Cct850x100 1
1800px x h300px kh

ការស្រាវជ្រាវ៖ការវិនិយោគរបស់«សហគ្រាសចិន»រួមចំណែកដ៏សំខាន់ដល់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិតកែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងកិច្ចសម្ភាសតាមវិដេអូខុនហ្វេនជាមួយ ស៊ីស៊ីថាមស៍ និងសារព៌ត៏មានផ្សេងទៀត។

ភ្នំពេញ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)បានសិក្សាស្រាវទៅលើគំរោងក្រុមហ៊ុនចិនធំៗនៅកម្ពុជា ហើយបានយល់ឃើញថាគំរោងទាំងនេះ បានអំណោយផលដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចជាតិនិងសង្គមនៅកម្ពុជា។

វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនចិននិងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិននិងកម្ពុជា៦ធំៗនៅកម្ពុជា មានដូចជាក្រុមហ៊ុនសាងសង់ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុនទំនិញរួចពន្ធ វារីអគ្គិសនី ដែលសុទ្ធសឹងជាក្រុមហ៊ុនដែលនាំមុខក្នុងវិស័យវិនិយោគនៅកម្ពុជា។

របាយការណ៍ស្រាវជ្រាវដែលចំណងជើងថា “អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសហគ្រាសចិននៅកម្ពុជា”បានសន្មត់ឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនចិនបានចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជាតាមរយៈការលើកកម្ពស់ជីវភាព ការលើកស្ទួយសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារសង្គម និងកិច្ចការមនុស្សធម៌ ដែលបានជួយកម្ពុជាកន្លងមកនេះ។

យោងតាមលោកបណ្ឌិតកែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងកិច្ចសម្ភាសតាមវិដេអូខុនហ្វេនជាមួយ ស៊ីស៊ីថាមស៍ និងសារព៌ត៏មានផ្សេងទៀតកាលពីពេលថ្មីៗនេះ ការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានចាប់ផ្ដើមពីសីហា ដល់ខែតុលា បានសិក្សាទៅលើក្រុមហ៊ុនចិននិងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិននិងកម្ពុជាចំនួន៦ រួមមានក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation , ធនាគារចិន Bank of China Phnom Penh Branch , ក្រុមហ៊ុន China road and bridge corporation និងក្រុមហ៊ុន Yunann construction Investment Holding Group ។ ក្នុងនោះក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ មាន China Huaneng Groupជាម្ចាស់ភាគហ៊ុនធំ និង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាម្ចាស់ភាគហ៊ុនធំទីពីរ។

លោកបណ្ឌិតកែវ ពិសិដ្ឋ (ខាងស្តាំ​ )ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងកិច្ចសម្ភាសតាមវិដេអូខុនហ្វេនជាមួយសារព៌ត៏មាន។

បើតាមលោកបណ្ឌិត ប្រទេសចិនគឺជាប្រទេសមួយដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា បើគិតពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៩ តួលេខទំហំវិនិយោគរបស់ក្រុមហ៊ុនចិនមានប្រមាណ១ភាគ៥ នៃចំនួនទឹកប្រាក់វិនិយោគសរុបនៅកម្ពុជា។បន្ទាប់ពីប្រទេសចិន គីក្រុមហ៊ុនវិនិយោគដែលមកពីសាធារណៈរដ្ឋកូរ៉េ អង់គ្លេស ម៉ាឡេ ជប៉ុន និង វៀតណាម ។

លោកបណ្ឌិតកែវ ពិសិដ្ឋ បានមានប្រសាសន៏ថា ខ្លឹមសាររបាយការណ៍ដែលក្រុមការងារលោកបានសរសេរឡើង គឺផ្តោតសំខាន់លើដំណើរការប្រតិបត្តិការការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងផ្ដោតលើវិធានការកាត់បន្ថយការប៉ះពាល់សង្គម និងបរិស្ថាន ការដោះស្រាយជម្លោះ ដោយខាងក្រុមប្រឹក្សាសង្កេតថាតើក្រុមហ៊ុនទាំងនោះ បានធ្វើអ្វីខ្លះដល់ការចូលរួមការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ី ហើយចំណុចសំខាន់មួយទៀតគឺ ចង់ដឹងពីការយល់ឃើញរបស់មហាជនទូទៅពាក់ព័ន្ធនឹងការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា។

លោកបណ្ឌិតបានរៀបរាប់ប្រាប់សារព៌ត៏មានផងដែរថា ក្នុងរយៈពេលស្រាវជ្រាវនេះក្រុមការងារស្រាវជ្រាវបានចុះសិក្សាដល់ទីតាំងរបស់ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ និង សាកសួរពីប្រភពដែលពាក់ព័ន្ធ មានប្រជាជន អាជ្ញាធរពាក់ព័ន្ធ ថាតើក្រុមហ៊ុនបានដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី និងផលប៉ះពាល់ផ្សេងៗតាមរបៀបណា?

ទំនប់វារីអគ្គីសនីសេសានក្រោម២។

លោកបណ្ឌិត កែវ ពិសិដ្ឋបានគូសបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវឃើញក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ មានយន្តការណ៍ច្បាស់លាស់ក្នុងការដោះស្រាយជម្លោះជាមួយប្រជាជន ដោយភាគច្រើនផ្ដល់សិទ្ធអំណាចក្នុងការសិក្សា ក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថានទៅតាមក្រសួងបរិស្ថាន ពោលជម្លោះភាគច្រើនបានដោះស្រាយចរចាគ្នាបានច្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាល។ចំណែកប្រជាពលរដ្ឋមានការយល់ស្របចំពោះសំណង និងពេញចិត្តចំពោះដំណោះស្រាយដែលក្រុមហ៊ុនផ្ដល់ជូន។

លោកបានសង្គត់ធ្ងន់ផងដែរថា បើក្រឡេកទៅមើលពីប្រយោជន៍ធំវិញ ការសាងសង់ទំនប់វារីអគ្គិសនីពិតជាបានចូលរួមជាប្រយោជន៍ដល់សង្គមជាតិទាំងមូល ពោលក្រុមហ៊ុនទាំងនោះបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមទៅលទ្ធភាព និងផ្នែកផ្សេងៗគ្នា។

ជាការព្យាករណ៍សម្រាប់ថ្ងៃអនាគត់ លោកបណ្ឌិត កែវ ពិសិដ្ឋ ដែលជាប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីយល់ឃើញថា តួនាទីនឹងទស្សនៈវិស័យរបស់ក្រុមហ៊ុនចិននៅកម្ពុជា គឺមានតួនាទីជាអ្នកនាំមុខដល់ការវិនិយោគផ្សេងៗក្នុងប្រទេសកម្ពុជា។វិទ្យាស្ថានចក្ខុវិស័យអាស៊ីសង្ឃឹមថា ថ្ងៃអនាគតក្រុមហ៊ុនចិននឹងបន្តជំរុញការការអភិវឌ្ឍប្រកបដោយចីរភាព និងបន្តកិច្ចការពារបរិស្ថាន ដោះស្រាយបញ្ហាសង្គម និងមនុស្សធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត៕


Khcct banner

អត្ថបទទាក់ទង