Cct850x100 1

លោកបណ្ឌិត វង្ស មេង៖ ប្រាប់ពីវិធីសាស្រ្តអានសៀវភៅឱ្យមានប្រសិទ្ធភាព

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
លោកសាស្រ្តាចារ្យ វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យកម្ពុជា។ 

ភ្នំពេញ៖ ការអានជាវិធីក្នុងការបង្កើនចំណេះដឹងសម្រាប់ មនុស្សទូទៅ ហើយបច្ចុប្បន្នស្ថានភាពការអានសៀវភៅនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។នេះយោងទៅតាមការបកស្រាយរបស់លោកបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យកម្ពុជា។លោកបណ្ឌិត ជាអ្នកមានចំណង់ចំណូលចិត្តអានសៀវភៅ ហើយលោកបានប្រាប់ពីវិធីសាស្រ្តដ៏ជោគជ័យក្នុងការលើកកម្ពស់ការអានសៀវភៅរបស់និស្សិត ដើម្បីឱ្យទទួលបានប្រសិទ្ធភាព។

លោកបណ្ឌិត វង្ស មេង មានប្រសាសន៍ថា អ្នកអានមានជម្រើស២ ទី១ អានសៀវភៅសិក្សាគោលដែលបង្រៀននៅសាលា និងទី២ អានតាមចំណង់ចំណូលចិត្តរបស់គាត់។និស្សិតមួយចំនួនធំ ចូលចិត្តអានសៀវភៅដែលគ្រូបង្រៀន ហើយស្វែងរកប្រភេទសៀវភៅឯទៀតពាក់ព័ន្ធគ្នា ក្នុងគោលបំណងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យការសិក្សាប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។ចំណែកមនុស្សមួយចំនួនទៀត ចូលចិត្តអានដូចជារឿងខ្លីៗ សៀវភៅប្រលោមលោក ការបណ្ដុះគំនិត អប់រំ លើកទឹកចិត្ត សៀវភៅបង្រៀនភាសាបរទេស ស្នាដៃរបស់បុគ្គលជោគជ័យ » ។

បើតាមលោកបណ្ឌិត អត្ថប្រយោជន៍នៃការអានសៀវភៅនឹងចេញលទ្ធផលធ្វើឱ្យអ្នកអានសប្បាយចិត្ត និងមានចំណេះដឹងបានទូលំទូលាយលើសពីពួកគាត់រៀនពីសាលា។

លោកបណ្ឌិតនិយាយថា “ពេលខ្ញុំបង្រៀន ខ្ញុំតែងតែឱ្យសិស្សនិស្សិតអានសៀវភៅ ២-៣ ក្បាលទៀត បន្ថែមពាក់ព័ន្ធនឹងមុខវិជ្ជាដែលកំពុងបង្រៀន ហើយឱ្យពួកគាត់ឆ្លុះបញ្ជាំងនូវអ្វីដែលពួកគាត់បានអានរួច។ នេះជាវិធីពង្រីកចំណេះដឹងឱ្យបានទូលំទូលាយ ពីអ្វីដែលបានអានកន្លង ដើម្បីការអានប្រកបដោយប្រសិទ្ធិភាព និងគុណភាព”

ក្នុងនាមជាសាស្រ្តាចារ្យម្នាក់ដែលធ្លាប់ប្រឡូកក្នុងវិស័យការបង្រៀនអក្សរសាស្រ្ត ភាសាវិទ្យា ដល់សិស្សនិស្សិតជាច្រើនជំនាន់ លោកបណ្ឌិត វង្ស មេង បានផ្ដល់មតិយោបល់ថា សម្រាប់គ្រូបង្រៀនរួមទាំងសិស្សនិស្សិតគ្រប់គ្នា ដើម្បីអានសៀវភៅប្រកបដោយប្រសិទ្ធិភាព ពួកគាត់គួរតែអានឱ្យបានច្រើនទៅតាមមុខវិជ្ជាដែលខ្លួនកំពុងសិក្សានិងបង្រៀន អានឱ្យបានច្រើនទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

សម្រាប់លោកបណ្ឌិត វង្ស មេង ការអានពង្រីកចំណេះដឹងបានទូលំទូលាយ ជជែកវែកញែកគំនិត អាចបំពេញលក្ខខណ្ឌការសិក្សារបស់ខ្លួនឱ្យបានល្អប្រកបដោយបញ្ញាញាណរីកចម្រើន ការអានធ្វើឱ្យមានសមាធិល្អ យល់ដឹងពីបញ្ហាសង្គម និងចេះដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈ។ ការអានសៀវភៅមិនត្រឹមតែជួយឱ្យការសរសេរបានល្អទេ តែជួយឱ្យនិស្សិតអាចយកចំណេះដឹងរបស់ខ្លួនយកទៅអនុវត្តក្នុងសង្គម ។ នៅពេលយើងអានច្រើន យើងនឹងមានគំនិតច្រើន ដូច្នេះការអានដូចជាទឹកហូរ ឯការសរសេរដូចជាទឹកហូរបញ្រ្ចាស។

គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនការអានរបស់និស្សិត មានការកើនឡើងគួរឱ្យកត់សម្គាល់។ នេះយោងទៅតាមគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ចំនួនតួលេខអ្នកចូលរួមនៃកម្មវិធីពិព័រសៀវភៅគឺ១៧ម៉ឺន ដែលធៀបទៅឆ្នាំទៅគឺជាង១៣ម៉ឺននាក់។ម្យ៉ាងវិញទៀត នៅតាមបណ្ដាគ្រឹះស្ថានសិក្សានានា តម្រូវឱ្យសិស្សនិស្សិតអានសៀវភៅឱ្យបានច្រើនក្នុងការពង្រឹងចំណេះដឹងទូទៅ និងយល់ដឹងបានច្រើន ដែលអាចឱ្យពួកគាត់យល់ពីអត្ថប្រយោជន៍នៃការអានសៀវភៅ ពិតជាមិនអាចរំលងបានឡើយ៕

ពាក្យទាក់ទង: ការអាន
Khcct banner

អត្ថបទទាក់ទង