Yearendyearend1140x150

ទូតចិន៖ឆ្នាំ ២០២១ជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ៣០ ធ្នូនេះ បានផ្ញើសារអបអរសាទរឆ្នាំថ្មីសកល ២០២១ ដោយក្នុងសារនោះឯកឧត្តម Wang Wentian បានចាត់ទុកឆ្នាំ ២០២១ជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។ 

សូមអាចខ្លឹមសារទាំងស្រង់របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដូចតទៅ៖

មិត្តភក្តិទាំងអស់ជាទីមេត្រី! ក្នុងឱកាសឆ្នាំថ្មី ២០២១ នឹងខិតជិតមកដល់ ខ្ញុំសូមតំណាងឲ្យស្ថានទូតចិនប្រចាំកម្ពុជា សូមសម្តែងនូវគារវកិច្ចដោយស្មោះសម្រាប់ឆ្នាំថ្មីនេះជូនចំពោះប្រជាជនកម្ពុជា បងប្អូនជនជាតិខ្មែរជាប់សែស្រឡាយចិន និយោជិកនៃក្រុមហ៊ុនចិន សាស្រ្តាចារ្យនិងអ្នកជំនាញដែលជាជំនួយមកកាន់កម្ពុជា សិស្សនិស្សិតចិន និងមិត្តភក្តិទាំងអស់ដែលតែងយកចិត្តទុកដាក់និងគាំទ្រដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងកម្ពុជា។

ឆ្នាំ ២០២០ គឺជាឆ្នាំដែលពុះពារខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ។ ពិភពលោកបានឈានដល់ដំណាក់កាលនៃការផ្លាស់ប្តូរដ៏ច្របូកច្របល់។ នយោបាយអំណាច គំនិតសង្គ្រាមត្រជាក់ ឯកតោភាគីនិយម និងការគាំពារនិយមមានសភាពក្នុងដំណើរបញ្ច្រាសនិងទទឹង។ ជំងឺវីរុសកូវីដ-១៩បានបង្កជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដល់សុខសុវត្ថិភាពអាយុជីវិតនៃមនុស្សជាតិ។ ទន្ទឹមនឹងនេះ ស្ថានភាពអន្តរជាតិកំពុងតែមានការវិវត្តយ៉ាងខ្លាំង រីឯការបដិវត្តបច្ចេកវិទ្យាថ្មីនិងការផ្លាស់ប្តូរវិស័យឧស្សាហកម្មថ្មីកំពុងតែរៀបចំខ្លួនរួចជាស្រេចសម្រាប់ដំណើរឆ្ពោះទៅមុខ ហើយការយល់ដឹងកាន់តែស៊ីជម្រៅរបស់សង្គមមនុស្សជាតិស្តីអំពីសុខភាពសុវត្ថិភាព កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ព្រមទាំងសហគមន៍ជោគវាសនារួមគ្នា។ គំនិតនៃការជំរុញកសាងគំនិតលើកកម្ពស់ទំនាក់ទំនងអន្តរជាតិទម្រង់ថ្មី និងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិត្រូវបានចាក់ឫសកាន់តែជ្រៅក្នុងក្រអៅបេះដូងរបស់មនុស្សគ្រប់រូប។

ឆ្នាំ ២០២០ គឺជាឆ្នាំដែលមិនធម្មតាបំផុតក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រឈមមុខជាមួយការរីករាលដាលដ៏ខ្លាំងក្លានៃជំងឺវីរុសនិងបរិយាកាសខាងក្រៅកាន់តែស្មុគស្មាញឡើង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមាន ឯកឧត្តម Xi Jinping ជាស្នូលបានគ្រប់គ្រងនិងទទួលខុសត្រូវលើស្ថានភាពទាំងស្រុង និងរៀបចំយុទ្ធសាស្រ្តក្នុងការទប់ទល់ជាមួយនឹងជំងឺមួយនេះ ដឹកនាំប្រជាជនចិនរាប់រយលាននាក់ខិតខំពុះពាររាល់ការលំបាកទាំងឡាយ ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រក្សាជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការអភិវឌ្ឍន៍។ ប្រទេសចិនបានគ្រប់គ្រងលើការរីករាលដាលជាទ្រង់ទ្រាយធំនៃជំងឺវីរុសមុនគេបង្អស់។ សេដ្ឋកិច្ចចិនបានស្តារសាជាថ្មី និងងើបឡើងវិញក្នុងលំដាប់ជួរមុខនៅលើពិភពលោក បានក្លាយជាតួសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់នៅលើពិភពលោកដើម្បីសម្រេចបាននូវកំណើនវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ។ បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការកាត់បន្ថយភាពក្រីក្ររបស់ចិន ត្រូវបានបញ្ចប់ដូចតាមការគ្រោងទុក ហើយបានយកជម្នះក្នុងការកសាងសង្គមដែលមានប្រជាជនរស់នៅក្នុងជីវភាពធូរធារបង្គួរ ក៏ទទួលបានសមិទ្ធផលផ្លែផ្កាប្រកបដោយភាពសម្រេច។ ការស្តារឡើងវិញដ៏អស្ចារ្យនៃជនជាតិចិនបានបោះជំហានយ៉ាងធំនិងថ្មីមួយទៀត។

ឆ្នាំ ២០២០ គឺជាឆ្នាំដែលទំនាក់ទំនងរវាងចិននិងកម្ពុជាត្រូវបានបន្តកាន់តែស៊ីជម្រៅនិងមានការអភិវឌ្ឍខ្លាំង។ ស្ថិតក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ចិននិងកម្ពុជាបានដកដង្ហើមរួមគ្នា ពុះពារការលំបាកជាមួយគ្នា ហើយការកសាងសហគមន៍ជោគវាសនារួមទទួលបានសមិទ្ធផលយ៉ាងច្រើនជាទីគាប់ចិត្ត។ ឯកឧត្តម ប្រធានាធិបតី Xi Jinping បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនដល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាមិត្តភាពដ៏ជិតស្និទ្ធបំផុតរវាងប្រទេសទាំងពីរ។ ការបំពេញទស្សនកិច្ច “ក្នុងដំណើរបញ្ច្រាស” របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានយកសកម្មភាពជាក់ស្តែង ដើម្បីបង្ហាញកាន់តែច្បាស់អំពីខ្លឹមសារស្នូលចម្បងនៃសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ដែលបានពុះពាររាល់ការលំបាកជាមួយគ្នា។ ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងចិននិងកម្ពុជាលើកទី ៥ បានយ៉ាងជោគជ័យ និងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជារបស់

ឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋចិន បានចូលរួមជាកម្លាំងជំរុញថ្មីក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាដែលស្ថិតក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩។ ការចុះហត្ថលេខាជាផ្លូវការលើ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានបើកនូវចក្ខុវិស័យយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទាំងពីរប្រទេស។ លំហាត់សមយុទ្ធ នាគមាស នៃកងទ័ពទាំងពីរប្រទេសត្រូវបានធ្វើឡើងតាមការគ្រោងទុក បានបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងកងទ័ពទាំងពីរក៏ដូចជាវិស័យនៃការអនុវត្តច្បាប់។ ទំនាក់ទំនងរវាងចិននិងកម្ពុជាត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតក្រោយពីការសាកល្បងនៃជំងឺវីរុសកូវីដ-១៩។

ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស។ ឆ្នាំ ២០២១ កំពុងតែរំកិលខ្លួនមកកាន់យើងបន្តិចម្តងៗ។ឆ្នាំ ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណៈបក្សកុម្មុយនិស្តចិន ក៏ជាឆ្នាំនៃការចាប់ផ្តើម ផែនការ ៥ ឆ្នាំលើកទី ១៤ របស់ចិនផងដែរ។ ប្រទេសចិននឹងចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសទំនើបកម្មសង្គមនិយមយ៉ាងគ្រប់ជ្រុងជ្រោយ និងបោះជំហានឆ្ពោះទៅរកគោលដៅ ១០០ ឆ្នាំទី ២ ។ ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមាន ឯកឧត្តម Xi Jinping ជាស្នូលនឹងឈរលើដំណាក់កាលនៃការអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី និង

កសាងលំនាំនៃការអភិវឌ្ឍន៍ថ្មី ដើម្បីធានាបានដំណើរចាប់ផ្តើមយ៉ាងល្អប្រសើរសម្រាប់ការអភិវឌ្ឍសម័យកាល ផែនការ ៥ ឆ្នាំលើកទី ១៤ ! ប្រទេសចិននឹងបន្តជំរុញការទូតប្រទេសធំដែលមានលក្ខណៈពិសេសនៃចិន បង្កើនល្បឿននៃការកសាង ខ្សែក្រវាត់និងផ្លូវ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់កាន់តែស្អិតរមួត ចូលរួមចំណែកថ្មីសម្រាប់ស្ថេរភាពសន្តិភាពក្នុងតំបន់ យុត្តិធម៌និងសច្ចធម៌លើឆាកអន្តរជាតិ និងព្រមទាំងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

ឆ្នាំ ២០២១ គឺជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងចិននិងកម្ពុជា។ មិនថា ស្ថានភាពអន្តរជាតិមានការផ្លាស់ប្តូរយ៉ាងណាក្តី ចិននិងកម្ពុជានឹងជំរុញការកសាងសហគមន៍ជោគវាសនារួមយ៉ាងម៉ឺងម៉ាត់ បន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលទាក់ទងនឹងអត្ថប្រយោជន៍ស្នូលប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុស បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានាកាន់តែស៊ីជម្រៅ ដោយស្របតាមកុងសុងស៊ីសដែលបានកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីចិននឹងពន្លឿននីតិវិធីនៃការត្រួតពិនិត្យ ដើម្បីទទួលបានការអនុម័តកាន់តែឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា។ ភាគីចិននឹងពន្លឿនការអនុវត្តគម្រោងឃ្លាំងស្តុកស្រូវនិងគ្រឿងបរិក្ខារសម្ងួតដែលជាជំនួយជូនដល់ភាគីកម្ពុជា ដើម្បីជួយ

ដល់ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់របស់កម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនកាន់តែច្រើន។ ភាគីចិននឹងបន្តលើកទឹកចិត្តក្រុមហ៊ុនចិនកាន់តែច្រើនមកវិនិយោគក្នុងប្រទេសកម្ពុជា ជំរុញកាន់តែឆាប់រហ័សលើគម្រោងវិនិយោគធំៗជាច្រើនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្ត

ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប និងគម្រោងស្ថានីយអគ្គិសនីក្នុងថាមពល 2x35០MW ជាដើម។ ប្រទេសចិនរីករាយបន្តជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់វិស័យសន្តិសុខយោធានៃទ្វេភាគីជាមួយភាគីកម្ពុជា បង្ក្រាបសកម្មភាពបទល្មើសឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងពលរដ្ឋចិន មានដូចជាការលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតជាដើម ដើម្បីបង្កើតអត្ថប្រយោជន៍កាន់តែច្រើនជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

ជាចុងក្រោយ ខ្ញុំសូមជូនពរមិត្តភក្តិទាំងអស់គ្នា រីករាយឆ្នាំថ្មី !

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង