Yearendyearend1140x150

ស្វាយពីរដើមរបស់សម្តេច នរោត្តម​ សីហនុ​ ត្រូវស្ថានទូតចិនបង្កើតជា"សួនមិត្តភាពកម្ពុជាចិន"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សួនមិត្តភាពកម្ពុជាចិន

ភ្នំពេញ៖ដើមស្វាយចំនួនពីរដើមដែលប្រទានដោយ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ ត្រូវបាន ស្ថានទូតចិនប្រចាំនៅកម្ពុជាបានរៀបចំដើមស្វាយទាំងពីរដើមនេះ បង្កើតជា "សួនមិត្តភាពកម្ពុជាចិន"។គិតមកដល់ពេលបច្ចុប្បន្ននេះ ស្វាយពីរដើមរបស់សម្តេច នរោត្តម​ សីហនុ​ បានអាយុកាល៥០ឆ្នាំហើយ។

ថ្លែងក្នុងពិធីសម្ពោធសួនឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា នៅឆ្នាំ១៩៦៧ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងសម្ដេចព្រះមហាក្សត្រី បានសព្វព្រះរាជហឫទ័យប្រទានកូនដើមស្វាយពីរដើមឱ្យទៅស្ថានទូតចិន។ឯកឧត្តមថា ទោះជាបានឆ្លងកាត់ ខ្យល់ភ្លៀង អស់កាល៥០ឆ្នាំជាងហើយក្ដី ក៏ដើមស្វាយទាំងពីរដើមនេះនៅតែដុះឫសទៅជ្រៅ និងលូតលាស់បែកមែកសាខាបានល្អ គឺដូចជាមិត្តភាពកម្ពុជាចិនដូច្នោះដែរ ទោះជាឆ្លងកាត់ពេលវេលា និងខ្យល់ព្យុះភ្លៀងឧបសគ្គយ៉ាងណាក៏ដោយ ក៏នៅតែរឹងមាំជារាងដរាប។

ឯកឧត្ដម វ៉ាង វិនធាន បានបន្ថែមទៀតថា "អ្នកមុនដាំដើមឈើ អ្នកក្រោយបានម្លប់ជ្រក" គឺដូចជា ដោយសារ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងសម្ដេចព្រះមហាក្សត្រី ព្រមទាំងថ្នាក់ដឹកនាំប្រទេសចិនជំនាន់មុន បានកសាងមិត្តភាពកម្ពុជាចិននេះឡើង ទើបធ្វើឱ្យប្រទេសកម្ពុជា និងចិន អាចក្លាយជាមិត្តដែកថែប និងសហគមន៍រួមវាសនា នៅថ្ងៃនេះបាន។

បើតាមឯកឧត្ដម វ៉ាង វិនធាន "ផឹកទឹក មិនភ្លេចអ្នកជីកអណ្ដូង" ដើម្បីគោរពរំលឹកដល់ព្រះរាជកិច្ចខិតខំប្រឹងប្រែងកសាងមិត្តភាពកម្ពុជាចិនរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងដើម្បីអោយមនុស្សកាន់តែច្រើន ជាពិសេសយុវជនជំនាន់ក្រោយបានស្វែងយល់ និងបន្តស្នងមិត្តភាពកម្ពុជាចិនជាប្រពៃណីដ៏ល្អផូរផង់នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានរៀបចំដើមស្វាយទាំងពីរដើមនេះ បង្កើតជា "សួនមិត្តភាពកម្ពុជាចិន"។សម្តេចព្រះមហាក្សត្រី ស្ដេចយាងប្រទានកាត់ខ្សែបូសម្ពោធដោយផ្ទាល់ ដើម្បីផ្ដល់អត្ថន័យកាន់តែស៊ីជម្រៅ និងកាន់តែពេញលេញឱ្យសួនមិត្តភាពនេះបន្ថែមទៀត។ ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងបន្តថែរក្សាដើមស្វាយទាំងពីរឱ្យបានល្អបន្តទៅមុខទៀត ព្រមទាំងនឹងបណ្ដុះដើមថ្មីនៅក្នុងសួន ដើម្បីឱ្យដើមស្វាយដែលតំណាងឱ្យមិត្តភាពកម្ពុជាចិននៅបន្តមានជីវិតរស់រវើក ស្នងបន្តទៅជំនាន់ក្រោយៗទៀត៕

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជឫទ័យជជែកពិភាក្សាជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតចិន ថាដើមស្វាយ ដែល ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងយើងខ្ញុំបានប្រគល់ជូនស្ថានទូតចិនលូតលាស់ធំធាត់ បែកមែកសាខា និងចេញផ្លែស្រស់បំព្រងនេះ ធ្វើអោយយើងខ្ញុំសព្វព្រះរាជឫទ័យជាខ្លាំង។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំថែរក្សារបស់បុគ្គលិកស្ថានទូតចិនគ្រប់ជំនាន់មុនៗទាំងអស់។ យើងខ្ញុំផ្ទាល់ និងព្រះរាជវង្សានុវង្សខ្មែរទាំងអស់ នឹងខិតខំបន្តធ្វើឱ្យមិត្តភាពកម្ពុជាចិនកាន់តែស៊ីជម្រៅបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង