Yearendyearend1140x150

សហគមន៍កសិកម្មមួយនៅបាត់ដំបងរកឃើញ«គ្រាប់ពូជស្រូវ»ល្អត្រូវស្តង់ដាអន្ដរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/

បាត់ដំបង៖ សហគមន៍កសិកម្មមួយនៅបាត់ដំបងរមានឈ្មោះថា "សហគមន៍កសិកម្មជ្រៃបង្កើនផល" ជាសហគមន៍ផលិតគ្រាប់ពូជស្រូវឆ្នើមមួយក្នុងចំណោមសហគមន៍កសិកម្មផលិតគ្រាប់ពូជស្រូវជាច្រើនទៀត ដែលបានរកឃើញគ្រាប់ពូជស្រូវល្អ អាចផលិតគុណភាពអង្ករស្របតាមស្តង់ដានាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ពូជស្រូវនេះ ស្ថិតនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន មានសមាជិកចំនួន១២១គ្រួសារ និងផ្ទៃដីដីដាំដុះដំណាំស្រូវសរុបចំនួន ៨០០ ហ.ត ក្នុងនោះផ្ទៃដីសម្រាប់ផលិតគ្រាប់ពូជមានចំនួន ៤៥ហ.ត។ នៅរដូវវស្សាកន្លងមកមាន សមាជិកសហគមន៍ ៦នាក់ បានព្រមព្រៀងផលិតគ្រាប់ពូជស្រូវផ្ការំដួលចំណាត់ថ្នាក់វិញ្ញាបនបត្រ លើផ្ទៃដីចំនួន ៥ហ.ត ក្រោមការគាំទ្រពីកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP) និងអនុវត្តន៍តាមគោលការណ៍នៃផលិតកម្មគ្រាប់ពូជស្រូវរបស់គម្រោង ក្នុងគោលបំណងផ្សព្វផ្សាយគ្រាប់ពូជស្រូវសុទ្ធល្អ ធានាគុណភាពអង្ករស្របតាមស្តង់ដានាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។

ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម បង្កើនជំនឿទុកចិត្ត និងធានាគុណភាពគ្រាប់ ពូជស្រូវសុទ្ធល្អ នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម ជាអង្គភាពមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ គ្រប់គ្រងរាល់សកម្មភាពអាជីវកម្មពូជដំណាំ និងធើ្វវិញ្ញាបនកម្មបញ្ជាក់គុណភាពពូជដំណាំ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កន្លងមកនេះ នាយកដ្ឋានបានចុះត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវនៅតាមទីតាំងផលិតកម្មសន្និធិ និងទីផ្សារដែលកំពុងចរាចរណ៍គ្រាប់ពូជស្រូវនៅតាមបណ្តាខេត្តមួយចំនួនក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍នានា។

តាមរបាយការណ៍របស់នាយកដ្ឋានពូជដំណាំ (២៧ ខែមករា) បានបញ្ជាក់ថានៅក្នុងដំណើរការត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវ ក្រុមការងារបានសហការជាមួយមន្រ្តីបច្ចេកទេសរបស់គម្រោងចុះត្រួតពិនិត្យគុណភាពនៅតាមស្រែចំនួន០៣ ដងក្នុងមួយវដ្តដំណាំស្រូវ គឺ១- ដំណាក់កាលបែកគុម្ព ២- ដំណាក់កាលចេញផ្កា និង៣-ដំណាក់កាលទុំ (១៥ថ្ងៃមុនប្រមូលផលច្រូត) ដោយផ្តោតជាសំខាន់លើចំនួនប្រជាករពូជលាយ ប្រភេទស្មៅ និងជំងឺហាមឃាត់ អនុលោមតាមស្តង់ដាទីវាលសម្រាប់ផលិតកម្មគ្រាប់ពូជស្រូវ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង