Cct850x100 1
1800px x h300px kh

កម្ពុជាដាក់គោលដៅចាក់វ៉ាក់សាំងប្រឆាំងកូវីដជូនពលរដ្ឋប្រមាណ១០លាននាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនឱ្យបានប្រមាណ១០លាននាក់នាពេលខាងមុខ។ ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ជាមួយដៃគូពាក់ព័ន្ធនានា នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០នេះ។

លោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនឱ្យបានប្រមាណ១០លាននាក់ ដោយក្នុងនោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility ) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាន នាក់។

ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាន នាក់ ទៀត ដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយ ផ្គត់ផ្គង់ ពី ដៃគូ អភិវឌ្ឍន៍ផ្សេងទៀត និង ដោយ ការធ្វើលទ្ធកម្ម ទិញ ដោយរាជរដ្ឋាភិបាលផ្ទាល់។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ មានការចូលរួមពីក្រសួងសុខាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានាដូចជា អង្គការសុខភាពពិភពលោក(WHO) អង្គការយូនីសេហ្វ(UNICEF), ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា(EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើមនិងដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩និង កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។

ជាកិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សានិងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និង ពហុភាគី លើភាពគ្រប់ជ្រុងជ្រោយ និងស័ក្តសិទ្ធិភាពនៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការចាត់ចែងទិញ និងការ ផ្តល់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃ ការ ប្រើប្រាស់។

លោកវង្សី វិស្សុត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួល ស្គាល់ពី អង្គការសុខភាព ពិភពលោក តែប៉ុណ្ណោះ ទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការ ទិញផ្ទាល់ពី ក្រុមហ៊ុនផលិត និងតាមរយៈ យន្តការនៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី៕

Khcct banner

អត្ថបទទាក់ទង