Yearendyearend1140x150

សម្តេច ហ៊ុន សែន៖​ "នឹងគ្មានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នឡើយ"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅយប់រំលងអាធ្រាតថ្ងៃទី៦ ធ្នូ បានចេញមកបញ្ជាក់បន្ថែមពាក់ព័ន្ធទៅនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ក្នុងនាមជាប្រមុខរដ្ឋាភិបាល សម្តេចហ៊ុន សែន បានបញ្ជាក់ថា នឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញ។ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួនចុះផ្សាយថា សម្តេចបានស្នើទៅព្រះមហាក្សត្រដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

តាមរយៈទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។

សម្តេចបានអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និង សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៦ ធ្នូនេះ បានចេញបញ្ជាដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ត្រូវបិទអាជីវកម្ម ឬហាងទាំងឡាយណាដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ ជាមួយគ្នានេះ សម្តេចក៏បានបង្ហើបពីការត្រៀមព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ។

ប៉ុន្តែសម្តេចមិនចង់ដើរទៅដល់ជំហានបែបនេះនោះទេ ព្រោះប្រសិនបើដាក់ប្រទេសក្នុងគ្រាមានអាសន្នដូចជាបិទសេដ្ឋកិច្ចទាំងស្រង់ ហើយប្រសិនជាបិទប្រទេស ឬបិទផ្នែកណាមួយរបស់ប្រទេសដូចជា រាជធានីភ្នំពេញ ឬខេត្តណាមួយវានឹងគាំងដល់ដំណើរការសេដ្ឋកិច្ចប៉ះពាល់ដល់ដំណើរការរកស៊ីរបស់ប្រជាពលរដ្ឋ។

សម្តេចបានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាអាចជម្នះបានកម្ពុជាត្រូវខិតខំជម្នះបន្តទៀត តាមរយៈនៃការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ហើយសម្តេចសុំការយោគយល់ដល់ប្រជាពលរដ្ឋចំពោះស្ថានការណ៍បច្ចុប្បន្នថា មិនមែនសម្រាប់ជនណាមួយទេ តែសម្រាប់​សាម៉ីខ្លួនតែម្តង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង