Cct850x100 1
1800px x h300px kh

សម្ដេចហ៊ុន សែន៖ប្រាសាទអង្គរវត្តជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រាសាទអង្គរវត្ត ឬ ប្រាសាទអង្គរតូច 

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា អង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍លេខមួយនៅលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា និងស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែងនូវការអបអរសាទរខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។


សម្ដេចបានបន្តថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និង ចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូ ជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។


សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន០៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ប្រាសាទនេះជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជដ្ឋានព្រះពុទ្ធសាសនា៕

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ប្រភពរូបភាព៖ វិទ្យុមិត្តភាពកម្ពុជាចិន)


Khcct banner

អត្ថបទទាក់ទង