Cct850x100 1
1800px x h300px kh

ឆ្នាំ២០២០ កម្ពុជាគ្មានបទល្មើស«លាងលុយកខ្វក់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សមត្ថកិច្ចបង្រ្កាបលុយជិត ១ លានដុល្លារនៅព្រលានយន្តហោះ​​ភ្នំពេញ ថ្ងៃទី ២៩ ឧសភា ឆ្នាំ២០១៩។ 

ភ្នំពេញ៖រយៈពេលពេញ១ឆ្នាំនៃឆ្នាំ២០២០ កម្ពុជាគ្មានបទល្មើសលាងលុយកខ្វក់នោះទេ ខណៈដែលសមត្ថកិច្ចជំនាញរបស់កម្ពុជានៅតែត្រៀមបង្រ្កាបជានិច្ចចំពោះករណីនេះ។នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីឆ្នាំ២០១៩សមត្ថកិច្ចជំនាញរបស់កម្ពុជាបានបង្រ្កាបលើជនជាតិចិន៣នាក់ពីបទលាងលុយ បន្ទាប់ពីពួកគេបាននាំយកលុយដែលគ្មានប្រភពច្បាស់លាស់ជាង៣លានដុល្លារអាមេរិកមកកាន់ប្រទេសកម្ពុជា។ប៉ុន្តែសម្រាប់ឆ្នាំ២០២០កន្លងទៅនេះ គឺគ្មានបទល្មើសលាងលុយកខ្វក់នោះទេ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានថ្លែងថា “ករណីឆ្នាំ២០១៩គេចាប់បាននៅព្រលានយន្តហោះគេចវេចលុយមកទាំងដុលទាំងម្តង ឆ្នាំនេះអត់មានរឿងអ៊ីចឹងកើតឡើងទេ យើងអត់មានបង្ក្រាបជួប ពាក់ព័ន្ធនឹងករណីនេះទេ”

សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមករា បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធមួយចំនួនទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។ក្នុងកិច្ចប្រជុំនោះ សម្តេច បានអំពាវនាវដល់មន្ត្រីទាំងអស់កុំទន់ជ្រាយចំពោះ«ការសម្អាតប្រាក់»។

សម្តេចបានសង្កត់ធ្ងន់ថា "យើងត្រូវរួមគ្នាធ្វើឲ្យបាន កុំទន់ជ្រាយចំពោះករណីនេះ ហើយពេលដែលធ្វើការបានយើងត្រូវប្រមូលថវិកាទាំងនោះចូលរដ្ឋ ឬធ្វើអ្វីមួយជាសមិទ្ធផលរបស់រដ្ឋ ដោយមិនអាចយកទៅចែកគ្នានៅស្ថាប័ននីមួយៗនោះឡើយ"

គួរបញ្ជាក់ថា កម្ពុជានិងប្រទេសចំនួន១១ទៀត ត្រូវសហភាពអឺរ៉ុបស្នើដាក់បញ្ចូលទៅក្នុងបញ្ជីនៃប្រទេស «ដែលបង្កការគំរាមកំហែងខ្លាំងទៅដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប» ដោយសារតែបរាជ័យក្នុងការដោះស្រាយការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ ក្រៅពីកម្ពុជា ប្រទេសទាំង១១ទៀតរួមមាន ប៉ាណាម៉ា ហ្សាម៉ាអ៊ីក ហ្កាណា ស៊ីមបាវ៉េ មីយ៉ាន់ម៉ា ម៉ូរីស ម៉ុងហ្គោលី បាបាដុស បាហាម៉ា នីការ៉ាហ្កា និងបុតស្វាណា៕

Khcct banner

អត្ថបទទាក់ទង