Cct850x100 1
1800px x h300px kh

អាជីវករលក់ឡានមួយចំនួនត្អូញត្អែពីផលប៉ះពាល់ដោយសារកូវីដ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖អាជីវករលក់ឡានមួយទឹកបានត្អូញត្អែពីការប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ផ្ទុះឡើង ដោយសារតែការលក់មានការធ្លាក់ចុះ និងមិនមានភ្ញៀវចេញចូលចូលច្រើន ដូចកាលមិនទាន់ផ្ទុះកូវីដ-១៩។ជាមួយគ្នានេះ ពួកគេក៏ជួបនឹងបញ្ហាការតម្លើងពន្ធ៥% លើការនាំចូលរថយន្តថ្មីស៊េរីទំនើប ដែលរដ្ឋាភិបាលបានកំណត់ផងដែរ។

លោក អរុណ ជាអាជីវករលក់ឡានមួយទឹកក្នុងក្រុងភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្នុងកំឡុងពេលជួបប្រទះនឹងបញ្ហាកូវីដ១៩នេះ ការលក់ដូររបស់លោកមានការធ្លាក់ចុះជាខ្លាំង ពោលគឺបាត់ភ្ញៀវចេញចូលមិនដូចកាលពីមិនទាន់ផ្ទុះជំងឺកូវីដ។លោកបានធ្វើការប្រៀបធៀបការលក់រវាងឆ្នាំនេះនិងឆ្នាំមុន លោកថាឆ្នាំមុនៗគឺឱ្យតែហាងលោកធ្វើការបញ្ចុះតម្លៃ ធ្វើការផ្សព្វផ្សាយ គឺដឹងតែមានអតិថិជនមកទិញហើយ តែរដូវកាលកូវីដនេះ ទោះធ្វើឬមិនធ្វើការផ្សព្វផ្សាយក៏មិនសូវមានអ្នកចាប់អារម្មណ៍។

មិនខុសគ្នាពីលោក អរុណ ជាអាជីវករលក់ឡានមួយទឹកក្នុងក្រុងភ្នំពេញ លោក ម៉េង បានឱ្យដឹងថា ក្នុងអំឡុងពេលកូវីដនេះ មិនថាអាជីវករណាទេ គឺរងផលប៉ះពាល់ដូចគ្នា គ្រាន់តែខ្លះប៉ះពាល់តិចខ្លះប៉ះពាល់ច្រើន បើគិតជាភាគរយគឺធ្លាក់ចុះក្រោម៥០%ភាគរយឯណោះសម្រាប់ការលក់របស់ហាងលោកផ្ទាល់។

លោកថ្លែងទៀតថា កាលពីមិនទាន់មានកូវីដ១៩ ហាងរបស់លោកគឺអាចលក់បានជាធម្យម៧ទៅ១០គ្រឿងក្នុងមួយខែ តែអំឡុងពេលកូវីដ១៩នេះ ការលក់មានការធ្លាក់ចុះខ្លាំង គឺលក់បានតិចតួចបំផុត ខែខ្លះលក់មិនបានមួយគ្រឿងផងក៏មាន។ដូច្នេះធ្វើឱ្យលោកជួបការលំបាកខ្លាំង ដោយសារតែត្រូវបង់ធនាគារផង ស្របពេលដែលការលក់ឡានមានការធ្លាក់ចុះទៀតនោះ ធ្វើឱ្យការបង្វិលការប្រាក់មានការយឺតយ៉ាវ ដូច្នេះវាបានប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់លោក។

ស្របពេលប្រឈមនឹងកូវីដ១៩ ទីផ្សារលក់ឡានមួយទឹក ក៏មានការប្រកួតប្រជែងផងដែរ ដោយសារតែមានអ្នកលក់ច្រើន ធ្វើឱ្យការលក់តឹងតែងជាងមុន។លោកថាការប្រកបរបរបែបនេះ រូបលោកក៏បានលើកឡើងពីហានិភ័យខ្លះដែរ ក្នុងការនាំចូលរថយន្តមួយទឹកពីក្រៅប្រទេស ជួនកាលនាំចូលរថយន្តមកមិនគ្រប់គ្រឿង ខ្វះគ្រឿងបន្លាស់ ដូច្នេះវាប៉ះពាល់ដល់ការលក់ ដូចជាត្រូវលក់ខាតជាដើម។

យ៉ាងណាក៏ដោយ ក៏អាជីវកម្មលក់ឡាន់មួយទឹក មានទីផ្សារប្រកួតប្រជែងខ្លាំងដែរ ដោយសារតែសន្ទុះនៃអ្នកប្រកបរបរនេះមានការកើនឡើង ហើយតម្លៃក៏មានការប្រកួតប្រជែង ជាងនេះគឺតម្លៃឡានថ្មី និងឡានមួយទឹកប្រហាក់ប្រហែលគ្នា ដូច្នេះធ្វើឱ្យរបរប្រភេទនេះមានភាពប្រកួតប្រជែងទីផ្សារ។

ក្រៅពីការប្រឈមនឹងវិបត្តិកូវីដ និងប្រកួតប្រជែក ក្រុមអាជីវកររកស៊ីលក់ឡាន ក៏ជួបនឹងបញ្ហា ការតម្លើងពន្ធ៥% លើការនាំចូលរថយន្ត ដែលរដ្ឋាភិបាលបានកំណត់ផងដែរ។តាមក្រុមអាជីវករពន្ធនេះបានជះឥទ្ធិពលដល់ការរកស៊ីរបស់ពួកគេ។

យោងតាមតួលេខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថាវិបត្តិនៃវីរុសកូវីដ១៩បណ្តាលឱ្យការនាំចូលរថយន្តរបស់ប្រទេសកម្ពុជាមានការធ្លាក់ចុះជាង ១៣ ០០០ គ្រឿង បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដំបូងកាលពីឆ្នាំកន្លងទៅ។របាយការណ៍ដដែលបានបន្ថែមឲ្យដឹងថាប្រាក់ចំណូលទទួលបានពីការនាំចូលទាំងយានយន្តនិងគ្រឿងម៉ាស៊ីននានាដែលមានចំនួន ៤២,៤ ភាគរយនៃចំណូលនាំចូលសរុបរបស់ប្រទេសបានធ្លាក់ចុះមកនៅត្រឹម ៣១,៥ ភាគរយក្នុងឆមាសទីមួយនៃឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ពាក្យទាក់ទង: រថយន្ត កូវីដ១៩
Khcct banner

អត្ថបទទាក់ទង