Yearendyearend1140x150
Img 0571

វេជ្ជបណ្ឌិតជនជាតិខ្មែរនៅអាមេរិកប្រាប់ពី«នីតិវិធីនៃការទទួលបានវ៉ាក់សាំង»នៅអាមេរិក

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
វេជ្ជបណ្ឌិត សៀង សេង គឺជាជនជាតិខ្មែរម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក លោកបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩លើកទីមួយនៅថ្ងៃទី២៨ ធ្នូ២០២០ កន្លងទៅ

ភ្នំពេញ៖ វេជ្ជបណ្ឌិត សៀង សេង គឺជាជនជាតិខ្មែរម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក លោកបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩។ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍លោកវេជ្ជបណ្ឌិតបានប្រាប់ពីនីតិវិធីមួយចំនួននៃការទទួលបានវ៉ាក់សាំង» នៅអាមេរិក ដែលទើបតែទទួលបានកាលពីថ្ងៃទី២៨ធ្នូ២០២០កន្លងទៅ។

ថ្មីៗនេះ ក្រុមហ៊ុនថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អាមេរិកចំនួនពីរ ត្រូវបានទទួលការអនុញ្ញាតផ្ដល់ឱ្យចាក់គឺ ក្រុមហ៊ុនម៉ូឌែរណា(Moderna) និង ក្រុមហ៊ុនហ្វាយហ្សឺ (Pfizer/BioNTech) ដែលថ្នាំវ៉ាក់សាំងទាំងពីរនោះ មានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា ហើយតម្រូវឱ្យមកចាក់ចំនួន២លើកដូចគ្នា ក្នុងចន្លោះ២១ថ្ងៃ សម្រាប់ថ្នាំវ៉ាក់សាំងប្រភេទ Pfizer និង ២៨ថ្ងៃ សម្រាប់ថ្នាំវ៉ាក់សាំងប្រភេទ Moderna។

សម្រាប់ប្រភេទវ៉ាក់សាំង Moderna វាងាយនឹងដឹកជញ្ជូន និងរក្សាទុកដាក់ប្រសើរជាង Pfizer ព្រោះគេអាចប្រើទូទឹកកកធម្មតាបាន។ វាមិនបណ្ដាលឱ្យមានប្រតិកម្មក្រោយពីចាក់វ៉ាក់សាំងខ្លាំងធ្ងន់នោះទេ អ្នកអាចទទួលបានវ៉ាក់សាំងមានអាយុចាប់ពី ១៦ ឬ១៨ឆ្នាំឡើងទៅតាមប្រភេទវ៉ាក់សាំង ក៏ប៉ុន្តែសម្រាប់កុមារ ស្រ្តីមានផ្ទៃពោះ អ្នកបំបៅកូនដោយទឹកដោះ ពួកគេមិនអាចទទួលការចាក់វ៉ាក់សាំងនោះទេ។នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត សៀង សេង។

វេជ្ជបណ្ឌិត សៀង សេង បានថ្លែងថា នៅអាមេរិកអ្នកទទួលបានវ៉ាក់សាំងមុនគេ គឺបណ្ដាក្រុមគ្រូពេទ្យមួយចំនួនធំដែលធ្វើការនៅបន្ទប់ផ្នែកសង្រ្គោះបន្ទាន់(ICU) ពួកគេបានទទួលវ៉ាក់សាំងមុនគេ បន្ទាប់មកអ្នកមើលថែទាំមនុស្សចាស់នៅតាមមណ្ឌលមនុស្សចាស់ផងដែរ។ បន្ទាប់មកទៀត ក្រុមគ្រូពេទ្យផ្នែកទូទៅ នៅតាមបណ្ដាមន្ទីរពេទ្យក្នុងមូលដ្ឋាននានាផងដែរ។

លោក សៀង សេង ក៏ធ្លាប់ធ្វើការងារនៅក្នុងមន្ទីរពេទ្យផងដែរ។ លោកបានទទួលការចាក់ថ្នាំវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទវ៉ាក់សំាង Pfizer (ហ្វាយហ្សឺ) នៅមន្ទីរពេទ្យ Doctors Medical Center នៅរដ្ឋកាលីហ្វរនី សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ វេលាម៉ោង១០ព្រឹក។ មុននឹងចាក់វ៉ាក់សាំង ក្រសួងសុខាភិបាលតម្រូវឱ្យសាម៉ីខ្លួន ចុះឈ្មោះតាមទម្រង់នៃបញ្ជីឈ្មោះអ្នកបានយល់ព្រមមកទទួលការចាក់វ៉ាក់សាំង ដើម្បីឱ្យប្រាកដថា សាម៉ីខ្លួនសុខចិត្តឱ្យគេចាក់វ៉ាក់សាំងឱ្យដែរអត់ បន្ទាប់មកគេចាក់វ៉ាក់សាំងឱ្យហើយ រួចទទួលបានកាតមួយសម្រាប់មកចាក់វ៉ាក់សាំងលើកទីពីរ នៅពេលក្រោយទៀត។ ហេតុនេះលោកពូ ក៏បានត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំងលើកទីពីរផងដែរនៅថ្ងៃដែលពេទ្យបានកំណត់ឱ្យផងដែរ នៅថ្ងៃទី១៨ មករា ២០២១ ខាងមុខនេះ។

មូលហេតុដែលធ្វើឱ្យលោកយល់ព្រមចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ដោយសារលោកមើលឃើញថា ប្រភេទថ្នាំចាក់វ៉ាក់សាំងដែលគេបានផ្ដល់ឱ្យនោះ ពិតជាមានគោលការណ៍ច្បាស់លាស់ និងនិន្នាការដែលគេបានផ្ដល់អាចឱ្យអ្នកទទួលបានការចាក់វ៉ាក់សាំងទទួលយកបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

បន្ទាប់ពីបានចាក់វ៉ាក់សាំងមួយលើករួចមក លោកសង្កេតឃើញថា វាមិនមានផលរំខានខ្លាំងនោះទេ វាតិចតួចបំផុត។ បន្ទាប់ពីចាក់វ៉ាក់សាំងលើកទីមួយរួច ជាថ្នាំវ៉ាក់សាំងប្រភេទ Pfizer ក្នុងរយៈពេល០៦ម៉ោងក្រោយ វារាងឈឺចាប់ត្រង់មុខចាក់សឺរ៉ាំងក្នុងរយៈពេលខ្លី ហើយក៏បាត់ទៅវិញទៅ ដោយមិនមានអាការៈឈឺក្បាល ក្ដៅខ្លួន ឈឺសន្លាក់ជើងដៃដូចដែលគេចេះតែនិយាយទៅនោះទេ។ រយៈពេល១០ថ្ងៃក្រោយ បន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីមួយ ប្រសិទ្ធិភាពទទួលបានខ្ទង់ត្រឹមតែ ៥៧ភាគរយប៉ុណ្ណោះទេ លុះត្រាតែរង់ចំាចាក់វ៉ាក់សាំងលើកទីពីរទៀត វាទើបអាចបង្ការពីជំងឺកូវីដបាន៩៥ភាគរយដែលអាចទុកចិត្តបាន។

វេជ្ជបណ្ឌិតសៀង សេង អះអាងថា ភាគច្រើនបងប្អូនប្រជាពលរដ្ឋនៅមិនទាន់យល់ច្បាស់ថា នៅពេលបានចាក់វ៉ាក់សាំងហើយ វាអាចការពារ និងមិនឱ្យវីរុសកូវីដ១៩ មកយាយីសាម៉ីខ្លួនតែម្នាក់តែប៉ុណ្ណោះ តែមិនអាចការពារមិនឱ្យទៅឆ្លងបន្តដល់អ្នកផ្សេងនោះទេ លុះត្រាតែអ្នកនោះបានចាក់វ៉ាក់សាំងដែរ។ នេះបានសេចក្ដីថា អ្នកទាំងអស់គ្នាត្រូវតែទៅទៅទទួលការចាក់វ៉ាក់សំាងឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសពីការឆ្លងវីរុសកូវីដ១៩បាន ហើយទាល់តែ៦០ទៅ៧០ភាគរយនៃប្រជាជនសរុបក្នុងសហគមន៍ ឬក្នុងប្រទេស ពួកគេត្រូវទៅចាក់ថ្នាំវ៉ាក់សាំងសិន។

យ៉ាងណាមិញ សព្វថ្ងៃនេះ ទោះបីជាមានការចាក់វ៉ាក់សំាងនៅក្នុងសហគមន៍ក៏ពិតមែន តែរដ្ឋាភិបាលនៅតែបន្តប្រកាសនូវការប្រយ័ត្នប្រយែង បន្តការរក្សាគន្លាតពីគ្នា គោរពតាមគោលការណ៍ក្រសួងសុខាភិបាល បើមិនដូច្នោះទេ ប្រជាពលរដ្ឋក្នុងសហគមន៍ អាចនឹងប្រឈមមុខនូវបញ្ហាការរីករាលដាល ហើយជំងឺឆ្លងមួយនេះ មិនអាចបាត់ទៅណានោះទេ។ ដើម្បីការពារជំងឺកូវីដ១៩បាន ប្រជាពលរដ្ឋក្នុងមូលដ្ឋាននានា ត្រូវគោរពតាមគោលការណ៍ 3W ទីមួយ គឺ ការពាក់ម៉ាស (Wear a mask) ទីពីរគឺ ការលាងដៃអាល់កុល (Washing your hand) និងទីបីគឺ ការរក្សាគម្លាតពីគ្នា(Watch your distance)។

ក្នុងនាមជាកូនខ្មែរមួយរូប លោកសូមលើកទឹកចិត្តដល់ប្រជាជនទាំងអស់គ្នានៅទូទាំងពិភពលោក ជាពិសេសប្រជាពលរដ្ឋកម្ពុជា គួរតែទៅទទួលយកការចាក់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសពីជំងឺកូវីដ១៩។ លោកបន្ថែមថា ប្រជាជននៅទូទាំងសាកលលោកនេះ ពិតជាសំណាងណាស់ ដែលមានអ្នកស្រាវជ្រាវវិទ្យាសាស្ត្រអាចផលិតថ្នាំចាក់វ៉ាក់សាំងការពារបង្ការជំងឺដ៏កាចសាហាវមួយនេះបាន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះលោកវេជ្ជបណ្ឌិត សៀង សេង ជាជនជាតិខ្មែរ មានអាយុ ៧០ឆ្នាំ រស់នៅរដ្ឋកាលីហ្វរនី សហរដ្ឋអាមេរិក។ នៅសម័យផ្ដើមខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ លោកធ្លាប់ជាអតីតនិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(UHS) ហៅកាត់ថាសាលាក្រហម។ តែក្រោយមក លោកក៏បានរត់ទៅនៅជំរុំភៀសខ្លួនក្បែរព្រំដែនខ្មែរ-ថៃ រួចក៏បន្តចំណាកស្រុកទៅរស់នៅសហរដ្ឋអាមេរិកតាំងពីពេលនោះមក ហើយបេជ្ញាចិត្តតស៊ូរៀនផ្នែកវេជ្ជសាស្រ្តឡើងវិញពីមហាវិទ្យាល័យពេទ្យ John A. Burns School of Medicine នៅទីក្រុង ហូណូលូលូ រដ្ឋហាវ៉ៃ រួចបន្តយកឯកទេសខាង «ពេទ្យប្រចាំគ្រួសារ» នៅ Scenic General Hospital។ ក្រោយមក លោកទទួលហ្វឹកហ្វឺនវេជ្ជបណ្ឌិតថ្មី ដែលចង់បានឯកទេសខាងវេជ្ជបណ្ឌិតប្រចាំគ្រួសារ នៅ Valley Consortium for Medical Education-Modesto។ 

វេជ្ជបណ្ឌិត សៀង សេង គឺជាជនជាតិខ្មែរម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក ដែលបានចាកចេញពីស្រុកកំណើតរបស់ខ្លួនតាំងពីជំនាន់សម័យខ្មែរក្រហម 
បច្ចុប្បន្នលោកវេជ្ជបណ្ឌិតរូបនេះ ចូលនិវត្តន៍ពីការងារ៤ឆ្នាំមកហើយ តែនៅជួយបង្រៀនសិស្សរៀនផ្នែកពេទ្យសម្ភពនៅរដ្ឋកាលីហ្វនី 

(រូបភាពដោយ៖ វេជ្ជបណ្ឌិត សៀង សេង)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង