Yearendyearend1140x150

កម្ពុជាប្រមូលចំណូល«ពន្ធ-អាករ»បានជិត៣ពាន់លានដុល្លារក្នុងឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជាបានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករដែលប្រមូលបានមានចំនួន២៨៨៩លានដុល្លារអាមេរិក ដោយកើនឡើងជាង៣.៧៣ភាគរយ បើធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ។

យោងតាមរបាយការណ៍ ចំណូលពន្ធ-អាករដែលប្រមូលបានក្នុងឆ្នាំកន្លងទៅនេះ ស្មើនឹង ១០១,៣៦ភាគរយ នៃផែនការប្រចាំឆ្នាំ បើទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេសពាក់ព័ន្ធនឹងការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យផលិតស្រាបៀរ ដោយកែសម្រួលការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយប្រើប្រាស់ឧបករណ៍ទំនើបស្វ័យប្រវត្តិ ព្រមទាំងបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ លើវិស័យដែលនៅមានសក្តានុពល ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែង ជាអាទិ៍ ដូចជា វិស័យទូរគមនាគមន៍ វិស័យស្រាបៀរនិងភេសជ្ជៈ វិស័យថ្នាំជក់និងបារី និងធ្វើទំនើបកម្មលើការប្រមូលគ្រប់គ្រងបំណុលពន្ធ ដែលនឹងកត់ត្រានិងរក្សាប្រវត្តិបំណុលពន្ធច្បាស់លាស់ មានការវិភាគនូវហានិភ័យបំណុលពន្ធត្រឹមត្រូវ និងផ្ដល់លទ្ធភាពខ្ពស់ដល់រដ្ឋបាលសារពើពន្ធ ក្នុងការគ្រប់គ្រងប្រមូលបំណុលពន្ធ។ 

ជាមួយគ្នានេះ ក៏ត្រៀមដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរសព្ទ ដែលនឹងផ្ដល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធ ក្នុងការពិនិត្យព័ត៌មានអចលនទ្រព្យរបស់ខ្លួន និងបង់ពន្ធលើអចលនទ្រព្យតាមទូរសព្ទដៃតែម្ដង និងត្រៀមដាក់ឱ្យអនុវត្តកម្មវិធីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទតាមអនឡាញ ដែលនឹងផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ អាចបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកនូវចំណូលពន្ធ-អាករជាជោគជ័យដ៏ធំមួយ ខណៈកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំ២០២១នេះ ឯកឧត្តម បានគាំទ្រលើវិធានការដែលបានដាក់ចេញរបស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍ឱ្យយកចិត្តទុកដាក់ពិនិត្យ និងសិក្សាលើលទ្ធភាពនៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce វិស័យប្រេងកាត ដែលជាសក្តានុពលថ្មី វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពន្ធដារ​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង