Cct850x100 1
1800px x h300px kh

រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ ជាភ្ញៀវទៅហាង Zando និង Pedro

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី០៨នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន០២នាក់បន្ថែមទៀត ដែលជាភ្ញៀវទៅហាង Zando និង Pedro ខណៈបានរកឃើញអ្នកជាសះស្បើយចំនួនម្នាក់។ 

ក្រសួងសុខាភិបាល បានឱ្យដឹងថាអ្នកផ្ទុកវិជ្ចមានចំនួន០២នាក់បន្ថែមទៀតនេះ គឺជាបុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស៊្រុន អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើសំណាកបុរសនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

បន្ថែមពីនេះ អ្នកវិជ្ជមានម្នាក់ទៀតជា ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានទៅហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

ទន្ទឹមនឹងនេះ អ្នកជាសះស្បើយម្នាក់ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង ឈ្មោះ ឈួយ សារូ អាយុ៤៥ឆ្នាំ ស្នាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ឱ្យដឹង សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៦ ធ្នូ ចំនួន២២៨ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមពីខេត្ត និងរាជធានីភ្នំពេញ ដែលធ្វើតេស្តលើកទី២ សម្រាប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ធ្នូ» សុរបមានចំនួន ២៤៨៣សំណាក់ ត្រូវបានធ្វើតេស្តវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន២នាក់ (ដែលជាអ្នកជំងឺខាងលើ) ។ ដោយឡែកមាននៅវត្ថុសំណាកចំនួន ១៦០៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃនេះ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៨ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់៕


ពាក្យទាក់ទង: កូវីដ១៩
Khcct banner

អត្ថបទទាក់ទង