Yearendyearend1140x150

ពលករខ្មែរ៧នាក់ដែលរងគ្រោះដោយបាក់ស្រុតស្ពាននៅថៃទទួលបានជំនួយពីរដ្ឋាភិបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប (ប្រុស៤នាក់ និងស្រី៣នាក់) ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុត (រូបភាពដោយ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ)

ថៃ៖ ពលករខ្មែរ០៧នាក់រស់នៅថៃ ដែលបានរងគ្រោះដោយសារស្ពានអាកាសបាក់ស្រុត នៅខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ ហើយនៅថ្ងៃទី២៥មករានេះ ពលករទាំង៧នាក់នោះ ទទួលបានជំនួយពីស្ថានទូត ដែលបានផ្ដល់ដល់ពួកគាត់សម្រាប់ព្យាបាលនៅមន្ទីរពេទ្យ និងថែរក្សាសុខភាព។

យោងតាមសេចក្តីរាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប (ប្រុស៤នាក់ និងស្រី៣នាក់) ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុត នៅខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០២៖១៨នាទីរសៀល ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ តែមិនមានករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។

ចំពោះគ្រោះថ្នាក់ខាងលើកើតហេតុ ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។ បន្ទាប់ពីសម្រាកព្យាបាលរួចហើយ ខាងក្រុមហ៊ុននឹងអោយពលករចូលបម្រើការងារតាមធម្មតាវិញ។

បច្ចុប្បន្នពលករចំនួន០៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ០៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះម្នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ម្នាក់ទៀតនឹងអាចចេញពីមន្ទីរពេទ្យនៅប៉ុន្មានថ្ងៃខាងមុខ និងពលករ០២នាក់ទៀត នឹងចេញពីមន្ទីរពេទ្យ នៅល្ងាចថ្ងៃទី២៥មករានេះហើយ។

ក្រៅពីនេះ ស្ថានទូតកម្ពុជានៅប្រទេសថៃ ក៏បានចុះជួបសួរសុខទុក្ខ និងចែកអំណោយជាថវិកា ម៉ាស់ ជែលអាល់កុលលាងដៃ និងគ្រឿងឧបភោគបរិភោគដល់សិស្ស-និស្សិត និងពលករខ្មែរ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះផងដែរ។ ក្នុងនោះស្ថានទូត និងតំណាងទូត បានចុះទៅជួបសិស្សនិស្សិត និងពលករខ្មែររស់នៅថៃនោះមានចំនួន០៣លើក គឺលើកទីមួយ នៅថ្ងៃទី២៣ មករា ២០២១ ចុះទៅខេត្តខនគែន និស្សិតខ្មែរចំនួន ៣៥នាក់, លើកទីពីរ នៅថ្ងៃទី២៤ មករា ២០២១ ចុះទៅខេត្តមហាសារ៉ាខាម សិស្ស-និស្សិតចំនួន ៥០នាក់។ លើកទីបីគឺ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរ៧នាក់ដែលរងគ្រោះដោយបាក់ស្រុតស្ពាននៅថៃ។​

ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់៕

(រូបភាពដោយ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ)
(រូបភាពដោយ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ)
(រូបភាពដោយ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ)
(រូបភាពដោយ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង