Cct850x100 1
1800px x h300px kh

សិស្សបាក់ឌុបមួយចំនួនជួបការលំបាកពេលដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សិស្សានុសិស្សដែលទើបតែជាប់បាក់ឌុបឆ្នាំ២០២០ និងមានបំណងបន្តការសិក្សានៅឯសាកលវិទ្យាសម្រាប់ឆ្នាំសិក្សាថ្មីនេះ បានលើកឡើងពីផលលំបាកមួយចំនួនចំពោះការដាក់ពាក្យចូលរៀនឆ្នាំមូលដ្ឋាន ក៏ដូចជាការដាក់ពាក្យប្រឡងយកអាហារូបករណ៍នៅតាមសាកលវិទ្យាល័យនានា។ ដោយមានសិស្សមួយចំនួនយល់ឃើញស្រដៀងៗគ្នាថា ការដាក់ពាក្យចូលរៀន ឬពាក្យស្នើសុំអាហារូបករណ៍ផ្សេងៗ ហាក់ដូចជាមានការលំបាក ព្រោះមិនសូវដឹងពីដំណើរការនៃការដាក់ពាក្យ ក៏ដូចជាការទទួលបានព័ត៌មានឲ្យបានទូលំទូលាយពីមុខជំនាញដែលខ្លួនចង់រៀន។

យុវតី ឆេង គឹមហ៊ាង ជាសិស្សដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងតែស្វែងរកដាក់ពាក្យប្រឡងយកអាហារូបរណ៍ចូលសិក្សាផ្នែកនីតិសាស្ត្រ (ច្បាប់) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ យុវតី គឹមហ៊ាង បាននិយាយថាចំពោះការដាក់ពាក្យចូលរៀនឆ្នាំមូលដ្ឋាន ក៏ដូចជាការដាក់ពាក្យប្រឡងយកអាហារូបករណ៍នៅតាមសាកលវិទ្យាល័យនានា សម្រាប់យុវតីរូបនេះផ្ទាល់យល់ថាមានការលំបាក ព្រោះថាខ្លួនជាសិស្សដែលមកពីខេត្ត ដូច្នេះមិនសូវដឹងពីដំណើរការនៃការដាក់ពាក្យ ក៏ដូចជាការទទួលបានព័ត៌មានឲ្យបានទូលំទូលាយពីមុខជំនាញដែលខ្លួនចង់រៀន។

យុវតី ឆេង គឹមហ៊ាង ថ្លែងថា សិស្សដែលទើបតែបញ្ចប់ការសិក្សាឆ្នាំ២០២០ មិនធ្លាប់ចូលរួមសិក្ខាសាលាទាក់ទងនឹងមុខជំនាញដែលសិស្សត្រូវរៀនបន្តនៅថ្នាក់មហាវិទ្យាល័យដូចឆ្នាំមុនៗដែលខាងសាលារៀនមានការរៀបចំកម្មវិធីតម្រង់ទិសដោយមានការសហការជាមួយបណ្តាសាកលវិទ្យាល័យនានា។

ចំណែកយុវតី វ៉ុន មករា ជាសិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២ថ្មីនេះៗ ក៏កំពុងតែរៀបចំដាក់ពាក្យប្រឡងយកអាហារូបរណ៍ចូលសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេសនៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ យុវតី វ៉ុន មករា បានយល់ថា ការពាក្យចូលរៀនឆ្នាំមូលដ្ឋាន ក៏ដូចជាការដាក់ពាក្យប្រឡងយកអាហារូបករណ៍នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងឆ្នាំសិក្សាថ្មីនេះ ហាក់ដូចជាមានការលំបាក ព្រោះមករាផ្ទាល់គិតថា ដោយមិនមានការប្រឡងបាក់ឌុបក្នុងឆ្នាំ២០២០ធ្វើឲ្យខ្លួនមិនមានបទពិសោធន៍ក្នុងការប្រឡងបញ្ចេញសមត្ថភាព ហើយហេតុនេះក៏ជាមូលហេតុមួយដែលមិនសូវមានទំនុកចិត្តខ្ពស់នៅពេលទៅប្រឡងយកអាហារូបករណ៍មួយនេះ។ ម្យ៉ាងវិញទៀត ការប្រឡងបាក់ឌុបឆ្នាំ២០២០ ក្រសួងអប់រំមិនបានកំណត់និទ្ទេសដល់សិស្សដែរ វាក៏ជាមូលហេតុមួយដែល យុវតី វ៉ុន មករា មិនអាចវាស់ស្ទង់នូវសមត្ថភាពរបស់ខ្លួនថាខ្លួនខ្លាំងឬខ្សោយលើមុខវិជ្ជាណាមួយ។

យុវតី ជឿន ចាន់រ៉ាត់ ជាសិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២ ហើយបច្ចុប្បន្នកំពុងតែមកដាក់ពាក្យចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យុវតី ជឿន ចាន់រ៉ាត់ បាននិយាយថា សម្រាប់រូបនាងផ្ទាល់មានការលំបាកក្នុងការដាក់ពាក្យចូលរៀន ដោយមិនសូវដឹងពីរបៀបនៃការដាក់ពាក្យចូលរៀន ហើយការណ៍ដែលបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញនេះ គឺជាបរិយាកាសថ្មីមួយសម្រាប់យុវតីចាន់រ៉ាត់ដែលជាអ្នកដែលមកពីខេត្ត។ ម្យ៉ាងទៀតសម្រាប់លទ្ធផលបាក់ឌុបក្នុងបរិបទកូវីដ១៩នេះគឺខុសប្លែក ពោលគឺសិស្សប្រឡងជាប់បាក់ឌុបដោយស្វ័យប្រវត្តិ និងមិនមានការកំណត់និទ្ទេស។ ទាំងនេះហើយដែលយុវតីចាន់រ៉ាត់ យល់ថាវាជាផលលំបាកមួយក្នុងការដាក់ពាក្យប្រឡងយកអាហារូបករណ៍ និងខ្លាចគេរើសអើងចំពោះអ្នកបាក់ឌុបឆ្នាំនេះ។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា ការប្រឡងបាក់ឌុបនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់ចប់ ហើយស្នើឱ្យសិស្សថ្នាក់ទី១២ ជាប់ការប្រឡងដោយស្វ័យប្រវត្តិ និងមិនមានការកំណត់និទ្ទេសប្រឡង៕

Khcct banner

អត្ថបទទាក់ទង