Yearendyearend1140x150
Img 0571

សម្តេចហ៊ុន សែន៖«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅតែបន្ត ដោយហេតុផល៥»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៥ ធ្នូនេះ បានប្រកាសបន្តនូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយសម្តេចបានមើលឃើញពីហេតុផល៥យ៉ាងដែលមិនអាចប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះបាន។ ការថ្លែងរបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងសេចក្តីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ នៅថ្ងៃនេះ។

បើតាមសម្តេច ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលអាចគ្រប់គ្រងនៅព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាបាន ប៉ុន្តែរដ្ឋាភិបាលមិនអាចប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះបានទេ។ ការបន្តនេះ ដោយសម្តេចមើលឃើញពីហេតុផល៥យ៉ាង។ មូលហេតុទី១គឺ នៅតែបន្តរុករកអ្នកពាក់ព័ន្ធក្នុងរយៈពេល១៤ថ្ងៃ ហើយនៅពេលដែលឃើញវិជ្ជមានភ្លាមត្រូវសាកសួរទៅអ្នកពាក់ព័ន្ធ ហើយទីកន្លែងដែលបានធ្វើដំណើរ។ នៅពេលដែលដឹងពីការពាក់ព័ន្ធក្រុមការងារធ្វើប្រតិបត្តិការបន្ទាន់ទៅកាន់កន្លែងនោះ រុករកផ្តាច់ចង្កោមដោយគ្មានការធ្វេសប្រហែស។

ហេតុផលទី២ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ឬប្រយោលនៅសល់ ដែលមានអ្នកមិនហ៊ានបង្ហាញមុខ ហើយមិនហ៊ានមកធ្វើតេស្តដោយខ្លាចការធ្វើចត្តាឡីស័ក១៤ថ្ងៃ ដែលជាហានិភ័យនៃការចម្លងក្នុងសហគមន៍ ប្រសិនបើមិនព្រមធ្វើចត្តាឡីស័កដោយខ្លូនឯងនៅផ្ទះឲ្យគ្រប់ចំនួនថ្ងៃ និងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហេតុផលតី៣ អ្នកប៉ះពាល់មួយចំនួននៅមិនទាន់ដល់ថ្ងៃធ្វើតេស្តលើកទី២ ឬលើកទី៣នៅឡើយ ដោយសារទើបតែដឹងថាខ្លួនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ហើយទើបតែធ្វើតេស្តបាន១លើក ឬ២លើកប៉ុណ្ណោះ។

ចំណែក ហេតុផលទី៤ អ្នកដែលត្រូវធ្វើចត្តាឡីស័កជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៩វិច្ឆិកា រហូតដល់ថ្ងៃទី១៤ធ្នូនេះ មិនទាន់ដឹងថាការធ្វើចត្តាឡីស័កបានត្រឹមត្រូវ និងគ្រប់គ្រាន់ និងបានទៅធ្វើតេស្តបានគ្រប់ចំនួន៣ដងដែរឬទេ។ ហេតុផលទី៥ នៅតាមខេត្តមួយចំនួនមានអ្នកជំងឺបានទៅដល់មុនពេលដែលដឹងថាខ្លូនមានជំងឺកូវីដ១៩ តើអាចរកឃើញអស់ដែរឬទេ ប៉ុន្តែជួនកាលរកមិនឃើញអស់ទេប្រសិនបើមានការលាក់នេះ។

សម្តេច បានបញ្ជាក់ថា ក្នុងនាមសម្តេចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមការយោគយល់ពីប្រជាពលរដ្ឋ ដើម្បីសូមរក្សាស្ថានភាពដូចសព្វថ្ងៃមួយរយៈពេលទៀត ដើម្បីធានាឲ្យប្រាកដថា កូវីដ១៩ដែលបានឆ្លងចូលក្នុងសហគមន៍២៨វិច្ឆិកា បានផុតរលត់ពិតប្រាកដដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣១២នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥០នាក់ ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ៣៣នាក់(ស្រី ១៣នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១០នាក់ (ស្រី០៥នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៣នាក់)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង