំមិនអាចត្រូវរង់ចាំថា ឱ្យក្រុមគ្រូពេទ្យរបស់យើងទទួលវ៉ាក់សាំងសិននោះទេ ព្រោះមុនក្រោយគង់តែទទួលវ៉ាក់សាំងដូចគ្នា។ ដូច្នេះខ្ញុំនឹងទទួលវ៉ាសាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត អីចឹងក្រៅពីខ្ញុំ យើងអាចចុះឈ្មោះនៅមន្ត្រីជាន់ខ្ពស់របស់យើងមួយចំនួនក្នុងការិយាល័យនយោបាយ ក្នុងរាជរដ្ឋាភិបាល ថាតើប៉ុន្មាននាក់ត្រូវចាក់នៅកន្លែងនោះ គឺមិនត្រូវរង់ចាំទេ ដូចដែលខ្ញុំបានបញ្ជាក់ហើយថា នេះវាជាទំនិញយុទ្ធសាស្ត្រ ហើយវាបានក្លាយជាបញ្ហានយោបាយក្នុងស្រុកផង នយោបាយក្រៅប្រទេសផង។ ដូច្នេះយើងត្រូវប្ដូរផ្ដាច់ធ្វើការងារនេះឱ្យបានដោយដណ្ដើមពេលវេលា”

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា លទ្ធភាពដែលថាកម្ពុជាទទួលបានវ៉ាក់សាំងទីបី បន្ទាប់ពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហើយមកដល់កម្ពុជា គឺមេដឹកនាំប្រទេសទាំងបីនេះទទួលបានមុនគេ។ បើសិនជាកម្ពុជាអូសបន្លាយពេលវេលាតទៅទៀត ដូចជាបុណ្យចូលឆ្នាំឬយ៉ាងណានោះ គឺមានការលំបាក។ ដូច្នេះសម្តេចបានណែនាំដល់គ្រូពេទ្យដែលត្រូវចាក់វ៉ាក់សាំងឱ្យសម្តេច គឺអាចនឹងចាក់វ៉ាក់សាំងឱក្យអ្នកដទៃទៀតបាន នៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំងលើកដំបូងនេះ។

គួរបញ្ជាក់ថា ក្រោយពេលចាក់វ៉ាក់សាំរួចហើយ សម្តេច ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានចេញពីមន្ទីរពេទ្យកាល់ម៉ែតតែម្ដង។ ដូច្នេះសម្តេចបានស្នើឱ្យត្រៀមរៀបចំឱ្យគ្រប់លក្ខណសម្បត្តិទាំងអស់ ហើយអ្នកដែលត្រូវទទួលបន្ទុកចាក់វ៉ាក់សាំងឱ្យមេដឹកនាំ ត្រូវហ្វឹក ព្រោះប្រទេសរបស់កម្ពុជាបានចាក់វ៉ាក់សាំងឱ្យកុមាររាប់លាននាក់ទៅហើយ ប៉ុន្តែត្រូវរៀនសូតពីក្រុមគ្រូពេទ្យចិនដែលមកជួយហ្វឹងហាត់ ពីកម្មវិធីនានា៕

Khcct banner

អត្ថបទទាក់ទង