Yearendyearend1140x150
Img 0571

អ្នកនាង សាន ស៊ីណា កូនខ្មែរសញ្ជាតិអាមេរិកប្រាប់ពីបទពិសោធន៍«គូសប្លង់កាត់ត»ក្នុងភាពយន្តHollywood

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អ្នកនាង សាន ស៊ីណា ជនជាតិកម្ពុជាដំបូងគេដែលបានឈ្នះរង្វាន់ Emmy Awardនៅឆ្នាំ២០១៧

អាមេរិក៖ អ្នកនាង សាន ស៊ីណា ជាកូនខ្មែរសញ្ជាតិអាមេរិកមួយរូប បច្ចុប្បន្នមានអាយុ ៤០ឆ្នាំ ដែលបានចាប់ផ្តើមការងារជាសិល្បករផលិតហ្គេមវីដេអូផ្សេងៗនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ២០០០មកម្ល៉េះរហូតដល់បច្ចុប្បន្ន។ អ្នកនាងមានស្នាដៃជាច្រើនដូចជា បង្កើតរូបភាពបែបឌីជីថល 3D គំនូរជីវចល គំនូរសិល្បៈនានា ដែលមានបទពិសោធន៍ការងារក្នុងវិស័យភាពយន្តនៅ Hollywood រហូតដល់បច្ចុប្បន្ន។ ក្រុមអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ បានធ្វើការសម្ភាសន៍តាមសារអេលិចត្រូនិកជាមួយអ្នកនាងសាន ស៊ីណា អំពីដំណើរជីវិតតស៊ូរបស់ខ្លួនក្នុងវិស័យការងារភាពយន្តនៅអាមេរិក ដែលអាចសាងកេរ្តិ៍ឈ្មោះល្អមួយសម្រាប់ខ្លួនឯងក៏ដូចជាតំណាងឱ្យកូនខ្មែរ ពោលគឺជាមោទនភាពរបស់ប្រជាជនខ្មែរទាំងមូល។

ពានរង្វាន់អេមមី (Emmy Award) ជារង្វាន់ប្រចាំឆ្នាំដើម្បីអបអររាល់ស្នាដៃកម្មវិធីច្នៃប្រឌិតផ្សេងៗ និងមាតិកាទូរទស្សន៍នានាជាដើម។ តួយ៉ាងដូចជា ស្នាដៃរបស់អ្នកនាង សាន ស៊ីណា ក្នុងការគូសប្លង់កាត់ត (Visual Effects) ក្នុងភាពយន្តហូលីវូដជាដើម ដែលស្នាដៃរបស់អ្នកនាង ស៊ីណា ជាជនជាតិកម្ពុជាដំបូងគេដែលបានឈ្នះរង្វាន់ Emmy Award ដែលជាកម្មវិធីល្អបំផុតប្រចាំឆ្នាំ ហើយវាគឺជាក្លឹបមួយផ្សេងទៀតនៅក្នុងហូលីវូដ ដូចជាការឈ្នះពានរង្វាន់អូស្ការសម្រាប់ខ្សែភាពយន្តផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ អ្នកនាង សាន ស៊ីណា បានថ្លែងថា នៅឆ្នាំ២០១៧ ដែលអ្នកនាងបានឈ្នះរង្វាន់អេមមី (Emmy Award) បានផ្តល់ឱ្យអ្នកនាងក៏ដូចជាអ្នកផ្សេងទៀតដែលបានទទួលរង្វាន់នេះ មានឱកាសកាន់តែច្រើនថែមទៀតនៅថ្ងៃខាងមុន ហើយការផ្ដល់កិត្តិយសឱ្យខ្លួនបានទទួលពានរង្វាន់នេះវាជាផ្នែកមួយនៃប្រវត្តិសាស្ត្រក្នុងវិស័យភាពយន្តហូលីវូដ។ក្តីសង្ឃឹមរបស់អ្នកនាង គឺចង់ឃើញប្រជាជនកម្ពុជាកាន់តែច្រើនចូលរួមក្នុងសិល្បៈច្នៃប្រឌិត និងវិទ្យាសាស្ត្រ។

ដំណើរជីវិតរបស់អ្នកនាង សាន ស៊ីណា បានចាប់ផ្ដើមដំបូងមានស្រុកកំណើតនៅជំរុំ«ខាវអ៊ីដាង»ជាទីកន្លែងសម្រាប់ជនភៀសខ្លួនកម្ពុជា ដើម្បីស្នាក់អាស្រ័យបន្ទាប់ពីរត់គេចពីសង្គ្រាមកាលពីឆ្នាំ១៩៧៩-១៩៨០ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប្រាជិនបូរី ប្រទេសថៃ។ កាលនោះអ្នកមួយចំនួនដែលធ្លាប់រស់នៅក្នុងជំរុំនេះ បានចាកចេញទៅរស់នៅប្រទេសផ្សេងដូចជា អូស្ត្រាលី អាមេរិក និងអឺរ៉ុបជាដើម។ ជាមួយគ្នានោះដែរក្នុងឆ្នាំ១៩៨៣ ក្រុមគ្រួសាររបស់អ្នកនាង សាន ស៊ីណា ដែលបានចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកផងដែរ។

ទំរាំតែបានធំធាត់នៅសហរដ្ឋអាមេរិក អ្នកនាង សាន ស៊ីណា ប្រាប់ថា វាមិនងាយស្រួលទេ។ កាលនោះ ប្រជាជនកម្ពុជាភាគច្រើន ត្រូវប្រឈមមុខនឹងភាពខ្វះខាត ធនធានហិរញ្ញវត្ថុ ប្រាក់ចំណូលប្រចាំថ្ងៃ និងការប្រើប្រាស់ភាសាទំនាក់ទំនង ហើយមួយវិញទៀតគឺ មិនទាន់ចេះសម្របខ្លួនទៅមជ្ឈដ្ឋាន និងវប្បធម៌របស់សាសន៍គេផងដែរ។ ចំពោះការសិក្សានៅសាលាវិញនៅទីនោះ វាពិតជាមានការពិបាកណាស់សម្រាប់អ្នកនាង ក៏ព្រោះតែមិនសូវចេះភាសាហើយក៏ក្លាយជាបញ្ហាការនិយាយស្ដី មិននិយាយច្រើន ហើយត្រូវបានគេធ្វើបាប និងសម្លុតច្រើន តាំងពីកាលនៅក្មេង។

កាលពីអាយុ០៤ឆ្នាំ អ្នកនាង សាន ស៊ីណា បានទទួលឈុតគូល័រផាត់ពណ៌ដំបូងដែលគេជូនជាកាដូ។ លុះក្រោយៗមក ក៏ចាប់ផ្តើមស្រលាញ់សិល្បៈ និងមានបំណងចង់ក្លាយជាប្រធានផ្នែកសិល្បៈ និងបង្កើតចំណងជើងសៀវភៅកំប្លែងផ្ទាល់ខ្លួន និងក្លាយជាសិល្បករដ៏ល្បីម្នាក់។ ឪពុកជាអ្នកគាំទ្រជាងគេ បន្ទាប់មកម្ដាយរបស់អ្នកនាង។ អ្នកនាង ស៊ីណា ជឿជាក់លើចក្ខុវិស័យរបស់ខ្លួន ក៏ដូចជាអ្នកមានគុណទាំងពីរតែងតែខិតខំធ្វើការរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់កូនផងដែរ។

អ្នកនាង ស៊ីណា ប្រាប់ថា ក្ដីស្រឡាញ់ចំពោះសិល្បៈបានជួយឱ្យស្គាល់ពីខ្លួនឯងច្បាស់ ថាតើខ្លួនចង់ធ្វើអ្វីឱ្យប្រាកដ។ រៀងរាល់ថ្ងៃ អ្នកនាងមិនដែលមានអារម្មណ៍ឯកាឡើយ ព្រោះសិល្បៈជាអ្នកកំដររហូតហើយឱ្យតែពេលទំនេរពីការសិក្សា អ្នកនាងបានចំណាយពេលច្រើនម៉ោង នៅក្នុងបន្ទប់ស្ទូឌីយោផ្ទាល់ខ្លួនក្នុងការហាត់រៀនបង្កើតផ្នែកសិល្បរចនា គំនូរជីវចល និងគំនូរផ្សេងៗ។ ស្នាដៃរបស់សៀវភៅកំប្លែង ដូចជារឿង X-Men, Spawn, DC រឿងកំប្លែង និងគំនូរជីវចល គឺជាឥទ្ធិពលដ៏ធំធេងនៃស្នាដៃសិល្បៈរបស់ខ្លួនដែលបានដាក់ក្នុងគំនូរជីវចលរបស់ Disney ប៉ុន្តែក៏មានខ្លះស្ថិតក្នុងខ្សែភាពយន្តហូលីវូតផងដែរ ដូចជា Edward Scissors Handsផងដែរ។

ក្រោយមក អ្នកនាង ស៊ីណា ក៏បានទទួលអាហារូបករណ៍១០០ភាគរយ នៅវិទ្យាស្ថានសិល្បៈមួយកន្លែង (Art institute of Los Angeles) នៅពេលនោះវាជាសាលាសិល្បៈដំបូងគេដែលបង្រៀនគំនូរជីវចល 3D នៃរដ្ឋឡូសអាន់ជ័រលេស (Los Angeles) សហរដ្ឋអាមេរិក រួចក៏ទៅរៀនបន្តកម្រិតខ្ពស់បន្ថែមនៅសាលា Art Center College of Design ទៀត។

អ្នកនាង សាន ស៊ីណា បានចាប់ផ្តើមជាសិល្បករ 3D បង្កើតហ្គេមវីដេអូ PlayStation និងគំនូរជីវចល នៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ ។ បន្ទាប់មកក្នុងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ អ្នកនាង សាន ស៊ីណា ក៏ក្លាយជាអ្នករចនាគំនិតឯករាជ្យម្នាក់ (Freelance Concept Designer)។ ហើយបានបន្តធ្វើការលើខ្សែភាពយន្តដំបូងក្នុងឆ្នាំ២០០៨ បន្ទាប់មកធ្វើការនៅតាមខ្សែភាពយន្តតាមទូរទស្សន៍ ហើយបន្តអាជីពជាអ្នក រហូតមកដល់បច្ចុប្បន្ននេះផងដែរ ។

នៅឆ្នាំ២០១២ អ្នកនាង ស៊ីណា បានចូលរួមជាមួយក្រុមហ៊ុន startup VFX company ត្រូវបានគេផ្តល់ឱកាសឱ្យបញ្ចេញស្នាដៃរចនា និងបង្ហាញនូវអ្វីដែលខ្លួនអាចធ្វើបាន នៅក្នុងខ្សែភាពយន្ត Gotham បានក្លាយជា គម្រោងតែមួយគត់ដំបូងបង្អស់ដែលស្ទូឌីយោបានបង្កើត។ ហើយអ្នកនាងត្រូវបានតែងតាំងជាអ្នករចនាឈានមុខគេលើគម្រោងនេះរហូតមានដំណើរការល្អ និងរីកចម្រើនជាមួយនឹងក្រុមហ៊ុន និងបានក្លាយជាអ្នកបង្កើតភាពច្នៃប្រឌិតផង (Creative Producer) និងជានាយកច្នៃប្រឌិត(Creative Director)ផងដែរប្រចាំស្ទូឌីយោធំចំនួនពីរប្រចាំការនៅទីនោះ។

បន្ទាប់ពីត្រឡប់មកពីកម្ពុជា នៅក្នុងឆ្នាំ២០១៨ អ្នកនាង សាន ស៊ីណា ពិតជាចាប់អារម្មណ៍ខ្លាំងមែនទែន ដែលបានឃើញយុវជនខ្មែរមានគំនិតបង្កើត និងនិពន្ធសិល្បៈបទចម្រៀង និងតន្ត្រីOriginal ដោយខ្លួនឯង ខណៈពេលនោះទើបបានដឹងថា ខ្លួនបានបំភ្លេចចោលនូវអ្វីដែលខ្លួនចង់ធ្វើ ដោយភ្លេចពីក្តីសុបិន្ត និងគោលដៅផ្ទាល់ខ្លួន ស្របពេលដែលកំពុងធ្វើការឱ្យអ្នកដទៃទៀត។ ក្នុងឆ្នាំ២០១៩ អ្នកនាង ស៊ីណា ក៏បានត្រឡប់មកកម្ពុជាម្តងទៀត ក្នុងដំណើរទស្សនកិច្ចកំសាន្ត និងចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជាផងដែរ។ ពេលនោះហើយ អ្នកនាង សាន ស៊ីណា បានសម្រេចចិត្តបង្កើតក្រុមហ៊ុនផលិតកម្មផ្ទាល់ខ្លួន។ នេះគឺជាកម្លាំងជំរុញទឹកចិត្តរបស់យុវជនខ្មែរមកដល់សិល្បកររូបនេះ អាចដើរតាមក្តីសុបិន្តរបស់ខ្លួនបាន។

ស្នាដៃគម្រោងរបស់សិល្បកររូបនេះ បានធ្វើការជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលមានការទទួលស្គាល់នៅលើគុណភាពនៅក្នុងវិស័យភាពយន្ត Hollywood ដោយមានស្នាដៃ Visual effects ក្នុងភាពយន្តជាច្រើនជារឿងផ្សាយបន្តផ្ទាល់នៅប៉ុស្តិ៍ទូរទស្សន៍ដូចជារឿង The Passage (២០១៩) ,In the Life of Music(២០១៩), Westworld(២០១៨), Rush: Inspired by Battlefield(២០១៦), Agents of S.H.I.E.L.D(២០១៥), Minority Report(២០១៥), Down Dog(២០១៥), Hysteria(២០១៤), Believe(២០១៤), Almost Human(២០១៣-២០១៤), Revolution(២០១២-២០១៣), Transformers: Dark of the Moon(២០១១), The Girl with the Dragon Tattoo(២០១១), Alice in Wonderland(២០១០) និងរឿង G-Force(២០០៩)។

ជាមួយគ្នានេះដែរ អ្នកនាងក៏មានទេពកោសល្យស្នាដៃសិល្បៈ(Artwork)នៃគំនូរជីវចល និងប្លង់កាត់តនៃទេសភាពនានាក្នុងឈុតរបស់ខ្សែភាពយន្តដែលភាគច្រើនស្ថិតក្នុងស្ថានភាពពិតជាក់ស្ដែងមិនអាចទៅរួច ឬពិបាករក ដូចជាក្នុងរឿង Pacific Rim: Training Day(២០១៣) និងសិល្បៈគំនូរក្នុងហ្គេមវីដេអូដូចជា Muppets Party Cruise(២០០៣), SpongeBob SquarePants: Battle for Bikini Bottom(២០០៣) និងហ្គេម Star Trek: Deep Space Nine - Dominion Wars(២០០១) ផងដែរ។ ចំណែកស្នាដៃកាត់តប្លង់ Visual effects នៃការរចនាប្លង់នៅភាពយន្តមួយទៀតក្នុងរឿង Gotham ក្នុងឆ្នាំ ២០១៧-២០១៨ ត្រូវបានក្លាយជាសម្មតិផលមួយរបស់អ្នកនាង ដែលអាចឈ្នះរង្វាន់(Emmy Award)ផ្នែកគំនូរប្លង់កាត់តនៃភាពយន្តដែលគេទទួលស្គាល់ គាំទ្រ និងកោតសរសើរយ៉ាងខ្លាំងទៅដល់ទឹកដៃរបស់អ្នកនាង ទាំងខ្មែរ ទាំងបរទេស។

បច្ចុប្បន្ននេះ អ្នកនាង ស៊ីណា ក៏នៅតែបន្តការរៀន និងការបង្រៀនអំពីកម្មវិធីថ្មីៗ ហើយតែងតែស្វែងរកវិធីផ្សេងៗ ដើម្បីបង្កើនសមត្ថភាពជំនាញ និងស្នាដៃច្នៃប្រឌិតថ្មីៗពីមួយជំនាន់ទៅមួយជំនាន់បន្ថែមទៀត ទៅតាមលទ្ធភាពដែលអាចធ្វើបាន។ អ្វីគ្រប់យ៉ាងដែលអ្នកនាងបានគូរ និងបង្កើត ភាគច្រើនវាទាមទារឱ្យមានការស្រមើលស្រមៃ ផ្តោតលើការរចនា និងមុខងារដែលជាមូលហេតុដែលអាចទទួលបានជោគជ័យនៅក្នុងវិស័យការងាររបស់ខ្លួន ពីព្រោះអ្នកនាងតែងតែគិតពីអ្វីថ្មីៗ បង្កើតយុទ្ធសាស្ត្រថ្មីៗ និងបង្កើតផែនការ ដើម្បីពូកែគិត មានការស្រមើលស្រមៃខ្ពស់ នេះហើយជាមធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពនៃស្នាដៃការងាររបស់ខ្លួន។

អ្នកនាង ស៊ីណា ប្រាប់ថា ដើម្បីក្លាយជាសិល្បករដែលមានឥទ្ធិពលលើចក្ខុវិស័យ និងធ្វើការនៅហូលីវូត វាមិនពិបាកទេ តែវាទាមទារឱ្យត្រូវចេះរក្សាជំនាញសមត្ថភាពរបស់ខ្លួន និងចេះអភិវឌ្ឍឱ្យឈានដល់កម្រិតបន្តបន្ទាប់ទៀត។ ហើយរាល់ជោគជ័យទាំងអស់ វាចាប់ផ្តើមពីកម្លាំងចិត្តស្រលាញ់ នៅពេលដែលអ្នកធ្វើអ្វីៗដែលជំរុញឱ្យអ្នកចង់រស់នៅ និងបន្តការងារនោះឱ្យបានល្អប្រសើរទៅមុខទៀត នោះគ្មានអ្វីនឹងអាចរារាំងខ្លួនអ្នក មិនឱ្យសំរេចគោលដៅបានឡើយ។ បញ្ហាប្រឈមនឹងមានជានិច្ច មិនថាអ្នកធ្វើអ្វីក៏ដោយ ក៏ប៉ុន្តែយើងអាចធ្វើនូវអ្វីដែលខ្លួនចូលចិត្តបំផុតដែរ។

ក្នុងនាមជាស្ត្រីជនជាតិខ្មែរសហរដ្ឋអាមេរិកមួយរូប អ្នកនាង សាន ស៊ីណា ពិតជាជឿជាក់លើរឿងដែលខ្លួនបានធ្វើអ្វីកន្លងមករហូតដល់បច្ចុប្បន្ននេះ ជាទូទៅយើងត្រូវការស្ត្រីជាច្រើនទៀតនៅក្នុងវិស័យការងារផ្នែកសិល្បៈ និងការរចនាម៉ូដ ការគូរប្លង់ជាដើម។ អ្នកនាងអាចជួយនាំការរចនាម៉ូដខ្មែរទៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងជួយទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិដល់ប្រទេសកម្ពុជា និងផ្តល់ការយល់ដឹងដល់សហគមន៍ពិភពលោកអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែរក្សាប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែអាចចាប់ផ្តើមធ្វើជាមួយវិស័យសិល្បៈតន្រ្តី ខ្សែភាពយន្ត និងអ្វីៗជាច្រើនទៀតផងដែរ។

អ្នកនាង ស៊ីណា ថា ដោយក្រឡេកមើលហួសអគារថ្មីដែលបាន និងកំពុងត្រូវបានសាងសង់បន្ថែម ប៉ុន្តែក៏ក្រឡេកមើលអ្វីដែលនៅសេសសល់ក្រោយពីសង្គ្រាមមក។ ប្រជាជនកម្ពុជាក៏គួរតែដឹងដែរថា អគារមួយចំនួនដែលមាននៅក្នុងរាជធានីភ្នំពេញដូចជា «ពហុកីឡដ្ឋានជាតិអូឡាំពិក» មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ គឺជានិមិត្តរូបមួយផងដែរហើយវាជាក្ដីអាម៉ាស់មួយ ចំពោះកូនខ្មែរមួយចំនួនមិនដឹងរឿងនេះ ថាវាពិតជាអស្ចារ្យយ៉ាងណានៃសិល្បៈរបស់ជាតិ ដែលត្រូវបានគូរប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បី មានកន្លែងជាច្រើនទៀតនៅក្នុងទីក្រុង ដើម្បីថតខ្សែភាពយន្តដែលមានលក្ខណៈពិសេស និងអស្ចារ្យខុសពីប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

យ៉ាងណាមិញ សិល្បកររូបនេះ ពិតជាមានមោទនភាពណាស់ចំពោះប្រជាជនកម្ពុជានូវអ្វីដែលបានចេញពីប្រទេសកម្ពុជា។ អ្នកនាងសូមអរគុណដល់យុវជនខ្មែរ ដែលប្រឹងប្រែងបានបោះជំហានទៅមុខ មានចក្ខុវិស័យវែងឆ្ងាយល្អណាស់ តែងតែជឿជាក់លើផ្លូវជីវិតដែលពួកគាត់បានរើស ឧទាហរណ៍ជាសិល្បករ និងអ្នកច្នៃប្រឌិតជាច្រើនរូប។ ហើយបើសិនប្រជាជនកម្ពុជាទាំងអស់គាំទ្រ និងជឿជាក់នូវអ្វីដែលជារបស់ជាតិសាសន៍ខ្លួនច្រើនឡើងៗ នោះអនាគតនៃសិល្បៈផ្នែកការរចនាបែបខ្មែរ និងអ្វីៗផ្សេងទៀតដែលយុវជនខ្មែរអាចធ្វើបាន នោះវិស័យការងារនៃសិល្បៈខ្មែររីកចម្រើន។ អ្នកនាងពិតជារំភើបចំពោះអនាគតនៃប្រទេសកម្ពុជា៕

ស្នាដៃកាត់តប្លង់ Visual effects នៃការរចនាប្លង់នៅភាពយន្តរឿង Gotham ដែលអាចឈ្នះរង្វាន់ អេមមី (Emmy Award)ក្នុងឆ្នាំ ២០១៧ (រូបភាពដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក  

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywood រឿង Gotham នៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា) 


អ្នកនាង សាន ស៊ីណា ជនជាតិកម្ពុជាដំបូងគេដែលបានឈ្នះរង្វាន់ Emmy Awardនៅឆ្នាំ២០១៧
ពានរង្វាន់អេមមី (Emmy Award) ជារង្វាន់ប្រចាំឆ្នាំ ដើម្បីអបអររាល់ស្នាដៃកម្មវិធីច្នៃប្រឌិតផ្សេងៗ និងមាតិកាទូរទស្សន៍នានានៅឆ្នាំ២០១៧

ស្នាដៃការរចនា និងការកាត់តប្លង់ Visual effects របស់អ្នកនាង សាន ស៊ីណា នៃការរចនាប្លង់នៅភាពយន្ត Hollywoodនៅអាមេរិក

(រូបភាពដើមដោយ៖ អ្នកនាង សាន ស៊ីណា)
ស្នាដៃកាត់តប្លង់ Visual effects នៃការរចនាប្លង់នៅភាពយន្ត (រូបភាពដោយ៖ អ្នកនាង សាន ស៊ីណា) 
ស្នាដៃកាត់តប្លង់ Visual effects នៃការរចនាប្លង់នៅភាពយន្ត ភ្នាក់ងារ Agents of S.H.I.E.L.D ក្នុងឆ្នាំ២០១៥
(រូបភាពដោយ៖ អ្នកនាង សាន ស៊ីណា) 


អ្នកនាង សាន ស៊ីណា
ពានរង្វាន់អេមមី (Emmy Award) ជារង្វាន់ប្រចាំឆ្នាំ ដើម្បីអបអររាល់ស្នាដៃកម្មវិធីច្នៃប្រឌិតផ្សេងៗ និងមាតិកាទូរទស្សន៍នានានៅឆ្នាំ២០១៧
អ្នកនាង សាន ស៊ីណា ពេលត្រឡប់មកកម្ពុជាលើកទី២ ក្នុងឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចកំសាន្ត និងចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជា
អ្នកនាង សាន ស៊ីណា ពេលត្រឡប់មកកម្ពុជាលើកទី២ ក្នុងឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចកំសាន្ត និងចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជា
(រូបភាពដោយ៖ អ្នកនាង សាន ស៊ីណា) 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង