Yearendyearend1140x150

សម្តេច ស ខេង៖មន្ត្រីជាអ្នក«បម្រើពលរដ្ឋ»មិនមែនធ្វើការផ្អែកលើប្រយោជន៍បុគ្គលទេ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ(រូបភាព ក្រសួងមហាផ្ទៃ) 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្រើនរំលឹកដល់មន្ត្រីឱ្យខិតខំបម្រើការងារជូនប្រជាពលរដ្ឋ ហើយក្នុងនាមជាមន្រ្តីសាធារណៈ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាការធ្វើឡើងដោយផ្អែកលើផលប្រយោជន៍បុគ្គលណាមួយនោះទេ។

ថ្លែងសារចេញពីខេត្តមណ្ឌលគិរីនៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែងចែកមន្ត្រីជាពីរប្រភេទ គឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។មន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភាថ្វីដ្បិតថាមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈ ប៉ុន្តែមន្រ្តីទាំងនោះក៏បានទទួលការពិន័យតាមនីតិវិធីច្បាប់ដែរ។

បើតាមសម្តេច ចំពោះចំណាត់ការលើមន្រ្តីប្រព្រឹត្តខុសកន្លងមក គឺជាការអនុវត្តតាមភារកិច្ចក្នុងនាមជាមន្រ្តីសាធារណៈ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាការធ្វើឡើងដោយផ្អែកលើផលប្រយោជន៍បុគ្គលណាមួយនោះទេ។

សម្ដេចបានសង្កត់ធ្ងន់ថា «ជាការធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍យើងទាំងអស់គ្នា និងដើម្បីកូនចៅយើងទៅថ្ងៃអនាគត....»

គួរបញ្ជាក់ថា ការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី។ខេត្តមណ្ឌលគិរីដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនេះក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានា។

ដើម្បីលើកកម្ពស់ការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ សម្ដេចស ខេង បានផ្ដល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំផែនការប្រើប្រាស់ដីធ្លីស្របតាមការរីកចំរើនរបស់ជាតិ, ការពង្រឹងមន្រ្តី និងអាជ្ញាធមានសមត្ថកិច្ច, ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី, ការអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាដើមភាគតិច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង