Yearendyearend1140x150

បើកឆាកឆ្នាំ២០២១៖ការ«នាំចេញអង្ករ»កម្ពុជាធ្លាក់ចុះជាង ៣២ ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្រូវកម្ពុជា

ភ្នំពេញ៖ ខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង៣ម៉ឺន៤ពាន់តោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹកនិងការដឹកជញ្ជូនតាមកប៉ាល់។នេះបើយោងតាមរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

យោងតាមរបាយការណ៍ ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិក ដែលមានការថយចុះជារួម ៣២.០៧% ដែលជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។

របាយការណ៍បន្តថា ការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុបដែលមានការធ្លាក់ចុះដល់ទៅជិត៦០% ដែលបណ្តាលមកពីមូលហេតុចម្បងគឺបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន។

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កម្ពុជាមានបញ្ហាកកស្ទះនៃការនាំចេញអង្ករ  គឺពុំមានកុងតឺន័រគ្រប់គ្រាន់ ឬអាចហៅបានថាមានវិបត្តិដឹកជញ្ជូនផ្លូវសមុទ្រ ហើយតម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃរហូតដល់៥ដង។

លោកបញ្ជាក់ថា ជាធម្មតាតម្លៃដឹកជញ្ជូនអង្ករពីកម្ពុជាទៅចិនចំណាយត្រឹមតែ១៥០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នឡើងថ្លៃរហូតដល់ ៥០០-៦០០ដុល្លារ។ ចំណែកការដឹកជញ្ជូនទៅខាងអឺរ៉ុបធម្មតាតម្លៃដឹកជញ្ជូនត្រឹមតែ១ពាន់ដុល្លារ ប៉ុន្តែឥឡូវឡើងដល់៤ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ ក្នុង១កុងតឺន័រ ២០ហ្វីត។

គួរបញ្ជាក់ថា តាមគម្រោងនៅក្នុងឆ្នាំ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងនាំចេញអង្ករឱ្យបាន៨៥ម៉ឺនតោនទៅទីផ្សារអន្តរជាតិដូចជាចិន អាមេរិក និងអឺរ៉ុបជាដើម ក្រៅពីនេះក៏មានការបញ្ជាទិញពីប្រទេសមួយចំនួនទៀតដែរដូចជា ហុងកុងជាដើម។ បើតាមប្រសាសន៍លោកឧកញ៉ា សុង សារ៉ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង