Yearendyearend1140x150

អាជីវករ៖ការលក់គ្រឿងអគ្គិសនីអេឡិចត្រូនិចធ្លាក់ចុះប្រហែល៨០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមអាជីវករលក់គ្រឿងអគ្គិសនីអេឡិចត្រូនិច ម៉ាស៊ីនត្រជាក់ ទូរទឹកកក បានត្អូញត្អែរពីការជួបផលលំបាកពីការធ្លាក់ចុះនៃការលក់ពី៥០% ទៅ ៨០% នៅក្នុងអំឡុងកូវីដ-១៩។ អាជីវករមួយចំនួនបានលើកឡើងពីផលលំបាកផ្សេងៗទាក់ទងទៅនឹងការលំបាកនៃការបាត់បង់ចំណូលនៃការលក់ជាប្រចាំ ក៏ដូចជាការប្រកួតប្រជែងក្នុងការលក់របស់ក្រុមហ៊ុនមកពីក្រៅប្រទេសនាពេលបច្ចុប្បន្ននេះ។

អ្នកស្រី ទាង ស្រីណា ជាម្ចាស់អាជីវករលក់គ្រឿងអគ្គិសនីអេឡិចត្រូនិច នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស នៅក្នុងរាជធានីភ្នំពេញ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា ការលក់ដូរគ្រឿងអគ្គិសនីអេឡិចត្រូនិច ម៉ាស៊ីនត្រជាក់ ទូរទឹកកក នាពេលសព្វថ្ងៃនេះមានការធ្លាក់ចុះពី៥០%-៨០% ដែលធ្វើឲ្យម្ចាស់អាជីវកររូបនេះបាត់បង់ចំណូល។ ចំពោះការធ្លាក់ចុះនៃការលក់នេះ គឺដោយសារនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩មិនសូវមានតម្រូវការទិញពីអតិថិជន ក៏ដូចជាការប្រកួតប្រជែងក្នុងការលក់របស់ក្រុមហ៊ុនមកពីក្រៅប្រទេសផង។

អ្នកស្រី ទាង ស្រីណា បានបន្ថែមថា សម្ភារនិងឧបករណ៍គ្រឿងអគ្គិសនីអេឡិចត្រូនិចដែលអ្នកស្រីនាំចូលមកលក់ភាគច្រើនយកមកពីប្រទេសចិនផ្ទាល់។ ចំណែកការដឹកជញ្ជូនសម្ភារនិងឧបករណ៍ទាំងនេះមិនសូវជួបផលលំបាកប៉ុន្មានទេ ព្រោះមានការដឹកជញ្ជូនពីខាងក្រុមហ៊ុនដែលនាំចូលស្រាប់។ ដោយឡែកបច្ចុប្បន្នសង្គេតឃើញថា ការនាំចូលគ្រឿងអគ្គិសនីអេឡិចត្រូនិចមានការកកស្ទះដោយសារតែមានការកកស្ទះពីខាងក្រុមហ៊ុននៃប្រទេសចិន។ ប៉ុន្តែទោះបីជាមានការយឺតយ៉ាវក្នុងការដឹកជញ្ជូនក៏មិនមែនជាបញ្ហាធំដែរ ព្រោះសព្វថ្ងៃទីផ្សារក្នុងការលក់ក៏មិនសូវមានតម្រូវការច្រើនដែរ។

លោក នូ សុផាត ជាម្ចាស់អាជីវករលក់គ្រឿងអគ្គិសនីអេឡិចត្រូនិច នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នការលក់ដូរគ្រឿងអគ្គិសនីអេឡិចត្រូនិច អំពូលភ្លើង ខ្សែភ្លើង មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យអាជីវកម្មជួបនូវផលលំបាក។ ចំពោះការប្រកបរបរនេះ ម្ចាស់អាជីវករត្រូវពន្ធលើទំនិញជូនរដ្ឋធម្មតា ពោលគឺមិនមានការបន្ធូរបន្ថយពន្ធឡើយទោះបីនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ក៏ដោយ។

លោក នូ សុផាត បានបន្តថា សម្ភារនិងឧបករណ៍គ្រឿងអគ្គិសនីអេឡិចត្រូនិចដែលអ្នកស្រីនាំចូលមកលក់បន្តគឺយកមកពីក្រុមហ៊ុនចិនដែលមាននៅក្នុងប្រទេសកម្ពុជា។ ចំណែកការដឹកជញ្ជូនសម្ភារនិងឧបករណ៍ទាំងនេះមិនសូវជួបផលលំបាកប៉ុន្មានទេ ព្រោះមានការដឹកជញ្ជូនពីខាងក្រុមហ៊ុនដែលនាំចូលស្រាប់ គ្រាន់តែធ្វើការកម្ម៉ង់មុន នោះខាងក្រុមហ៊ុននឹងរៀបចំឲ្យ។ យ៉ាងណាមិញ ដោយសារការមិនសូវមានតម្រូវការទិញសម្ភារនិងឧបករណ៍គ្រឿងអគ្គិសនីអេឡិចត្រូនិចនាពេលបច្ចុប្បន្ន ដូច្នេះក្រុមអាជីវករលក់បន្តខ្នាតតូចក៏មិនកម្ម៉ង់ពីខាងក្រុមហ៊ុនច្រើនដែរ។

ចំណែកឯ អ្នកស្រី លឹម ធីតា ជាម្ចាស់អាជីវករលក់គ្រឿងអគ្គិសនីអេឡិចត្រូនិច នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស នៅក្នុងរាជធានីភ្នំពេញ ក៏បានលើកឡើងស្រដៀងគ្នាទៅនឹងម្ចាស់អាជីវករមួយចំនួនដែរថាការលក់ដូរគ្រឿងអគ្គិសនីអេឡិចត្រូនិច ម៉ាស៊ីនត្រជាក់ ទូរទឹកកក នាពេលសព្វថ្ងៃនេះមានការធ្លាក់ចុះពីស្ទើរតែ៨០% ដែលធ្វើឲ្យម្ចាស់អាជីវកររូបនេះជួបនឹងផលលំបាក និងបាត់បង់ចំណូល។ ចំពោះការធ្លាក់ចុះនៃការលក់នេះ គឺដោយសារនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩មិនសូវមានតម្រូវការទិញពីអតិថិជន ដោយប្រៀបធៀបរដូវកាលដែលប្រទេសកម្ពុជាមិនទាន់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហាងរបស់អ្នកស្រី លឹម ធីតា អាចលក់គ្រឿងអគ្គិសនីអេឡិចត្រូនិចគិតជាមធ្យមបាន ២០០០ដុល្លារ ទៅ៣០០០ដុល្លារនៅក្នុងមួយថ្ងៃ ប៉ុន្តែការលក់បច្ចុប្បន្ននេះមានការធ្លាក់ចុះខ្លាំងរហូតដល់លក់បានត្រឹមតែ ៣០ដុល្លារ ទៅ២០០ដុល្លារក្នុងមួយថ្ងៃ។

ជាមួយគ្នានេះ ក្រុមអាជីវករលក់គ្រឿងអគ្គិសនីអេឡិចត្រូនិច ម៉ាស៊ីនត្រជាក់ ទូរទឹកកក បានសំណូមពរដល់រាជរដ្ឋាភិបាលក្នុងការខិតខំទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១នេះ ដោយក្រុមអាជីវករសង្ឃឹមថានៅពេលដែលវិបត្តិកូវីដ-១៩ផត់រលត់ទៅ ការប្រកបរបរអាជីវកម្មលក់គ្រឿងអគ្គិសនីអេឡិចត្រូនិចនឹងវិញត្រឡប់មកមានសន្ទុះនៃការលក់ឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង