Yearendyearend1140x150
Img 0571

រដ្ឋាភិបាលប្រកាសបិទ«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»ដោយឈរលើមូលហេតុសំខាន់៣

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី២៩ធ្នូនេះ បានប្រកាសបិទបញ្ចប់«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» បន្ទាប់ពីអ្នកជំងឺ៤១នាក់ បានជាសះស្បើយជាបន្តបន្ទាប់ ហើយនៅសល់តែ៣នាក់ប៉ុណ្ណោះ។ ទន្ទឹមនេះសម្តេចក៏បានលើកឡើងនូវមូលហេតុ៣សំខាន់ដែលអាចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍នេះ។ ការថ្លែងរបស់សម្តេច ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងសុន្ទរកថាសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ ( សហគមន៍ ២៨ វិច្ឆិកា ) និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ។

សម្តេច ហ៊ុន សែន បានថ្លែងពីទីក្រុងតាខ្មៅនាព្រឹកថ្ងៃនេះថា ក្នុងការប្រកាសបិទនៃព្រឹត្តិការណ៍នេះ រដ្ឋាភិបាលកម្ពុជាបានយកឈ្នះនូវមូលហេតុ៣មាន មូលហេតុទី១គឺ រដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងបានហើយសម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយមិនមានរកឃើញនូវអ្នកវិជ្ជមានកូវីដ១៩ក្នុងរយៈពេល១៤ថ្ងៃ ហើយមកដល់ពេលនេះក្រសួងសុខាភិបាលក៏បានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយនៅក្នុង៤១នាក់ហើយបានជាសះស្បើយចំនួន៣៧នាក់។ ក្រៅពីនោះអ្នកដែលត្រូវយកសំណាកម្សិលមិញនៅសល់តែ៨នាក់ប៉ុណ្ណោះ។

មូលហេតុទី២ករណីផ្ទុះនៅកូវីដ១៩នៅប្រទេសថៃយើងអាចគ្រប់គ្រងស្ថានភាពបាន ទាំងពីផ្នែកទាំងរដ្ឋាភិបាលថៃ និងកម្ពុជាខ្លួនឯង ហើយមានការចូលរួមយ៉ាងសស្រាក់សស្រាប់ពីសំណាក់អាជ្ញាធរនៅតាមបណ្តាខេត្ត និងកម្លាំងប្រដាប់អាវុធនៅតាមទល់ដែន និងគ្រូពេទ្យទាំងឡាយដែលបានចាត់បញ្ចូនទៅកាន់ទីនោះដើម្បីធ្វើតេស្តដល់ប្រជាពលរដ្ឋ។

មូលហេតុទី៣ សល់តែការគ្រប់គ្រងអ្នកដំណើរតាមយន្តហោះរៀងរាល់ថ្ងៃ ដែលមានការរកឃើញខ្លះ ដូចជាករណីថ្ងៃទី២៧ធ្នូ មានករណីវិជ្ជមានមួយដែលជាជនជាតិឥណ្ឌូនេស៊ី ហើយដែលមកតាមប្រទេសសឹង្ហបុរី រដ្ឋាភិបាលរំពឹងថានឹងមិនមានករណីឆ្លងពីក្រៅប្រទេស ប៉ុន្តែរដ្ឋាភិបាលមិនមានជម្រើស ពោលគឺមិនកម្ពុជាមិនអាចបិទការនាំចូលមកក្នុងប្រទេសបានទេ។

ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា បញ្ហាសំខាន់ជាងនេះ ត្រូវធ្វើការគ្រប់គ្រងឲ្យបានណែន ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ប្រទេសមួយចំនួនបានបិទជើងហោះហើរពីប្រទេសអង់គ្លេស ប៉ុន្តែប្រទេសកម្ពុជាក៏មិនចាំបាប់ប្រកាសបិទដែរ ព្រោះគ្មានជើងហោះហើរអង់គ្លេសហោះត្រង់មកកម្ពុជាទេ ហើយកម្ពុជាមិនត្រូវរើសអើងជនជាតិអង់គ្លេសនោះដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៤នាក់ (ស្រី៨៧នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់)អ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់(ស្រី ៨៦នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ០៤នាក់(ស្រី០១នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០៣នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០១នាក់ (ស្រី០០នាក់)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង