Cct850x100 1
1800px x h300px kh

ដំរីឈ្មោះ«ខាវ៉ាន់»ជាដំរីដ៏ឯកោបំផុតនៅលើលោកបានមកដល់កម្ពុជាហើយនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យន្តហោះដឹកដំរីឈ្មោះខាវ៉ាន់ នៅខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជា។

សៀមរាប៖ ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរា​ជាណា​ចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេស​ប៉ាគីស្ថាន​។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។

 ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន ៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាននិងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។

ជាការកត់សម្គាល់ នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុកនិងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន។រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីក្នុងនោះ«ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង