Yearendyearend1140x150

កងទ័ពកម្ពុជា-ចិន ជាង៣ពាន់នាក់នឹងធ្វើ«សមយុទ្ធ»រួមគ្នាចាប់ពីថ្ងៃទី១៤ មីនា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖“សមយុទ្ធនាគមាសឆ្នាំ២០២០” ដែលប្រារព្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នឹងធ្វើឡើងតាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត។

សមយុទ្ធនាគមាសលើកទី៤នេះ នឹងមានកម្លាំងចូលរួមជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិនមានកងទ័ពចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជាមានកម្លាំងចូលរួម២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។

“សមយុទ្ធនាគមាសឆ្នាំ២០២០” នៅតែបន្តផ្តោតសំខាន់លើការ ប្រឆាំង ភេវរកម្ម និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្រ្គោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។

សមយុទ្ធនាគមាស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ខណៈដែល មិត្តភាពជាដែកថែប រឹងមាំជាងដំណាក់កាលណាៗទាំងអស់របស់ប្រទេសទាំងពីរ ត្រូវបានកើតឡើងក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធបិតី នៃសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង