Cct850x100 1
1800px x h300px kh

កូវីដ-១៩៖ករណីឆ្លងក្នុងសហគមន៍ថ្មី១នាក់ និងករណីនាំចូល១នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/


ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់បន្ថែមទៀត ដែលម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងម្នាក់ទៀត ជាអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ តែជាអ្នកដំណើរពីប្រទេសជប៉ុនមកកម្ពុជា ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។


សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំណោមអ្នកឆ្លងវីរុសកូវីដថ្មីទាំងពីរនាក់នោះ មានម្នាក់ជាជនជាតិខ្មែរដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឈ្មោះ ខន ប្រសើរ អាយុ ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្លាប់បានទៅហាង Zando សាខាបឹងកេងកង ហើយបានតេស្ដឃើញលទ្ធផលវិជ្ជមានកូវីដ១៩ បន្ទាប់ពីមានករណីឆ្លងកូវីដចំនួន ០៥ករណីនៅហាង Zando សាខាបឹងកេងកងរួចមកហើយ។ ចំណែកករណីនាំចូលប្រទេសវិញរបស់បុរសជនជាតិខ្មែរម្នាក់ឈ្មោះ យ៉េ វាសនា អាយុ ២៩ឆ្នាំ ស្នាក់នៅនៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានដំណើរមកពីប្រទេសជប៉ុនចូលកម្ពុជា ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ហើយលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃចត្តាឡីស័ករបស់បុរសនេះផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺមានករណីវិជ្ជមានកូវីដ១៩។ ហើយបច្ចុប្បន្ននេះ បុរសជនជាតិខ្មែរទាំងពីរខាងលើត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ 


សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១០ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍សរុបចំនួន ៣៩នាក់ ព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៩នាក់៕


Khcct banner

អត្ថបទទាក់ទង