Cct850x100 1
1800px x h300px kh

យុវតីសល់ ជែប ជនជាតិដើមភាគតិចចារាយ តស៊ូឡើងមករៀននៅភ្នំពេញទាំងខ្វះខាត

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
យុវតី សល់ ជែប ជាជនជាតិដើមភាគតិចចារាយ 

ភ្នំពេញ៖ យុវតី សល់ ជែប ជាជនជាតិដើមភាគតិចចារាយ និងជាសិស្សបាក់ឌុបឆ្នាំ២០២០ មកពីវិទ្យាល័យសម្តេចម៉ែឪ នៅខេត្តរតនគិរី។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យយុវតីសល់ ជែប ចង់បន្តការសិក្សាជំនាញគណនេយ្យនៅថ្នាក់សាកលវិទ្យាល័យមួយ ប៉ុន្តែដោយសារជីវភាពគ្រួសារខ្វះខាតទើបធ្វើឲ្យយុវតីរូបនេះជួបការលំបាកច្រើនក្នុងការមកសិក្សានៅទីក្រុងភ្នំពេញ។

យុវតី សល់ ជែប បាននិយាយប្រាប់ស៊ីស៊ីថាមស៍ថា នាងស្រុកំណើតនៅភូមិតេន ឃុំយ៉ាងទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ នាងកើតក្នុងគ្រួសារមិនសូវមានជីវភាពធូរធារ ដែលមានឪពុកម្តាយជាអ្នកប្រកបរបរធ្វើស្រែចម្ការ។ យុវតី សល់ ជែប ជាកូនទី២ក្នុងចំណោមបងប្អូន៥នាក់។ ដោយសារជីវភាពរបស់ខ្លួនខ្វះខាត ដូច្នេះធ្វើឲ្យយុវតីរូបនេះជួបការលំបាកច្រើនក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យឯទីក្រុងភ្នំពេញ។

សម្រាប់យុវតី សល់ ជែប ដែលសិស្សបាក់ឌុបថ្មីៗ និងទើបតែចេញមកពីខេត្តដែលឆ្ងាយ នឹងត្រូវមករស់នៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សានៅឯសាកលវិទ្យាល័យយល់ថា ការផ្លាស់មកសិក្សានៅភ្នំពេញនឹងជួបនឹងការលំបាកច្រើនព្រោះ នឹងត្រូវចំណាយច្រើនលើការស្នាក់នៅ ការហូបចុក ការបង់ថ្លៃសាលាជាដើម។ ជាពិសេសការលំបាកលើការចំណាយលើរបស់របរ ការហូបចុក មានតម្លៃខ្ពស់ជាងនៅក្នុងខេត្តរបស់ខ្លួន។

មានវ័យ២១ឆ្នាំ យុវតី សល់ ជែប ជាជនជាតិដើមភាគតិចរស់នៅក្នុងខេត្តរតនគិរី ហើយក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ខ្លួនចង់បន្តជំនាញគណនេយ្យនៅសាកលវិទ្យាល័យ។ មូលហេតុដែលយុវតីរូបនេះសម្រេចចិត្តជ្រើសរើសជំនាញនេះព្រោះជាមុខជំនាញដែលនាងស្រឡាញ់តាំងតែពីតូចមកម៉្លេះ គួបផ្សំនឹងឧបនិស្ស័យចូលចិត្តរៀនផ្នែកគណិតវិទ្យាផងដែរ។

ជាមួយគ្នានេះ យុវតី សល់ ជែប មានសំណូមពរដល់ថ្នាក់ដឹកនាំជួយពង្រឹង និងលើកកម្ពស់ការអប់រំដល់សិស្សជនជាតិដើមភាគតិចឲ្យទទួលបានការជំរុញលើកទឹកចិត្តក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។ ជាងនេះទៀតសំណូមពរដល់រដ្ឋាភិបាលផ្តល់អាហារូករណ៍ដល់សិស្សានុសិស្សជនជាតិដើមភាគតិចដែលមានជីវភាពខ្វះខាត ឲ្យបានបន្តការសិក្សានៅថ្នាក់ឧត្តម៕ 

Khcct banner

អត្ថបទទាក់ទង