Yearendyearend1140x150
Img 0571

គណៈមេធាវី៖សមត្ថកិច្ចមួយចំនួន«យកវិជ្ជាជីវៈមេធាវី»ទៅដោះស្រាយក្នុងសមត្ថកិច្ចខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា។

ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣ កុម្ភៈនេះ បានចេញនូវសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់​វិជ្ជាជីវៈ។

ក្នុងសេចក្តីថ្លែងការណ៍នោះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ឃើញថា មានមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនបានទទួល និងចាត់ការលើបណ្តឹងដែលប្តឹងចំពោះសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធ ជាអាទិ៍ ការឃាត់ខ្លួនមេធាវីដែលបានតំណាងកូនក្តីក្នុងការចរចានិងអមកូនក្តី ការបង្ខំមេធាវីឱ្យអន្ទងកូនក្តីមកកាន់អង្គភាពនគរបាលយុត្តិធម៌ ការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងរវាងមេធាវីនិងកូនក្តី ការប្តឹងមេធាវីពីបទគំរាមកំហែងហែកកេរ្តិ៍ចំពោះការតាក់តែងលិខិតជូនដំណឹងក្នុងនាមមេធាវីតំណាងដោយអាណត្តិ ការប្តឹងមេធាវីពីបទញុះញង់ចំពោះការផ្តល់យោបល់ផ្នែកច្បាប់ដល់កូនក្តី។ល។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមេត្តាពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពនៃការប្រកបវិជ្ជាជីវៈមេធាវី មុននឹងចាត់ការលើការប្តឹងមេធាវីណាមួយ។ ក្នុងករណីរកឃើញថា ការប្តឹងនោះកើតចេញពីការប្រកបវិជ្ជាជីវៈរបស់មេធាវី សូមមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចផ្តល់ព័ត៌មាន ឬបញ្ជូនបណ្តឹងនោះមកគណៈមេធាវី ដើម្បីដោះស្រាយតាមវិធានវិជ្ជាជីវៈ ជាសមត្ថកិច្ច ដូចដែលមានចែងយ៉ាងច្បាស់លាស់នៅក្នុងមាត្រា ១៩ និងមាត្រា ២៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

ជាមួយគ្នានេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់មេធាវីទាំងអស់ នៅពេលប្រកបវិជ្ជាជីវៈមេធាវី ត្រូវគោរពច្បាប់និងក្រមសីលធម៌មេធាវីឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ មេធាវីដែលត្រូវបានគេប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬមេធាវីដែលបានដឹងអំពីការប្តឹងមេធាវីណាមួយ សូមផ្តល់ព័ត៌មាននេះមកគណៈមេធាវីជាបន្ទាន់ ដើម្បីគណៈមេធាវីមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យលើផ្លូវច្បាប់ ស្វែងរកព័ត៌មានបន្ថែម និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: មេធាវី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង