Yearendyearend1140x150

ក្រសួង៖តំណក់ប្រេងដំបូងមិនមែនមានន័យថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាចុះថោកនោះទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អណ្តូងប្រេង​អប្សរា ក្នុងដែនសមុទ្យកម្ពុជា។

ភ្នំពេញ៖កម្ពុជា​នៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២០ បាន​តំណក់​ប្រេង​លើកដំបូង​ពី​គម្រោង​អភិវឌ្ឍន៍​អណ្តូងប្រេង​អប្សរា បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy បាន​សម្រេច​កិច្ចព្រមព្រៀង​សម្រាប់​ការផ្គត់ផ្គង់​សម្ភារ​សាងសង់​ក្បាល​អណ្តូង ដើម្បី​ទាញ​យក​ប្រេង​នៅ​ប្លុក A ។ប៉ុន្តែតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ពោលមិនដូចការយល់របស់ពលរដ្ឋមួយចំនួននោះឡើយ។នេះបើតាមការអះអាងរបស់ក្រសួងរ៉ែ និង​ថាមពល​។

យោងតាមការចុះផ្សាយរបស់ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ដូចជាការយកទៅចាក់បញ្ចូលយានជំនិះនិងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបានប្រេងឥន្ធនៈដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។ 

បើតាមក្រសួងរ៉ែ និងថាមពល ដោយហេតុថាកម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល។

តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះមានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេដែលមានតម្លៃប្រេងកើនឡើង។

សូមបញ្ជាក់ថា កម្ពុជា​នៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២០ បាន​តំណក់​ប្រេង​លើកដំបូង​ពី​គម្រោង​អភិវឌ្ឍន៍​អណ្តូងប្រេង​អប្សរា។អណ្ដូងប្រេង​ប្លុក​ A គ្រប​ដណ្ដប់​លើ​ផ្ទៃក្រឡា ៣ ០៨៣ ម៉ែត្រការ៉េ​ នៅ​ឈូង​សមុទ្រ​ថៃ ដែល​មាន​ចម្ងាយ​ប្រហែល ១៥០ គីឡូម៉ែត្រ​ ពី​ឆ្នេរសមុទ្រ​របស់​ប្រទេស ​កម្ពុជា និង​មាន​ជម្រៅ​ទឹក​ចន្លោះ​ពី ៥០ ទៅ ៨០ ម៉ែត្រ​។រដ្ឋាភិបាលបានរំពឹងថា ប្រសិនបើ​តម្លៃ​ប្រេង​ស្ថិត​ក្នុង​រង្វង់​ ៨០ ​ដុល្លារ​ ក្នុង​ ១ បារ៉ែល រដ្ឋាភិបាល​នឹង​ទទួល​បាន​ប្រាក់ចំណូល​ប្រហាក់ប្រហែល ៩០០ លាន​ដុល្លារ​ ពី​គម្រោង​អភិវឌ្ឍន៍​ប្រេង​ប្លុក A ក្នុង​រយៈពេល ៩ ឆ្នាំ​៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង