Yearendyearend1140x150

យុវជនប៊ុនថន ពុទ្ធិពង្សចង់រៀនជំនាញ«វិស្វកម្មព័ត៌មានវិទ្យា»ដើម្បីក្លាយជាអ្នកគ្រប់គ្រងទិន្នន័យអ៊ីនធឺណេត

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
យុវជន ប៊ុនថន ពុទ្ធិពង្ស ជាសិស្សបាក់ឌុបឆ្នាំ២០២០

ភ្នំពេញ៖ យុវជន ប៊ុនថន ពុទ្ធិពង្ស ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងមានបំណងដាក់ពាក្យប្រឡងចូលរៀនជំនាញ«វិស្វកម្មព័ត៌មានវិទ្យា»នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ដើម្បីបានចូលរៀនជំនាញដែលខ្លួនស្រឡាញ់នេះ យុវជនពុទ្ធិពង្ស បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងស្វ័យសិក្សាក្នុងការត្រៀមប្រឡងចូលនៅសាលាតិចណូ។

យុវជនវ័យ១៩ឆ្នាំ ប៊ុនថន ពុទ្ធិពង្ស ជាអតីតសិស្សនៅសាលាមហាសាស្ត្រា បាននិយាយប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ខ្លួនចង់សិក្សាជំនាញវិស្វកម្មព័ត៌មានវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ មូលហេតុដែលយុវជនរូបនេះសម្រេចចិត្តចង់សិក្សានូវជំនាញនេះ ដោយសារខ្លួនចូលចិត្តផ្នែកកំព្យូទ័រ និងជំនាញដែលទាក់ទងនឹងអេឡិចត្រូនិច គួបផ្សំនឹងចំណេះដឹងទូទៅដែលទាក់ទងនឹងមុខវិជ្ជាដូចជា គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស។

យុវជន ប៊ុនថន ពុទ្ធិពង្ស បានបន្តថា ដើម្បីសម្រេចនូវបំណងរបស់ខ្លួនដែលចង់រៀនជំនាញវិស្វកម្មព័ត៌មានវិទ្យានៅសាលាតិចណូ គឺត្រូវការឆ្លងកាត់នូវការប្រឡងសិន ទើបអាចមានសិទ្ធិចូលរៀនបាន។ អាស្រ័យហេតុនេះហើយ ទើបទាមទារឲ្យយុវជនរូបនេះខិតខំប្រឹងប្រែងរៀនដើម្បីប្រឡងចូលរៀននូវជំនាញនេះ។ ក្នុងការរៀនត្រៀមសម្រាប់ការប្រឡងនេះទៀតសោត ពុទ្ធិពង្ស ខិតខំស្វ័យសិក្សាដោយប្រឹងធ្វើវិញ្ញាសាចាស់ៗដូចជាមុខវិជ្ជា គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា តក្កវិទ្យា ដែលធ្លាប់ចេញក្នុងការប្រឡងកន្លងមក។

ចំពោះយុវជន ពុទ្ធិពង្ស យល់ឃើញថាជំនាញវិស្វកម្មព័ត៌មានវិទ្យា គឺជាមុខជំនាញមួយដែលមានភាពទូលំទូលាយនិងមានឱកាសច្រើននៅក្នុងទីផ្សារការងារ។ ជំនាញនេះអាចធ្វើការបានច្រើនផ្នែក ហើយអាចធ្វើការបានស្ទើរតែគ្រប់ស្ថាប័នរដ្ឋនិងឯកជន ដូច្នេះអ្នកដែលរៀនជំនាញនេះមិនសូវពិបាកក្នុងការស្វែងរកការងារ។ នាថ្ងៃអនាគតយុវជនពុទ្ធិពង្ស ចង់បម្រើការងារផ្នែកគ្រប់គ្រងទិន្នន័យចំណូលនិងចំណាយនៅតាមអ៊ីនធឺណេត។

យុវជន ប៊ុនថន ពុទ្ធិពង្ស ជាសិស្សបាក់ឌុបឆ្នាំ២០២០

គួរបញ្ជាក់ដែរថា ទាក់ទងនឹងការអប់រំវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម គណិតវិទ្យា ជាជំនាញដែលចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារអំពាវនាវដល់សិស្សដែលទើបជាប់បាក់ឌុបជ្រើសជំនាញណាដែលពាក់ព័ន្ធបដិវត្តន៍ឧស្សហកម្មទី៤ ព្រោះថាដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ សិស្សទាំងអស់គួរពិចារណាសិក្សាជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធបដិវត្តន៍ឧស្សហកម្មទី៤៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង