Yearendyearend1140x150

តើចំណុចខ្លាំងអ្វីខ្លះជាជន្ទល់ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយធ្លាក់ចុះក្នុងរង្វង់ដក៣,១ភាគរយ?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេចហ៊ុន សែន ចុះទៅពិនិត្យវិស័យកសិកម្មនៅខេត្តតាកែវ នៅឆ្នាំ២០២០។រូបភាព ៖គណៈរដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា នៅឆ្នាំ២០២០ បានធ្លាក់ចុះត្រឹម ដក៣,១% បន្ទាប់ពីបានរងផលប៉ះពាល់ ជា​សកល​ពីវិបត្តិកូវីដ​១៩។​រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ៣ចំនុច ដើម្បីជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញឆាប់រហ័សក្នុងឆ្នាំ២០២១។តើកម្ពុជាមានចំណុចខ្លាំងអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ច?

ឆ្លើយនឹងសំណួរខាងលើអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើឡើងជាមតិយោបល់តាមការមើលឃើញរៀងៗខ្លួន។លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបានចាប់អារម្មណ៍លើចំណុចខ្លាំងរបស់កម្ពុជាចំនួន៣ចំណុច។

ទី១វិស័យកសិកម្ម លោកបណ្ឌិត ឆេង គីមឡុង មើលឃើញថា ជាមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាផ្អែកសំខាន់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម។ វិស័យនេះមានក្រឡានុវត្តភាព និងឧត្តមភាព ដោយសារតែកម្ពុជាមានផ្ទៃដីដែលមានជីជាតិប្រមាណជិត៥លានហិកតា។ ដីកសិកម្មនេះ បើជម្រុញការដាំដុសឱ្យមានប្រសិទ្ធិភាពដូចជា ការតភ្ជាប់បច្ចេកវិទ្យាកែច្នៃ បច្ចេកវិទ្យាប្រើប្រាស់ទឹក និងបច្ចេកវិទ្យាក្នុងការដាំដុស រួមទាំងផ្នែកធារាសាស្រ្តដែលប្រើប្រាស់ប្រព័ន្ធទឹកត្រឹមត្រូវ និងប្រព័ន្ធដឹកជញ្ជូន កម្ពុជាអាចជម្រុញឱ្យវិស័យកសិកម្មដំណើរការទៅបានល្អ។

ចំណុចទី២ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើវិស័យឯកជន ដែលវិស័យនេះត្រូវរងផលប៉ះពាល់ខ្លាំងនៅឆ្នាំ២០២០ ប៉ុន្តែនាបច្ចុប្បន្ននេះ វិស័យឯកជនបានងើបឡើងវិញខ្លះ វិស័យនេះត្រូវបានជម្រុញដោយការអនុវត្តនូវគោលនយោបាយមួយចំនួនរបស់រដ្ឋ លើកទឹកចិត្ត ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសមួយចំនួន ការកែសម្រួលទៅដល់ផ្នែកផ្លូវច្បាប់ រួមផ្សំទាំងការចាប់យកបច្ចេកវិទ្យា។

ចំណុចទី៣ គឺការរីកចម្រើននូវចំណូលពន្ធក្នុងស្រុក ចំណូលពន្ធក្នុងស្រុកកើនឡើងក៏មិនមែនជាកត្តាវិជ្ជមានទាំងស្រុងដែរ តែវាក៏ជាបញ្ហាមួយដែលមានភាពវិជ្ជមានផងដែរ។ ដោយសារតែមានការពង្រឹង ការបង្កើនពន្ធខ្លាំងធ្វកឱ្យប៉ះពាល់ដល់ការលើកទឹកចិត្ត។ សរុបមកកត្តាទាំងអស់នេះអាចជួយឱ្យសេដ្ឋកិច្ចមានភាបងើបឡើងវិញនៅក្នុងឆ្នាំ២០២១នេះ។ ទន្ទឹមនឹងនេះ កម្ពុជានឹងដាក់គោលដៅការនាំចេញ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយបណ្តាប្រទសដទៃទៀត។

ទាក់ទងនឹងវិស័យអចលនទ្រព្យ និងសំណង់វិញ អ្នកជំនាញសេដ្ឋកិច្ចរូបនេះសង្កេតឃើញថា គឺជាសសរស្តម្ភដែលដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែចាប់ពីមានវិបត្តិកូវីដ១៩មក វិស័យនេះគឺមានផលប៉ះពាល់ខ្លះ ក៏ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០២០ វិស័យនេះងើបឡើងវិញបន្តិចម្តង។ មួយវិញទៀត វិស័យទេសចរណ៍ក៏ជាសសរស្ដម្ភមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ តែដោយសារតែមានការរីករាលដាលនៃកូវីដ១៩ទើបធ្វើឱ្យវិស័យនេះប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត។

រីឯវិស័យកាត់ដេរ សម្រាប់លោកបណ្ឌិត ឆេង គីមឡុង គឺអាចមានការកើនឡើងវិញចាប់ពីពាក់កណ្តាលឆ្នាំ២០២១នេះតទៅ ពីព្រោះតម្រូវការផ្នែកវាយនភ័ណ្ឌដូចជាសម្លៀកបំពាក់ ស្បែកជើងគឺនៅតែជាតម្រូវការចាំបាច់សម្រាប់ការបញ្ជាទិញទាំងក្នុង និងក្រៅស្រុក។

ចំណែក លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច លោកមើលឃើញថា សេដ្ឋកិច្ចកម្ពុជា គឺពឹងផ្អែលទៅលើការនាំចេញ និងការវិនិយោគពីបរទេសនៅក្នុងវិស័យទេសចរណ៍ជាដើម។ នៅក្នុងឆ្នាំ២០២១នេះ បើតាមការសង្កេតជាក់ស្តែងចំណុចមួយដែលអាចរក្សាភាពវិជ្ជមានបាននោះ គឺវិស័យអចលនទ្រព្យ ដែលវិស័យនេះមានទំហំធំ រីឯវិស័យកាត់ដេរក៏ជាវិស័យមួយដែលអាចនឹងមានសន្ទុះងើបឡើងវិញផងដែរ ប្រសិនណាស្ថានភាពកូវីដ-១៩នៅលើពិភពលោកធូរស្រាល។

លោក ង៉ែត ជូ បានថ្លែងទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមានភាពនឹងនមិនចុះខ្លាំងខ្លាពេកនោះទេ ប៉ុន្តែអ្វីដែលជាភាពជឿជាក់ថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញលឿន គឺមិនទាន់មានអ្វីជាដុំកំភួននៅឡើយទេ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត ថ្លែងថា កម្ពុជាអាចស្តារសេដ្ឋកិច្ចឡើងវិញបានតាមរយៈគោលនយោបាយ ៣ចំនុច ទី១.គឺការធានាបានការរស់នៅបន្តបាន ទី២. ការធ្វើឱ្យរស់រវើកឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្នែកអាជីវកម្ម ធុរកិច្ច និងសង្គមទាំងមូល និងទី៣. កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយការចំណាយក្រោមតុ ដើម្បីបង្កបរិយាកាសដល់អ្នកវិនិយោគក្នុង និងក្រៅស្រុក។

ទាក់ទងនឹងវិស័យកសិកម្ម លោកចាត់ទុកថា គឺជាដង្ហើមសេដ្ឋកិច្ច ស្របពេលដែលកម្ពុជា មានដីកសិកម្មច្រើន មិនត្រឹមតែផលិតសម្រាប់ហូប និងផ្គត់ផ្គង់ក្នុងស្រុកទេ គឺអាចនាំចេញផលិតផលទាំងនេះ ទៅក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងនេះ ភាពប្រកួតប្រជែង តាមរយៈការបន្ទាបថ្លៃដើមនៃការផលិតក៏ជាដើមចម នាំឱ្យសន្ទុះការនាំចេញមានការកើនឡើងខ្ពស់ ដែលនេះជាហេតុផលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រក្សាបាននៅលំនឹងសេដ្ឋកិច្ច។

លោកវង្សី វិស្សុត សង្កត់ធ្ងន់ថា ការផ្ទេរអ្នកវិនិយោគ បូករួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership) ឬ​ហៅ​កាត់​ថា RCEP និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសអង់គ្លេស EBA នឹងធ្វើឱ្យកម្ពុជាមានឱកាសធំសេដ្ឋកិច្ចអាចនឹងងើបឡើងវិញលើសពីការរំពឹងទុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង