Yearendyearend1140x150

ឯកឧត្តម សួ​ស យ៉ា​រ៉ា លាប់កូវីដ-១៩ឡើងវិញ និងបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
​ឯកឧត្តម សួ​ស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ 

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៣០ វិច្ឆិកានេះ បាន​ថ្លែង​ថា តំណាងរាស្ត្រ​ដែល​ធ្លាប់​កើត​ជំងឺ​កូ​វី​ដ​១៩ ក្នុង«ព្រឹត្តិការណ៍៣វិច្ឆិកា» ហើយ​ព្យាបាល​ជា​នោះ ពេល​នេះ​រើ​ឡើង​វិញ។​សម្តេចថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចថ្លែងថា "ជំងឺនេះ (កូវីដ) មិនច្បាស់ទេ សូម្បីតែតំណាងរាស្ត្ររបស់យើងម្នាក់ដែលជាប់ក្នុង «ព្រឹត្តិការណ៍៣វិច្ឆិកា» ដែលព្យាបាលជានៅមន្ទីរពេទ្យ ឥឡូវនេះបានចាប់ផ្តើមរើឡើងវិញ ត្រូវយកគាត់ទៅមន្ទីរពេទ្យឡើងវិញ"

​បើ​ទោះបីជាសម្តេច ហ៊ុន សែន ថ្លែងមិន​បាន​បញ្ចេញ​ឈ្មោះ​ចំ ប៉ុន្តែគេអាចដឹងបានថា តំណាងរាស្ត្រដែលឆ្លងកូវីដក្នុង «ព្រឹត្តិការណ៍៣វិច្ឆិកា» មាន​តែ​ឯកឧត្តម សួ​ស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ បន្ទាប់​ពី​ឯកឧត្តមបាន​ជួប​ចាប់ដៃ​និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការ​បទេស​ហុង​គ្រី​ដែល​មាន​រោគ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០២០ ។​

ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានទាមទារឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ហើយអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុង«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»ទៅធ្វើតេស្តស្វែងរកកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងចូលសហគមន៍។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ឯកឧត្តម សួ​ស យ៉ា​រ៉ា បានចេញសញ្ញាគ្រុនក្តៅ ហើយលទ្ធផលតេស្តបង្ហាញថា ឯកឧត្តរើឡើងវិញនូវកូវីដ១៩ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានបញ្ជូនដល់មកសម្រាកនៅមន្ទីរពេទ្យ។

តែយ៉ាងណា លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា សុខភាពឯកឧត្តមល្អមិនធ្ងន់ធ្ងរទេ ហើយក្នុងអំឡុងគាត់សម្រាកក៌មិនពាក់ព័ន្ធជាមួយអ្នកដ៏ទៃដែរ។

ឯកឧត្តម សួ​ស យ៉ា​រ៉ា គឺជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលបានឆ្លងជំងឺកូវីដ១៩ពីរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានមកទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែវិច្ឆិកានេះ។អ្នកតំណាងរាស្រ្តរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី០៩ ខែវិច្ឆិកា នៅពេលធ្វើតេស្តជាលើកទី២ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ វិច្ឆិកាអ្នក​ធ្វើតេស្ត​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ៣៣៣២​សំណាក មក​ពី​៧​ខេត្ត ។ ចំណែក​អ្នក​ឆ្លង​កូ​វី​ដ​១៩ ពី​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»​គឺ​បាន​កើនឡើង​ដល់ ១៤​នាក់​ហើយ ។​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ​រហូត​ដល់​បាត់​ម្ចាស់​ការ​ចំពោះ​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» ហើយ​ថា​ក្នុង​វេលា​នេះ​មិនមែន​ជា​ពេល​ទម្លាក់​កំហុស ឬ​បន្ទោស​គ្នា​នោះ​ទេ តែ​ជា​ពេល​ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង