Yearendyearend1140x150

កម្ពុជារកឃើញករណីឆ្លងក្នុងសហគមន៍ថ្មី០៤នាក់ទៀត នៅហាង Zando និងPedro

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម/ឌី ចិន្តា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន០៤នាក់បន្ថែមទៀត ដែល២នាក់ជាភ្ញៀវទៅហាង Zando និងPedro ហើយ២នាក់ទៀតជាបុគ្កលិកធ្វើការនៅហាង Predro ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកឆ្លងវីរុសកូវីដទាំង ០៤នាក់នោះគឺ អ្នកទីមួយជាបុរសជនជាតិខ្មែរឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ ស្នាក់នៅនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកទីពីរគឺ បុរសជនជាតិខ្មែរឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ អ្នកទីបីគឺ ស្រ្តីជនជាតិខ្មែរឈ្មោះ ឡុង សុខនី អាយុ ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ អ្នកទីបួនគឺ បុរសជនជាតិខ្មែរ ឈ្មោះ ទៅ គឹមហុក អាយុ ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលទៅហាង PEDRO ដែលជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ដែលត្រូវបានរកឃើញមានវីរុសកូវីដ១៩ កាលពីថ្ងៃ ០៣ធ្នូនោះ។ លទ្ធផលធ្វើតេស្តលើសំណាកអ្នកទាំងបួននាក់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺចំនួនបីនាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងម្នាក់ទៀតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៤នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍សរុបចំនួន ៣៨នាក់ ព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៧នាក់៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង