Yearendyearend1140x150

កញ្ញា ផល ដាណេ ពីក្មេងស្នាក់នៅអង្គការ​ទទួល​បាន​អាហារូបករណ៍​សិក្សា​ផ្នែក​ឱសថ​នៅ​បារាំង​

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កញ្ញា ផល ដាណេ ដែលបច្ចុប្បន្ន កញ្ញា ជានិស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកឱសថ និងផលិតផលសុខាភិបាល នៅប្រទេសបារំាង។

ភ្នំពេញ៖ មិនមែនជាកូនអ្នកមាន គ្មានឪពុកចិញ្ចឹមបីបាច់ថែរក្សា ពោលគឺមានតែម្ដាយជាស្រ្តីមេម៉ាយចិញ្ចឹមបីបាច់ កញ្ញា ផល ដាណេ មានដើមកំណើតនៅខេត្តបាត់ដំបង ប្ដេជ្ញាចិត្តធ្វើយ៉ាងណាឱ្យក្ដីសុបិនខ្លួនក្លាយជាការពិត និងជួយជ្រោមជ្រែងគ្រួសារមានជីវភាពរុងរឿងបន្ថែមទៀត។បន្ទាប់បញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាសាស្រ្តសុខាភិបាល ផ្នែកឱសថសាស្រ្តជំនាន់ទី៣៧ នាឆ្នាំ២០១៨ បច្ចុប្បន្នកញ្ញារូបនេះបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកឱសថ និងផលិតផលសុខាភិបាល(ផ្ដោតលើផលិតផលលើស្បែក) នៅប្រទេសបារាំង ក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង។ នាពេលអនាគត កញ្ញា ចង់ក្លាយជាបុគ្គលិកធ្វើកាជាមួយស្ថាបនរដ្ឋ ឬអង្គការណាដែលអាចស្ថាបនា និងអភិវឌ្ឍវិស័យថ្នាំពេទ្យ ក៏ដូចជាផលិតផលប្រើប្រាស់លើស្បែកឱ្យស្រមទៅតាមស្ដង់ដា។ 

«អ្វីៗដែលខ្ញុំទទួលបានគឺជាការខិតខំប្រឹងប្រែង ដុសខាត់សមត្ថភាពតាំងពីតូច រួមជាមួយការតស៊ូអត់ធន់ និងការលើកទឹកចិត្តពីគ្រួសារ មិត្តភក្ភិ និងបរិបទវិជ្ជមានផ្សេងៗទៀតដែលជំរុញខ្លួនឱ្យសម្រេចជោគជ័យលើវិថីសិក្សារហូតមកដល់សព្វថ្ងៃនេះ »។ នេះ គឺជាការលើកឡើងរបស់កញ្ញា ផល ដាណេ ដែលបច្ចុប្បន្ន កញ្ញា ជានិស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកឱសថ និងផលិតផលសុខាភិបាល នៅប្រទេសបារំាង។

កើតក្នុងគ្រួសារមួយដែលមានជីវភាពខ្វះខាត ហើយមិនមានឪពុកគ្រប់គ្រងជាជំហរ ពោលគឺមានតែម្ដាយជាស្រ្តីមេម៉ាយប្រកបរបរលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមកូន៦ នាក់ក្នុងបន្ទុក នៅស្រុកមោងឬស្សី ខេត្តបាត់់ដំបង, កញ្ញា ផល ដាណេ ដែលជាកូនទីប្រាំ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ ហាក់មិនប្រងើយកន្តើយក្នុងការរៀនសូត្របន្តិចណាសោះឡើយ តួយ៉ាងគឺក្មេងស្រីម្នាក់នេះ មិនសូវជាបានជួយការងារម្ដាយនោះទេ ដោយហេតុថាខ្លួនស្រលាញ់សៀវភៅប៊ិក ទើបបានជាមិនមានពេលជួយម្ដាយពេញដៃពេញជើងប៉ុន្មានទេ។

កញ្ញា ផល ដាណេ បន្តថា កាលពីរូបខ្លួននៅតូច កំឡុងពេលដែលរូបគេ និងបងប្អូនទាំងពីរនាក់ទៀតបន្តការសិក្សា ឯបងៗធំទាំងបីឈប់រៀនដើម្បីរងការងារធ្វើមកជួយសម្រាលបន្ទុកគ្រួសារ ក៏ដូចជាចំណាយលើការសិក្សារបស់រូបគេ ធ្វើឱ្យមានការមិនពេញចិត្ត និងការមើលស្រាលពីសំណាក់អ្នកជិតខាង តិះតៀនថា៖«ឃើញតែពីរៀន មិនដែលឃើញវាជួយការងារម្ដាយសោះ ចាំមើលរៀនទៅវាគ្មានបានស្អីទេ»។ ការមើលបំណាំទាំងនោះ និងការឃើញពីភាពលះបង់ និងតស៊ូរបស់អ្នកម្ដាយក៏ដូចជាបងៗទាំងបី បានជម្រុញឱ្យរូបគេ កាន់តែជឿជាក់លើខ្លួនឯង និងជម្នះប្រឹងរៀនរហូតទទួលបានលទ្ធផលជាទីគាប់ចិត្តរហូតរូបគេមានឱកាសប្រឡងសិស្សពូកែគណិតវិទ្យាថ្នាក់ទី៩ នៅខេត្ត តែជាប់ត្រឹមថ្នាក់សាលាតែប៉ុណ្ណោះ តែទោះជាយ៉ាងណា ក៏រូបគេមិនមានការបាក់ទឹកចិត្តអ្វីដែរ ព្រោះទទួលបានការលើកទឹកចិត្តពីបងៗនិងអ្នកម្ដាយ។

បញ្ចប់ថ្នាក់អនុវិទ្យាល័យ គឺត្រូវរៀនតថ្នាក់វិទ្យាល័យ ដោយហេតុតែចង់សម្រាលបន្ទុកគ្រួសារ ក្មេងស្រីរូបនេះ សម្រេចចិត្តបែកពីគ្រួសារមករស់នៅអង្គការមួយនៅក្រុងបាត់ដំបង តាមរយៈការប្រឡងចូល ដោយផ្អែកលើស្ថានភាពគ្រួសារក្រីក្រ និងជាប់ការធ្វើតេស្ត ក៏ដូចជាសិស្សរៀនពូកែផងដែរ។ពេលទៅនៅអង្គការនោះហើយ ចូលថ្នាក់ទី១០ រូបគេបន្តរៀនថ្នាក់សិស្សពូកែគណិតរហូតដល់ទី១២។ ហើយជាលទ្ធផលពីការខិតខំប្រឹងប្រែងរៀនសូត្រ រូបគេបានប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១២ ដោយទទួលបាននិទ្ទេសB+។

ចិត្តស្រលាញ់ផ្នែកឱសថ តែខ្លួនត្រូវបង្ខំចិត្តរៀនអាហារូបរណ៍ផ្នែកសូរិយោដី ដែលបានដាក់តាំងពីវិទ្យាល័យ ព្រោះតែមិនចង់ធ្វើជាបន្ទុកដល់គ្រួសារ ព្រោះការរៀនពេទ្យគឺចំនាយប្រាក់កាក់ និងពេលវេលាច្រើន ប៉ុន្តែមករៀនជំនាញសូរិយោដីបានប៉ុន្មានខែ កញ្ញា ដាណេ ក៏បានសម្រេចចិត្តបោះបង់ជំនាញនោះ ដោយងាកទៅរៀនអ្វីដែលខ្លួនស្រលាញ់ ហើយប្រឡងចូលរៀនផ្នែកឱសថស្ថានវិញ ទីមួយព្រោះជាក្ដីស្រលាញ់តំាងពីតូច ទីពីរទទួលបានការលើកទឹកចិត្តនិងគាំទ្រពីបងៗ ដោយគាត់ធានាជួយចេញថ្លៃសិក្សាខ្លះ ម្យ៉ាងវិញទៀតអាចចាត់ទុកថាសំណាង ដែលរូបគេបានមកនៅអង្គការដដែល ស្ថិតនៅភ្នំពេញ ព្រោះពេលដែលប្រឡងជាប់ចូលរៀនផ្នែកឱសថសាស្រ្ត ខាងអង្គការបានជួយចេញថ្លៃសិក្សាអោយ៥០%រហូតដល់ចប់ មិនតែប៉ុណ្ណោះ ដោយជាមនុស្សមានអត្តចរិតល្អ រៀនពូកែ ក៏មានប៉ាធម៌ជាជនជាតិខ្មែរនៅអាមេរិក និងឪពុកម្ដាយធម៌ជាជនជាតិបារំាងជួយជ្រោមជ្រែងជាថវិការក្នុងការសិក្សានិងលើកទឹកចិត្ត រហូតរៀនចប់ដោយជោគជ័យនៅឆ្នាំ២០១៨។

ងាកមកនិយាយពីជីវិតរៀននៅសាកលវិទ្យាល័យ ផ្នែកឱសថសាស្រ្ត កញ្ញា ដាណេ មានការលំបាកច្រើនទីមួយត្រង់ថាពិបាករកមិត្តភក្ភិ អ្នកខ្លះគេរើសអើង ព្រោះគេជាកូនអ្នកខេត្ត ជានិស្សិតក្រីក្រ ជិះតែកង់ទៅរៀន គ្មានសូម្បីទូរសព្ទ័ដៃប្រើ ទើបគេមិនសូវរាប់អានទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យនិស្សិតរូបនេះ មានមោទកភាពនោះ ត្រង់មិត្តមួយចំនួនដែលរាប់អានរូបគេ គឺរាប់អានដោយចិត្តស្មោះមិនប្រកាន់មានក្រ ចេះយោគយល់អធ្យាស្រ័យគ្នា ហើយនៅតែរក្សាទំនាក់ទំនងនេះរហូតមកដល់សព្វថ្ងៃ ទោះបីមិនច្រើនមែន តែពួកគេទាំងនោះជាមិត្តដែលកម្រនិងរកបានចំពោះ កញ្ញា ដាណេ។

កញ្ញា ដាណេ ជាមនុស្សដែលស្ងប់ស្ងាត់ ជានារីម្នាក់ដែលទន់ភ្លន់តែមិនទន់ជ្រោយ ធ្វើការសម្រេចចិត្តច្បាស់លាស់ និងហ្មត់ចត់ផងដែរ ដូច្នេះហើយបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រភ្លាម រូបនាងបានដាក់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសបារំាង។

ចំពោះមូលហេតុ ដែលបន្តការសិក្សានៅប្រទេសស៊ីវិល័យនៅប៉ែកអឺរ៉ុបនេះ គឺដោយសារតែខ្លួនស្រលាញ់ភាសាបារំាង ចូលចិត្តប្រទេសបារំាង ហើយចង់ដឹង ចង់ស្គាល់អោយកាន់តែស៊ីជម្រៅថាប្រទេសបារំាងយ៉ាងណា ហើយទីបំផុតក្ដីស្រមៃរបស់រូបគេក៏បានក្លាយជាការពិតមែន គឺជាប់អាហារូបករណ៍តាមរយៈរាជរដ្ឋាភិបាលបារាំងលើមុខជំនាញឱសថ និងផលិតផលលើស្បែក។

កញ្ញា វ័យ២៥ ឆ្នាំរូបនេះនិយាយថា៖ ដូចដែលដឹងស្រាប់ហើយការរៀននៅស្រុកគេគឺទាមទារនូវការយល់ដឹងភាសាបារាំងបានជ្រៅជ្រះ ហើយមូលហេតុដែលខ្ញុំអាចរៀនភាសាបារាំងបានស្ទាត់ជំនាញគឺដោយសារតែទីមួយ ខ្ញុំរៀនឱសថសាស្រ្តជាភាសាបារំាំងតាំងពីឆ្នាំទីបី ទីពីរអាចនិយាបានថា ខ្ញុំមាននិស្ស័យជាមួយភាសានេះចូលចិត្តនិយាយ ចូលចិត្តអាន ហើយមានអារម្មណ៍ថារៀនឆាប់ចេះ មិនដូចភាសាដទៃទៀត ទីបីខ្ញុំនៅអង្គការបារំាង បានន័យថាបរិបថដែលនៅជុំវិញគឺមានការប្រើប្រាស់ភាសាបារំាងសម្រាប់ទំនាក់ទំនង ទីបួនគឺខ្ញុំមានក្ដីស្រមៃចង់ទៅរៀននៅបារាំង មួយវិញទៀតគិតថាផ្នែកឱសថនៅបារំាងអ្នកណាក៏ទទួលស្គាល់នូវគុណភាពរបស់ប្រទេសមួយនេះដែរ ដូច្នេះហើយបានជាខ្ញុំដាក់ចិត្តដាក់កាយប្រឹងប្រែងលើភាសាមួយនេះ រហូតអាចប្រើប្រាស់ជាផ្លូវការបាន ហើយហេតុផលចុងក្រោយនោះគឺអាទិភាព ទោះបីជាគេយកភាសាអង់គ្លេសជាភាសាគោលមែន តែបើយើងចេះច្រើនភាសា ពេលទៅធ្វើការគឺគេយកយើងហើយ ព្រោះយើងអាចប្រើប្រាស់ភាសាបានច្រើន ដូចនេះយើងមានទិភាពនិងការផ្ដល់តម្លៃខ្ពស់។ នេះបើតាមសម្ដីផ្ទាល់របស់ កញ្ញា ដាណេ មកកាន់សារព័ត៌មាន ស៊ីស៊ីថែម។

បើនិយាយពីភាសាបារាំងអ្នកណាក៏ដឹងថាភាសាបារំាងពិបាករៀនដែរ ពិសេសគឺវេយ្យាករណ៍ពិបាករៀន មានសាំញាំបែងចែកច្បាស់ៗពេក មានភេទទៅតាមពាក្យ មិនដូចភាសាអង់គ្លេសទេ ដូចនេះហើយអ្នករៀនត្រូវមានភាពវៃឆ្លាតក្នុងការកត់សម្គាល់គន្លឹះសំខាន់ៗ ហើយបញ្ហាដែលអ្នករៀនទាំងឡាយក៏ដូចជា កញ្ញា ដាណេ ជួបគឺចំណុចវេយ្យាករណ៍នេះឯង។

បើនិយាយពីទិចទិកនៃការដាក់អាហារូបករណ៍នេះ កញ្ញាវ័យ២៥ឆ្នាំ មកពីខេត្តបាត់ដំបងបង្ហើបថា៖ ដំណាក់កាលទីមួយ គឺខ្លួនឯងត្រូវច្បាស់ខ្លួនឯងថាចង់រៀនអ្វីបន្ត ដើម្បីអ្វី?ហើយប្រទេសមួយណាដែលចង់ទៅ? ទីពីរគឺត្រូវសាកសួរព័ត៌មានទៅប្រទេសហ្នឹង ផ្នែកហ្នឹង និងអ្នកគ្រប់គ្រងផ្នែកមួយហ្នឹង គឺមានន័យថាយើងត្រូវស្វែងរកសាលារៀនដោយខ្លួនឯង។ ដើម្បីទទួលបាការយល់ព្រមអោយចូលរៀនបានខាងសាលានៅស្រុកគេហ្នឹង ទាមទាឯកសារមួយចំនួនដូចជា ព្រឹត្តបត្រពិន្ទុគ្រប់ឆ្នាំសិក្សា ត្រូវមានGPAខ្ពស់ មានពិន្ទុភាសាបារាំងល្អ ត្រូវការសញ្ញាបត្របរិញ្ញាបត្រ និងត្រូវការមតិវាយតម្លៃពីគ្រូៗនៅសាកលវិទ្យាល័យដែលយើងរៀន ដើម្បីមានអាទិភាពជាងបេក្ខជនផ្សេងទៀត ខាងសាលានឹងសួរថាយើងមានលុយសម្រាប់ចំនាយការរៀនដែរឬទេ? ដូច្នេះពេលដែលខាងសាលាគេទទួលបានឯកសារទាំងនោះហើយ គេនឹងគិតមើលទៀតថា យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរៀនហើយឬនៅ? ចឹងពេលគេយល់ព្រមហើយ យើងត្រូវសម្ភាសតាមរយៈអនឡាយមួយតង់ទៀត រួចត្រូវរង់ចាំលទ្ធផលពីរអាទិត្យ។

នៅពេលដែលខាងសាលាគេព្រមទទួលអោយចូលរៀនហើយ កញ្ញា ដាណេបានស្នើរសុំអាហារូបករណ៍ពីស្ថានទូត ព្រោះជារៀងរាល់ឆ្នាំស្ថានទូតតែងផ្ដល់អាហារូបករណ៍ នៅកំឡុងខែ១ ដល់ ខែ៣ អ៊ីញ្ចឹងខាងស្ថានទូតនឹងប្រាប់មកវិញថាត្រូវប្រគល់ឯកសារអ្វីខ្លះ មានដូចជាលិខិតបញ្ជាក់ពីសាលាដែលគេអនុញ្ញាតទទួលយើងអោយទៅរៀននៅប្រទេសបារំាង ត្រូវមានពិន្ទុភាសាបារាំងឌែលបេឌឺ(DElfb2) ត្រូវមានផាសស្ព័រ និងការពិនិត្យសុខភាពជាដើម។

នៅពេលដែលដាក់ពាក្យរួចរាល់ហើយ ខាងស្ថានទូតនឹងពិនិត្យមើលទៀតថា ជំនាញម៉ាស្ទ័រនិងគម្រោងដែលទៅរៀនហ្នឹងវាថ្មីហើយប្លែកសម្រាប់ខ្មែរ ហើយអាចយកមកអភិវឌ្ឍស្រុកខ្មែរបាន ទើបគេអោយអាហារូបករណ៍ ព្រោះគេមិនចេះតែអោយងាយៗទេបើគ្មានចក្ខុវិស័យ និងទិសដៅច្បាស់លាស់ពេលយើងរៀនចប់ ណាមួយទៀតយើងត្រូវចែះសរសេរទាក់ទាញគេ ពន្យល់គេលើគម្រោងដែលយើងដាក់ស្នើរអាហារូបករណ៍ រួចរង់ចាំលទ្ធផលនៅវគ្គសម្ភាស នៅពេលសម្ភាសរួចរាល់នឹងរង់ចាំលទ្ធផល។

កញ្ញា ផល ដាណេ ដែលបច្ចុប្បន្ន កញ្ញា ជានិស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកឱសថ និងផលិតផលសុខាភិបាល នៅប្រទេសបារំាង។

ជាក់ស្ដែង កញ្ញា ផល ដាណេ បានលើកពីឧទាហរណ៍ផ្ទាល់ខ្លួនថា ខ្លួនបានដាក់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកឱសថ និងផលិតផលសុខាភិបាល ដែលផ្ដោតសំខាន់ការប្រើប្រាស់ផលិតផលនៅលើស្បែក។ មូលហេតុដែលចាប់អារម្មណ៍ផ្នែកហ្នឹង ព្រោះថានៅស្រុកខ្មែរ ការលក់តាមអនឡាញ ការលក់តាមហ្វេសប៊ុក គឺដោយសេរី អ្នកខ្លះគាត់លាយឡេ លាយម្សៅតាមតែរូបមន្តគាត់ចេះ មិនបានសិក្សាស្រាវជ្រាវតាមក្បួនខ្នាតទេ មួយវិញទៀតផលិតផលមួយចំនួនដែលនាំចូលមកពីស្រុកក្រៅគឺមិនសូវជាមានសុវត្ថិភាពសម្រាប់អោយប្រជាជនខ្មែរប្រើប្រាស់នៅឡើយទេ ដូច្នេះហើយពេលដែលកញ្ញារៀនចប់នឹងពាំនាំចំណេះចំនាញទាំងអំបាលម៉ាន យកមកជួយអភិវឌ្ឍនៅស្រុកខ្មែរវិញ និងសហការជាមួយអ្នកដែលពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើអោយមានភាពប្រសើរឡើងនៃការប្រើប្រាស់ថ្នាំ និងផលិតផលប្រើប្រាស់លើស្បែក។ កញ្ញាក៏បានបន្ថែមដែរថា បងប្អូនអ្នកលក់អនឡាញខ្លះគឺគាត់យកផលិតផលមកលក់ខ្លះក៏បានការទទួលស្គាល់ពីក្រសួង ឯខ្លះទៅក៏មិនមានការបញ្ជាក់ទទួលស្គាល់ពីក្រសួង ជាហេតុធ្វើអោយងាយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

កញ្ញាបន្តថា នៅពេលដែលចប់ថ្នាក់អនុបណ្ឌិត កញ្ញានឹងត្រឡប់មលស្រុកខ្មែរវិញដើម្បីរួមសហការជាមួយស្ថាបន ឬអង្គការណាដែរ អាចធ្វើការជាមួយគ្នាលើផ្នែកនេះបន្តិចម្ដងៗ ទម្រាំប្រជាជន គាត់មានការយល់ដឹង ហើយសង្ឃឹមថានឹងមានការចូលរួមជាមួយអ្នកអាជីពដូចគ្នា អ្នកពាក់ព័ន្ធទាំងឡាយ រួមគ្នាដើម្បីផលិតនិងធានាបានគុណភាពនិងសុវត្ថិភាព ហើយក៏សង្ឃឹមថានឹងមានអ្នកជំនាន់ក្រោយៗចាប់អារម្មណ៍រៀនផ្នែកនេះបន្ថែម ដើម្បីជាធនធានដ៏សំខាន់ជួយជំរុញវិស័យឱសថ និងផលិតផលសុខាភិបាល អោយឈានទៅមុខបន្តទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង