Yearendyearend1140x150

លោក កឹម សុខា គាំទ្រគម្រោងទិញវ៉ាក់សាំងការពារកូវីដរបស់សម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេងគឺ លោកកឹម សុខា និងសម្តេច ហ៊ុន សែន

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។លោកកឹម សុខា អតីតប្រធានបក្សប្រឆាំង បានបង្ហាញការគាំទ្រចំពោះគម្រោងនេះ។

"ខ្ញុំ​សូមចូលរួមគាំទ្រដល់វិធានការនានា​ ដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ របស់រាជរដ្ឋាភិបាលកម្ពុជា​។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយ​​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយេីងដោយឥតគិតថ្លៃ"។នេះជាសាររបស់លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។

ជាមួយគ្នានេះដែរ​ លោកកឹម សុខា ក៏បានអបអរសាទរ​ និងកោតសរសើរក្រៃលែង​ ​ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ​ និងសូមលេីកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស​ មេត្តាចូលរួមជាថវិកា​សម្រាប់ទិញវ៉ាក់សាំងនេះ​ ដោយទឹកចិត្តសប្បុរសធម៌​ សាមគ្គីជាតិខ្មែរ​ ខ្មែរជួយខ្មែរ​ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩​ នេះ។

 ក្នុងនាមប្រជាពលរដ្ឋខ្មែរ​ និងក្នុងនាមលោកផ្ទាល់​ លោកសូមអំពាវនាវដល់សហគមន៍អន្តរជាតិ​ ប្រទេសអភិវឌ្ឍន៍មានធនធាន​ មានមធ្យោបាយ ជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩​នេះ​ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ​ តាមលទ្ធភាព​ ប្រកបដោយមនុស្សធម៌។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។គិតត្រឹមថ្ងៃទី៨ ខែធ្នូនេះ ចំនួនទឹកប្រាក់ដែលសប្បុរសជនបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ មានចំនួន១៨លានដុល្លារអាមេរិក។

បន្ទាប់ពីមានការប្រកាសទទួលយកថវិការពីប្រជាពលរដ្ឋពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហាញពីទឹកចិត្តរបស់ខ្លួនជាមួយរដ្ឋាភិបាលដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង