Yearendyearend1140x150
Img 0571

ត្រឹម​ឆ្នាំ២០១៩កម្ពុជាមានប្រជាជន ១៥លាន ៦សែននាក់ ខណៈភ្នំពេញប្រជាជនច្រើនជាងគេ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពលរដ្ឋខ្មែរដើរលេងក្នុងពិធីបុណ្យអំទូកកន្លងទៅ។

ភ្នំពេញ៖ ​គិត​ត្រឹម​ឆ្នាំ ២០១៩ ​ប្រជាជន​សរុប​មាន​ចំនួន ​១៥.៥៥២.២១១នាក់​ ក្នុងនោះ​មាន​ប្រុស​ ៧​ ៥៧១៨៣៧ នាក់​ និង​ ស្រី​ ៧ ៩៨០៣៧៤ នាក់។ក្នុងចំណោមរាជធានី ខេត្តទាំងអស់ រាជធានីភ្នំពេញមានប្រជាជនច្រើនជាងគេ គឺ ២.២៨១.៩៥១ នាក់ ឬ ១៤,៧% ។

ឧបនាយក​រដ្ឋមន្ត្រី​ សម្តេច ស ខេង ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈ កម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជាបានថ្លែងថា ដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥ នាក់នៅឆ្នាំ ២០០៨ ទៅ ៨៧ នាក់ នៅឆ្នាំ២០១៩។ ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍។ រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ប្រមូលផ្តុំដោយមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាប្រភពទាក់ទាញស្រូបយកការធ្វើចំណាកស្រុកមកពីបណ្តាខេត្តផ្សេងទៀតដោយសារផ្តល់ប្រភពការងារ និងការរីកចំរើនវិស័យឧស្សាហកម្មកាត់ដេរ សំណង់ សណ្ឋាគារ ទេសចរណ៍ និងអប់រំ ។ល។ នៅរាជធានីភ្នំពេញមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតគឺ ៣.៣៦១ នាក់ ក្នុងផ្ទៃដីមួយ គីឡូម៉ែត្រការ៉េ ។ ខេត្តកោះកុង និងខេត្តមណ្ឌលគីរី ជាខេត្តមានដង់ស៊ីតេប្រជាជនទាបបំផុត (១២នាក់ និង ៦នាក់) ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ ។

បើតាមសម្តេច ក្នុងចំណោមរាជធានី ខេត្តទាំងអស់ រាជធានីភ្នំពេញមានប្រជាជនច្រើនជាងគេ គឺ ២.២៨១.៩៥១ នាក់ ឬ ១៤,៧% តាមលំដាប់លំដោយ ខេត្តកណ្តាល (៧,៧%) ព្រៃវែង (៦,៨%) សៀមរាប (៦,៥%) បាត់ដំបង (៦,៤%) តាកែវ (៥,៨%) និងកំពង់ចាម (៥,៨%) ចំណែកខេត្តកែបវិញ មានប្រជាជនទាបបំផុត (០,៣%) ប៉ុណ្ណោះ ។

យោងតាមរបាយការណ៍ និន្នាការកើនឡើងនូវតំបន់ទីប្រជុំជនទូទាំងប្រទេស។ ភាគរយនៃប្រជាជន ទីប្រជុំជនបានកើនេពី ១៩,៥ ភាគរយ នៅឆ្នាំ២០០៨ ដល់ ៣៩,៤ ភាគរយ នៅឆ្នាំ ២០១៩។ប្រជាជនដែលធ្លាប់ធ្វើការផ្លាស់ប្តូរលំនៅដ្ឋានក្នុងអតីតកាលមុនធ្វើ ជំរឿនមានតែ ២១,៥ ភាគរយ ក្នុងចំណោមប្រជាជនសរុប។ 

ដោយឡែកចំពោះអ្នកចេះភាសាខ្មែរ គឺជាភាសាកំណើតច្រើនលើសលុបនៅក្នុងប្រទេស គឺ ៩៥,៨ ភាគរយ។ អ្នកនិយាយភាសាកំណើតជនជាតិដើមភាគតិច រួមមាន ២,៩ ភាគរយ ។ អ្នកនិយាយភាសាបរទេសជាភាសាកំណើតរួមមានតែ១,៤ ភាគរយ ប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង